Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះយោធារុស្ស៊ី ដឹកឈ្លើយសឹក៦៥នាក់ ទៅដោះដូរគ្នា ត្រូវអ៊ុយក្រែន បាញ់ធ្លាក់

យន្តហោះយោធារុស្ស៊ី ដឹកឈ្លើយសឹក៦៥នាក់ ទៅដោះដូរគ្នា ត្រូវអ៊ុយក្រែន បាញ់ធ្លាក់

ហ្សេឡេនស្គី ចោទប្រកាន់ពូទីន លេងល្បែងជីវិតជាមួយឈ្លើយសឹកអ៊ុយក្រែន

ប្រទេសរុស្ស៉ី ៖ ទីភ្នាក់ងារព័ត៌មានបរទេស បានចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ថា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ី របស់លោកប្រធានាធិបតីវ៉្លាឌីមៀរ ពូទីន (Vladimir Putin) ថាបានលេងល្បែងជីវិតជាមួយឈ្លើយសឹកអ៊ុយក្រែន បន្ទាប់ពីមានឧប្បត្តិហេតុដ៏សោកសៅបំផុតមួយកើតឡើង ដោយយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Il-76 ត្រូវបានបាញ់ទម្លាក់ដោយយោធាអ៊ុយក្រែន នៅតំបន់បេលហ្គោរ៉ូដ (Belgorod)  តំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដែលបណ្តាលឲ្យអ្នកជិះលើយន្តហោះនោះ សរុបចំនួន ៧៤នាក់ បានស្លាប់ទាំងអស់ ក្នុងនោះមានទាហានអ៊ុយក្រែន ៦៥នាក់ រួមជាមួយយានិក ៦នាក់ និងទាហានរុស្ស៊ី ៣ នាក់ផងដែរ។

ក្រោយកើតហេតុដ៏គួរឲ្យភ្ញាក់ផ្អើល អាជ្ញាធររុស្ស៊ី បានចោទប្រកាន់យោធាអ៊ុយក្រែន ភ្លាមៗថាបានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី រហូតដល់ភ្លើងបានឆាបឆេះនៅជិតភូមិ យ៉ាប្លូណូវ៉ា (Yablonova) ដែលមានចម្ងាយពីទីក្រុងបេលហ្គោរ៉ូដ (Belgorod)  ឆ្ពោះទៅទិសឦសាន ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ នៅវេលាម៉ោងប្រមាណ ១១និង០៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកអ៊ីហ្គ័រ កាណាសេនកូវ (Igor Konashenkov) បានធ្វើសន្និសីទសារព័ត៌មាន ថ្កោលទោសរដ្ឋាភិបាលក្រុងកៀវ ចំពោះការទទួលស្គាល់ថា បានប្រព្រឹត្តអំពើភេរវកម្មប្រឆាំងនឹងយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ដែលបានធ្លាក់ ពេលហោះហើរលើដែនអាកាស ក្នុងតំបន់ស្កាឡូវស្គី (Shkalovsky) ដើម្បីធ្វើដំណើរទៅកាន់អាកាសយានដ្ឋានបេលហ្គោរ៉ូដ (Belgorod) ក្នុងបេសកកម្មផ្លាស់ប្តូរឈ្លើយសឹកជាមួយអ៊ុយក្រែន។ យោធាអ៊ុយក្រែន ប្រើប្រព័ន្ធប្រឆាំងយន្តហោះ ហើយការបាញ់នេះ ចេញមកពីតំបន់នៃស្រុកលីពស៊ី ( Liptsi) នៅតំបន់ខារគីវ (Kharkiv) នៃប្រទេសអ៊ុយក្រែន និងឧបករណ៍រ៉ាដារបស់យោធារុស្ស៊ី គេបានរកឃើញថា អ៊ុយក្រែន បានបាញ់រ៉ុក្កែត ពីរគ្រាប់។

ដំបូងឡើយ កងទ័ពអ៊ុយក្រែន នៅស្ងៀម ទាំងបដិសេធ ឬទទួលយកការចោទប្រកាន់របស់រុស្ស៊ី ខណៈដែលសេវាចារកម្មយោធាអ៊ុយក្រែន បានរិះគន់រុស្ស៊ី ចំពោះការមិនជូនដំណឹងដល់រុស្ស៊ី ជាមុន ដើម្បីផ្តល់ការការពារសន្តិសុខលើដែនអាកាសរបស់ខ្លួន ខណៈពេលដែលឈ្លើយសឹក កំពុងត្រូវបានផ្លាស់ប្តូរជាមួយរុស្ស៊ី។

យោងតាមគេហទំព័រ Ukrainska Pravda ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយក្នុងប្រទេសអ៊ុយក្រែនបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន បង្ហាញពីមូលហេតុដែលយោធាអ៊ុយក្រែន បាញ់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី នេះ គឺយន្តហោះដឹកជញ្ជូននេះ ដំបូងឡើយមានផ្ទុកប្រព័ន្ធមីសស៊ីលការពារដែនអាកាស S-300 របស់យោធារុស្ស៊ី ហើយមិនមានការបញ្ជាក់ថាយន្តហោះនេះ ត្រូវបានគេប្រើសម្រាប់ដឹកឈ្លើយសឹក តាមមធ្យោបាយណាមួយនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Ilyushin Il-76 ដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន ៦៥នាក់ បានធ្លាក់នៅស្រុកកូរ៉ូឆានស្គី (Korochansky) តំបន់បេលហ្គោរ៉ូដ ( Belgorod) ព្រំដែនរុស្ស៊ី-អ៊ុយក្រែន មានចម្ងាយត្រឹមតែ ៤០គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនអ៊ុយក្រែន។ យន្តហោះបានផ្ទុះឆេះជាដុំភ្លើងដ៏គួរឱ្យភ័យខ្លាច។

 យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RIA Novosti យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី បានដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន ចំនួន ៦៥នាក់ ដែលរុស្ស៊ីឃុំខ្លួន ទៅកាន់អ៊ុយក្រែន ជាថ្នូរនឹងអ្នកការដោះលែងចំណាបខ្មាំងរុស្ស៊ី បានធ្លាក់និងផ្ទុះឆេះ បណ្តាលឱ្យអ្នកទោសអ៊ុយក្រែន ៦៥នាក់ ស្លាប់ទាំងអស់ ក្នុងនោះមានសមាជិកយានិករុស្ស៉ី ៦នាក់ និងទាហានរុស្ស៊ី ៣នាក់ សរុបមនុស្ស ៩នាក់ បានស្លាប់ផងដែរ។ គេមិនដឹងជាជំហានដំបូងថា តើយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ធ្លាក់ដោយសារអ្វីនោះទេ។

ប្រភពនៅក្នុងយោធាអ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការធ្លាក់យន្តហោះយោធារុស្ស៊ីនេះ គឺជា “ការងាររបស់ពួកគេ” ។

ចំណែកលោកអែនដ្រេ ការតាប៉ូឡូវ (Andrei Kartapolov) សមាជិករដ្ឋឌូមា (Duma) របស់រុស្ស៊ី និងជាឧត្តមសេនីយ៍ចូលនិវត្តន៍ ក៏ដូចលោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) សមាជិកសភាកំពូល នៅក្នុងសភាជាន់ទាបរុស្ស៊ី បានអះអាងថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយមីសស៊ីល បីប្រភេទ ដែលលោកខាងលិច ផ្គត់ផ្គង់ដល់អ៊ុយក្រែន។

លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន និយាយាថា “ពួកគេបានបាញ់ទាហានរបស់ពួកគេ នៅលើអាកាស។ អ្នកបើកយន្តហោះរបស់យើងដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ត្រូវបានបាញ់ទម្លាក់”។

លោកបាននិយាយថា ការស៊ើបអង្កេត នឹងបង្ហាញថា តើមីសស៊ីលទាំងនោះ ផលិតដោយសហរដ្ឋអាមេរិក ឬអាល្លឺម៉ង់?

គួរបញ្ជាក់ថា យន្តហោះ Il-76 ដែលធ្លាក់នោះ គឺជាយន្តហោះដឹកជញ្ជូនយោធា ដែលត្រូវបានរចនាឡើងដើម្បីដឹកទំនិញ សម្ភារៈយោធា និងសព្វាវុធ។ ជាធម្មតាមានយានិក ៥នាក់ ហើយអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៩០នាក់។

អភិបាលក្នុងតំបន់ លោក វីយ៉ាឆេស្លាវ ហ្គ្លាដកូវ (Vyacheslav Gladkov) បាននិយាយថា ឧប្បត្តិហេតុធ្លាក់យន្តហោះយោធានេះ បានកើតឡើងនៅក្នុងស្រុកកូរ៉ូឆានស្គី (Korochansky) នៃតំបន់ភាគឦសាន បេលហ្គោរ៉ូដ (Belgorod) ហើយថាគាត់នឹងទៅត្រួតពិនិត្យទីតាំងនោះ។

លោកបានបន្តថា «បច្ចុប្បន្នក្រុមស៊ើបអង្កេត និងបុគ្គលិកនៃក្រសួងស្ថានការណ៍គ្រាអាសន្នកំពុងធ្វើការនៅកន្លែងនោះ។ខ្ញុំបានផ្លាស់ប្តូរកាលវិភាគការងាររបស់ខ្ញុំ ហើយបានទៅតំបន់នោះ។ ព័ត៌មានលម្អិត នឹងបង្ហាញជូននៅពេលក្រោយ»។

គួរបញ្ជាក់ថា តំបន់បេលហ្គោរ៉ូដ (Belgorod) ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារជាញឹកញាប់ពីអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ រួមទាំងការវាយប្រហារដោយមីសស៊ីល កាលពីខែធ្នូ ដែលបានសម្លាប់មនុស្ស ២៥នាក់ ផងដែរ។

កាលពីដើមខែមករា មានការគំរាមកំហែងដោយកាំជ្រួច នៅក្នុងតំបន់បេលហ្គោរ៉ូដ ហើយមានការអះអាងថា កងការពារអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលហោះពីអ៊ុយក្រែន។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោកប៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បាននិយាយថា ការវាយប្រហារដោយកាំជ្រួចរុស្ស៊ី ដ៏ធំមួយ ដែលទំនងជាត្រូវបានបង្កើតឡើង ដើម្បីគ្របដណ្ដប់លើការការពារដែនអាកាសរបស់អ៊ុយក្រែន បានសម្លាប់មនុស្ស ១៨នាក់ និងរបួស ១៣០នាក់។

លោកហ្សេឡេនស្គី បាននិយាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ថា របាំងដែលប្រើបាលីស្ទិក នាវា នាវាប្រឆាំងយន្តហោះ និងកាំជ្រួចដឹកនាំ ជាង ៤០គ្រឿង នៅព្រឹកថ្ងៃអង្គារ បានវាយប្រហារអគារលំនៅឋាន ចំនួន ១៣០ ក្នុងទីក្រុងចំនួន៣ របស់អ៊ុយក្រែន ដែលជាផ្ទះប្រជាជនធម្មតាទាំងអស់។

ការវាយលុករបស់រុស្ស៊ី ដែលរាប់បញ្ចូលទាំងគោលដៅនៅក្នុងរដ្ឋធានីគៀវ (Kyiv) និងទីក្រុងធំទី២ ខារគីវ (Kharkiv) គឺមានទម្ងន់ធ្ងន់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ហើយបានផ្តល់ទម្ងន់ដល់ការអំពាវនាវរបស់ហ្សេឡេនស្គី សម្រាប់សម្ព័ន្ធមិត្តលោកខាងលិច ក្នុងការផ្តល់ជំនួយយោធាបន្ថែមទៀត។

លោកហ្សេឡេនស្គី បាននិយាយកាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ថា “ឆ្នាំនេះ អាទិភាពចម្បង គឺការពង្រឹងការការពារដែនអាកាស ដើម្បីការពារទីក្រុងនិងទីប្រជុំជនរបស់យើង ក៏ដូចជាការពារទីតាំងជួរមុខ” ។ទោះបីជាយ៉ាងណា រុស្ស៊ី បានបដិសេធថា កម្លាំងរបស់ខ្លួនមិនបានវាយប្រហារតំបន់ជនស៊ីវិល រស់នៅទេ បើទោះបីជាមានភ័ស្តុតាងជាច្រើនដែលផ្ទុយពីនេះក៏ដោយ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងការពារដែនអាកាស បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ចំនួន ៤គ្រឿង នៅលើតំបន់អូរីយ៉ូល (Oryol) ភាគខាងលិចប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

អភិបាលក្រុងអូរីយ៉ូល លោកយូរី ប៉ារ៉ាឃីន (Yuri Parakhin) បាននិយាយថា យន្តហោះគ្មានមនុស្សបើក ជាច្រើន បានទម្លាក់ពីលើទីក្រុង តែលោកថា មិនមានអ្នករងរបួសទេ ប៉ុន្តែបង្អួចផ្ទះផ្ទះល្វែងមួយចំនួន ក្នុងទីក្រុង ត្រូវបានបែកបាក់។

យោងតាមអភិបាលតំបន់បេលហ្គោរ៉ូដ លោក វីយ៉ាឆេស្លាវ ហ្គ្លាដកូវ (Vyacheslav Gladkov) បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន មួយគ្រឿងទៀត ត្រូវបានទម្លាក់ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លើតំបន់ព្រំដែនបេលហ្គោរ៉ូដ តែមិនមានអ្នករងរបួស ឬស្លាប់ទេ។

សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានសន្យាថា នឹងបន្តបញ្ជូនកញ្ចប់ជំនួយយោធា ដល់អ៊ុយក្រែន។ ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ថា ខ្លួនគ្រោងនឹងបញ្ជូនឧទ្ធម្ភាគចក្រពហុតួនាទី SEA KING Mk41 ចំនួន៦ ទៅកាន់ប្រទេសអ៊ុយក្រែន។

រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ចំនួនប្រហែល ៦ ពាន់លានអឺរ៉ូ (6.52ពាន់លានដុល្លារ) រួមទាំងប្រព័ន្ធប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែនអាកាស យ៉ាងច្រើនផងដែរ៕

RELATED ARTICLES