Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិតុលាការជប៉ុន កាត់ទោសប្រហារជីវិតបុរសដុតអគារ ស្លាប់មនុស្ស ៣៦នាក់

តុលាការជប៉ុន កាត់ទោសប្រហារជីវិតបុរសដុតអគារ ស្លាប់មនុស្ស ៣៦នាក់

ប្រទេសជប៉ុន ៖ តុលាការជប៉ុន បានកាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលបានប្រព្រឹត្តអំពើឃាតកម្ម និងឧក្រិដ្ឋកម្មផ្សេងៗក្នុងឧប្បត្តិហេតុឆេះស្ទូឌីយ៉ូគំនូរជីវចល ក្នុងទីក្រុងក្យូតូ កាលពីឆ្នាំ២០២៩ បណ្តាលឱ្យមនុស្ស ៣៦នាក់ បានស្លាប់ និងបានធ្វើឱ្យអ្នកគាំទ្រគំនូរជីវចលជុំវិញពិភពលោក កាន់ទុក្ខ។

យោងតាមរបាយការណ៍របស់ទូរទស្សន៍ NHK និងប្រព័ន្ធផ្សព្វផ្សាយជប៉ុន ផ្សេងទៀត ឲ្យដឹងនៅថ្ងៃទី២៥ ខែ មករាឆ្នាំ២០២៤ ថា តុលាការក្រុងក្យូតូ (Kyoto) បាននិយាយថា ជនត្រូវចោទឈ្មោះ ស៊ីនជី អាអូបា (Shinji Aoba) មានសតិសម្បទាគ្រប់គ្រាន់ក្នុងការទទួលយកការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្ម។ ប្រធានចៅក្រម លោក ម៉ាស៊ូដា កៃស៊ូកិ (Masuda Keisuke) បាននិយាយថា អាអូបា មិនមានបញ្ហាផ្លូវចិត្ត ឬអសមត្ថភាពទេ។

ចៅក្រមបានចង្អុលបង្ហាញថា ជនត្រូវចោទ អាអូបា មានការស្ទាក់ស្ទើរក្នុងការបង្កឱ្យមានឧបទ្ទវហេតុនេះ មុនពេលវាកើតឡើង។ គាត់និយាយថា អាអូបា បានប្រព្រឹត្តបទឧក្រិដ្ឋនេះ ចេញពីការអន់ចិត្តចំពោះក្រុមហ៊ុនគំនូជីវចល Kyoto Animation Masuda ដែលឈានដល់ការដុតអគារក្រុមហ៊ុន បង្កសោកនាដកម្មបណ្តាលឲ្យមនុស្ស ៣៦នាក់ បានស្លាប់ ហើយភាពភ័យរន្ធត់ និងការឈឺចាប់របស់ជនរងគ្រោះ គឺហួសពីការពិពណ៌នា។

គួររំលឹកថា  បុរសឈ្មោះ ស៊ីនជី អាអូបា បានទម្លាយចូលទៅក្នុងស្ទូឌីយោលេខ១ របស់ក្រុមហ៊ុនក្រុមហ៊ុនគំនូជីវចល ក្យូតូ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ហើយបានដុតស្ទូឌីយ៉ូ។ ជនរងគ្រោះជាច្រើន បានស្លាប់ដោយ សារស្រូបផ្សែងពុលកាបូនម៉ូណូអុកស៊ីដនិង មនុស្សជាង៣០នាក់ ត្រូវភ្លើងឆេះ ឬរបួសធ្ងន់ ។

ព្រះរាជអាជ្ញា បាននិយាយ ជនត្រូវចោទ អាអូបា ស្វែងរកការសងសឹក បន្ទាប់ពីគិតថា ក្រុមហ៊ុនគំនូរជីវចល ក្យូតូ (Kyoto Animation) បានលួចប្រលោមលោកដែលគាត់បានចូលប្រលងនៅក្រុមហ៊ុន។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានពណ៌នាពី អាអូបា ថាជាអ្នកដែលតែងតែបង្កបញ្ហា តែងផ្លាស់ប្តូរការងារ និងលំនៅជាច្រើនដង រួមទាំងការឈ្លោះប្រកែកជាមួយអ្នកជិតខាងផងដែរ។

នៅថ្ងៃកើតហេតុនោះ អាអូបា អាយុ ៤៥ឆ្នាំ បានរងរបួសរលាកភ្លើងធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រយៈពេល ១០ខែមុនពេលត្រូវចាប់ខ្លួន ក្នុងខែឧសភា ឆ្នាំ២០២០ ។ គាត់បានបង្ហាញខ្លួននៅក្នុងតុលាការ ដោយរទេះរុញ។ មេធាវីការពារក្តីរបស់ អាអូបា បានប្រកែកថា គាត់មានស្មារតីមិនសមនឹងការប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។

នៅពេលកើតហេតុ មានមនុស្សប្រមាណ ៧០នាក់ កំពុងធ្វើការក្នុងស្ទូឌីយ៉ូ ។ អ្នករស់រានមានជីវិតម្នាក់ បាននិយាយថា គាត់បានឃើញផ្សែងខ្មៅហុយចេញពីជាន់ផ្ទាល់ដី។ បន្ទាប់មក គាត់មានអារម្មណ៍ថាកម្តៅដែលបង្កើតឡើងដោយភ្លើង ហើយគាត់បានលោតចុះពីបង្អួចអគារបីជាន់ ដោយសារគាត់មិនអាចដកដង្ហើមបាន។ករណីភ្លើងឆេះនេះ គឺជាករណីបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុត របស់ប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០០១ ដែលភ្លើងបានបំផ្លាញកន្លែងកម្សាន្ត កាប៊ូគីឆូ (Kabukicho) ក្នុងទីក្រុងតូក្យូ ដែលបានសម្លាប់មនុស្ស ៤៤នាក់ និងជាឧបទ្ទហេតុភ្លើងឆេះដ៏អាក្រក់បំផុត នៅក្នុងប្រទេសទំនើបនេះ។

ក្រុមហ៊ុនគំនូរជីវចល ក្យូតូ (Kyoto Animation) នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ហើយត្រូវបានគេស្គាល់ថា KyoAni ។ វាបានបង្កើតឡើងនូវស៊េរីគំនូរជីវចលដ៏ពេញនិយម K-On! និង “Haruhi Suzumiya” (The Melancholy of Haruhi Suzumiya) លើសពីនេះក្រុមហ៊ុន Netflix ក៏បានបង្ហាញរឿង Anime “Violet Evergarden” ផងដែរ។ (Violet Evergarden) កាន់តែបង្កើនកិត្តិនាមរបស់ Gyo-Ani ល្បីនៅបរទេស៕

RELATED ARTICLES