អ៊ុយក្រែន ៖ បន្ទាប់ពីរុស្ស៉ី បានអះអាងថា ឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ ស្លាប់ក្នុងការធ្លាក់យន្តហោះយោធារុស្ស៉ី ដែលដឹកឈ្លើយសឹក យកទៅដោះដូរគ្នាជាមួយឈ្លើយសឹករុស្ស៉ី នោះមក មន្ត្រីអ៊ុយក្រែន បានច្រានចោលការអះអាងថា ឈ្លើយសឹកអ៊ុយក្រែន បានស្លាប់នៅក្នុងការធ្លាក់យន្តហោះ ប៉ុន្តែមិនបានបដិសេធការធ្លាក់យន្តហោះនោះទេ។

អ៊ុយក្រែន ជឿថា រុស្ស៊ី បានបង្កើតរឿងរ៉ាវនៃសោកនាដកម្មនេះ ជាការឃោសនាបំផ្លើស។ យោងតាមអ៊ុយក្រែន ថាយន្តហោះនោះទទេ នៅពេលវាត្រូវបានបាញ់ទម្លាក់ គឺមានតែសមាជិកយានិករុស្ស៊ី ប៉ុន្មាននាក់ប៉ុណ្ណោះ។ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការធ្លាក់យន្តហោះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានចែករំលែកបញ្ជីឈ្មោះអ្នកដែលសន្មតថានៅលើយន្តហោះ នៅពេលដែលវាត្រូវបានបាញ់ទម្លាក់។ ប៉ុន្តែអ៊ុយក្រែន បាននិយាយថា អ្នកដែលបានចុះបញ្ជីមួយចំនួនពិតជាត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ ជាផ្នែកមួយនៃការផ្លាស់ប្តូរឈ្លើយសឹក លើកមុន។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧបទ្ទវហេតុនេះ។ អ៊ុយក្រែន មិនបដិសេធការពាញ់ទម្លាក់យន្តហោះនោះទេ។
នៅក្រោយការធ្លាក់យន្តហោះនោះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា រុស្ស៉ី ត្រូវដោះដូរ ឈ្លើយសឹក ជាមួយអ៊ុយក្រែន នៅថ្ងៃនោះ ដែលត្រូវធ្វើឡើងនៅច្រកព្រំដែនរុស្ស៉ី-អ៊ុយក្រែន។

មន្ត្រីអ៊ុយក្រែនម្នាក់ បាននិយាយថា រុស្ស៊ី កំពុងអនុវត្តយ៉ាងសកម្មនូវប្រតិបត្តិការព័ត៌មានពិសេសប្រឆាំងនឹងអ៊ុយក្រែន ដែលមានគោលបំណងធ្វើឱ្យសង្គមរបស់អ៊ុយក្រែន មានអស្ថិរភាព។
ចារកម្មយោធារបស់អ៊ុយក្រែន បាននិយាយថា ខ្លួនមិនមានព័ត៌មានទូលំទូលាយ ដែលលម្អិតអំពីអ្នកណានៅលើយន្តហោះនោះទេ។ ប៉ុន្តែទីក្រុងមូស្គូ មិនបានជូនដំណឹងជាមុនថា ឈ្ើយសឹក នឹងត្រូវដឹកជញ្ជូនតាមយន្តហោះ ដូចកាលពីអតីតកាលទេ។

លោកអែនដ្រេ ការតូពូឡូវ (Andrei Kartopolov) អតីតឧត្តមសេនីយ៍យោធាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងការពារជាតិរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានប្រាប់សមាជិកសភាថា “ភាគីអ៊ុយក្រែន ត្រូវបានព្រមានជាផ្លូវការហើយ ១៥នាទី មុនពេលយន្តហោះចូលទៅក្នុងតំបន់ ពួកគេត្រូវបានផ្តល់ព័ត៌មានពេញលេញ” ។
ប៉ុន្តែលោកមន្ត្រីអ៊ុយក្រែន បាននិយាយថា ផ្ទុយទៅនឹងការអនុវត្តមុនពេលការដោះដូរឈ្លើយសឹកពីមុន ក្រុងកៀវ (Kyiv) មិនបានទទួលសំណើពីរុស្ស៊ី ដើម្បីបដិសេធពីការវាយប្រហារនៅក្នុងដែនអាកាសដែលយន្តហោះត្រូវបានទម្លាក់នោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី មិនបានបញ្ជាក់ ឬបដិសេធការអះអាងរបស់ទីក្រុងមូស្គូ ដែលថា អ៊ុយក្រែន ជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះនោះទេ។លោកបាននិយាយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ខណៈដែលលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Ilyushin Il-76 ដឹកឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ បានធ្លាក់នៅស្រុកកូរ៉ូឆានស្គី (Korochansky) តំបន់បេលហ្គោរ៉ូដ ( Belgorod) ព្រំដែនរុស្ស៊ី-អ៊ុយក្រែន មានចម្ងាយត្រឹមតែ ៤០គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនអ៊ុយក្រែន។ យន្តហោះបានផ្ទុះឆេះជាដុំភ្លើងដ៏គួរឱ្យភ័យខ្លាច។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RIA Novosti យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី បានដឹកឈ្លើយសឹកអ៊ុយក្រែន ចំនួន ៦៥នាក់ ដែលរុស្ស៊ី ឃុំខ្លួន ទៅកាន់អ៊ុយក្រែន ជាថ្នូរនឹងអ្នកការដោះលែងចំណាបខ្មាំងរុស្ស៊ី បានធ្លាក់និងផ្ទុះឆេះ បណ្តាលឱ្យអ្នកទោសអ៊ុយក្រែន ៦៥នាក់ ស្លាប់ទាំងអស់ ក្នុងនោះមានសមាជិកយានិករុស្ស៉ី ៦នាក់ និងទាហានរុស្ស៊ី ៣នាក់ សរុបមនុស្ស ៩នាក់ បានស្លាប់ផងដែរ។ គេមិនដឹងជាជំហានដំបូងថា តើយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ធ្លាក់ដោយសារអ្វីនោះទេ។

ទីភ្នាក់ងារព័ត៌មានបរទេស បានចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ថា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ី របស់លោកប្រធានាធិបតីវ៉្លាឌីមៀរ ពូទីន (Vladimir Putin) ថាបានលេងល្បែងជីវិតជាមួយឈ្លើយសឹកអ៊ុយក្រែន បន្ទាប់ពីមានឧប្បត្តិហេតុដ៏សោកសៅបំផុតមួយកើតឡើង ដោយយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Il-76 ត្រូវបានបាញ់ទម្លាក់ដោយយោធាអ៊ុយក្រែន នៅតំបន់បេលហ្គោរ៉ូដ (Belgorod) តំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដែលបណ្តាលឲ្យអ្នកជិះលើយន្តហោះនោះ សរុបចំនួន ៧៤នាក់ បានស្លាប់ទាំងអស់ ក្នុងនោះមានទាហានអ៊ុយក្រែន ៦៥នាក់ រួមជាមួយយានិក ៦នាក់ និងទាហានរុស្ស៊ី ៣ នាក់ផងដែរ។
ក្រោយកើតហេតុដ៏គួរឲ្យភ្ញាក់ផ្អើល អាជ្ញាធររុស្ស៊ី បានចោទប្រកាន់យោធាអ៊ុយក្រែន ភ្លាមៗថាបានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី រហូតដល់ភ្លើងបានឆាបឆេះនៅជិតភូមិ យ៉ាប្លូណូវ៉ា (Yablonova) ដែលមានចម្ងាយពីទីក្រុងបេលហ្គោរ៉ូដ (Belgorod) ឆ្ពោះទៅទិសឦសាន ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ នៅវេលាម៉ោងប្រមាណ ១១និង០៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកអ៊ីហ្គ័រ កាណាសេនកូវ (Igor Konashenkov) បានធ្វើសន្និសីទសារព័ត៌មាន ថ្កោលទោសរដ្ឋាភិបាលក្រុងកៀវ ចំពោះការទទួលស្គាល់ថា បានប្រព្រឹត្តអំពើភេរវកម្មប្រឆាំងនឹងយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ដែលបានធ្លាក់ ពេលហោះហើរលើដែនអាកាស ក្នុងតំបន់ស្កាឡូវស្គី (Shkalovsky) ដើម្បីធ្វើដំណើរទៅកាន់អាកាសយានដ្ឋានបេលហ្គោរ៉ូដ (Belgorod) ក្នុងបេសកកម្មផ្លាស់ប្តូរឈ្លើយសឹកជាមួយអ៊ុយក្រែន។ យោធាអ៊ុយក្រែន ប្រើប្រព័ន្ធប្រឆាំងយន្តហោះ ហើយការបាញ់នេះ ចេញមកពីតំបន់នៃស្រុកលីពស៊ី ( Liptsi) នៅតំបន់ខារគីវ (Kharkiv) នៃប្រទេសអ៊ុយក្រែន និងឧបករណ៍រ៉ាដារបស់យោធារុស្ស៊ី គេបានរកឃើញថា អ៊ុយក្រែន បានបាញ់រ៉ុក្កែត ពីរគ្រាប់។
ដំបូងឡើយ កងទ័ពអ៊ុយក្រែន នៅស្ងៀម ទាំងបដិសេធ ឬទទួលយកការចោទប្រកាន់របស់រុស្ស៊ី ខណៈដែលសេវាចារកម្មយោធាអ៊ុយក្រែន បានរិះគន់រុស្ស៊ី ចំពោះការមិនជូនដំណឹងដល់រុស្ស៊ី ជាមុន ដើម្បីផ្តល់ការការពារសន្តិសុខលើដែនអាកាសរបស់ខ្លួន ខណៈពេលដែលឈ្លើយសឹក កំពុងត្រូវបានដោះប្តូរជាមួយរុស្ស៊ី។
យោងតាមគេហទំព័រ Ukrainska Pravda ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយក្នុងប្រទេសអ៊ុយក្រែនបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន បង្ហាញពីមូលហេតុដែលយោធាអ៊ុយក្រែន បាញ់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី នេះ គឺយន្តហោះដឹកជញ្ជូននេះ ដំបូងឡើយមានផ្ទុកប្រព័ន្ធមីសស៊ីលការពារដែនអាកាស S-300 របស់យោធារុស្ស៊ី ហើយមិនមានការបញ្ជាក់ថាយន្តហោះនេះ ត្រូវបានគេប្រើសម្រាប់ដឹកឈ្លើយសឹក តាមមធ្យោបាយណាមួយនោះទេ៕