ប្រទេសថៃ ៖ ករណីផ្ទុះឆេះរោងចក្រផលិតកាំជ្រួច និងផាវ មួយកន្លែង នៅកណ្តាលវាលស្រែ ស្ថិតក្នុងសង្កាត់ សាលាខាវ ស្រុកមឿង ខេត្តសុផាន់បុរី ប្រទេសថៃ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិលេខ៣ ឃុំសាលាខាវ ស្រុកមឿង ខេត្តសុផាន់បុរី នោះ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២៣នាក់ (កម្មករ កម្មការិនី និងមេការក្នុងរោងចក្រ ស្លាប់ទាំងអស់ គ្មានអ្នករបួស នៅរស់តែម្នាក់គត់)។ នេះបើ តាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

លោកណាថាផាត សុវណ្ណប្រាធីប អភិបាលខេត្តសុផាន់បុរី។ បានចុះទៅកន្លែងកើតហេតុ បានបញ្ជាក្រុមវេជ្ជ សាស្ត្រសង្គ្រោះបន្ទាន់ និងកោសល្យវិច័យ នៃមន្ទីរពេទ្យចៅពញាយមរាជ ដឹកនាំក្រុមសុខភាពសាធារណៈ ស្រុកមឿង ចុះទៅដឹកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តរោងឆាង ដែលមានចម្ងាយ ២គីឡូម៉ែត្រ ពីកន្លែង កើតហេតុ ដើម្បីធ្វើកោសល្យវិច័យ បញ្ជាក់អត្តសញ្ញាណជនរងគ្រោះ មុននឹងប្រគល់ជូនសាច់ញាតិ ដើម្បីយក ទៅបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា សោកនាដកម្មផ្ទុះឆេះរោងចក្រផលិតកាំជ្រួច និងផាវ នៅកណ្តាលវាលស្រែ ក្នុងខេត្ត សុផាន់បុរី នោះ បណ្តាលឲ្យមនុស្ស ២៣នាក់ បានស្លាប់ ក្នុងនោះមានកម្មការិនីម្នាក់ ប៉ុណ្ណោះ ដែលមានសំណាងបាន រួចរស់ជីវិត ព្រោះបានសុំឈប់សម្រាកពីការងារមុនពេលកើតហេតុ ២០នាទី ដើម្បីយកលុយទៅឱ្យកូនប្រុស។ ខណៈគ្រួសារមួយ មានសមាជិក ៦នាក់ បានស្លាប់ដោយឧបទ្ទវហេតុនេះ ពួកគេបាននិយាយថា មិនហ៊ានទៅ មើលសពនៅកន្លែងកើតហេតុទេ ព្រោះសាកសពត្រូវបានបែកខ្ទេចសាច់និងឆ្អឹង រាយប៉ាយពេញកន្លែងកើត ហេតុ និងខ្លះខ្ទាតដល់ចម្ងាយរាប់រយម៉ែត្រ ។

អ្នកស្រី ណាំហ្វុន បុណ្យក្លម អាយុ ៤៦ឆ្នាំ ជាកម្មការិនីរោងចក្រកើតហេតុ តែម្នាក់គត់ ដែលបានរួចរស់ជីវិត បានឲ្យដឹងថា គាត់បានធ្វើការក្នុងរោងចក្រកើតហេតុ ១៦ឆ្នាំ មកហើយ តែជាសំណាង ឬជីវិតគាត់មិនទាន់អស់ ទើបមុនពេលកើតហេតុ គាត់បានត្រឡប់ទៅផ្ទះ មុនពេលរោងចក្រកាំជ្រួចផ្ទុះឆេះ តែប្រមាណ ២០នាទីប៉ុណ្ណោះ ដោយសារកូនគាត់ទូរស័ព្ទមកដាស់តឿនឲ្យត្រឡប់មកផ្ទះវិញ ហើយឲ្យលុយទៅពួកគេ ទើបគាត់ឈប់សម្រាក ពីការងារ ទៅផ្ទះមុនម៉ោង ធ្វើឲ្យគាត់បានរួចផុតពីសេចក្តីស្លាប់។

កម្មការិនីមានសំណាងជាងគេរូបនេះ បានឲ្យដឹងថា ជាធម្មតា គាត់ចេញទៅធ្វើការ ត្រឡប់មកផ្ទះវិញ នៅម៉ោង ៤-៥ល្ងាច ម្សិលមិញ តែនៅថ្ងៃកើតហេតុ កូនពៅរបស់គាត់ បានទូរស័ព្ទបង្ខំឲ្យគាត់ទៅផ្ទះមុនម៉ោងសម្រាក។ លុះពេលគាតមកដល់ផ្ទះ អង្គុយបានប្រហែល ២០នាទីក៏មានហេតុការណ៍ផ្ទុះឆេះរោងចក្រតែម្តង បណ្តាលឲ្យ កម្មករក្នុងរោងចក្រ ស្លាប់ទាំងអស់ នៅសល់តែគាត់ម្នាក់គត់។

គួរបញ្ជាក់ថា រោងចក្រផលិតផាវ និងកាំជ្រួច ខាងលើ មានម្ចាស់ឈ្មោះ សែងឌឿន ប៉ានចន្ទ ភេទស្រី អាយុ ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២១ ភូមិ ២ ឃុំសាលាខាវ ស្រុកមឿង ខេត្តសុផាន់បុរី។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រោងចក្រនេះ បានផ្ទុះឆេះម្តងរួចមកហើយ បណ្តាលឲ្យកម្មករម្នាក់ ត្រូវភ្លើងឆេះស្លាប់ និង ៣នាក់ទៀត រងរបួស ធ្ងន់៕

