ខ្មាន់កាំភ្លើងអ៊ីរ៉ង់ បានចាប់កប៉ាល់ដឹកប្រេងចេញពីឈូងសមុទ្រអូម៉ង់ ហើយបានបង្ខំកប៉ាល់ឲ្យបើក ទៅកាន់កំពង់ផែអ៊ីរ៉ង់ ដោយអះអាងថាចង់សងសឹកសហរដ្ឋអាមេរិក ដែលបានរឹបអូសក ប៉ាល់ដឹកប្រេង របស់អ៊ីរ៉ង់ កាលពីឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ខ្មាន់កាំភ្លើងមួយក្រុម មានគ្នា ៥នាក់ ស្លៀកពាក់ឯកសណ្ឋានខ្មៅ ស្រដៀងនឹងទាហាន បានសម្រុកចូលទៅលើនាវាដឹកប្រេង ឈ្មោះ សេនថ៍ នីកូឡាស (St. Nicholas) ដែល មានទង់ជាតិនៃកោះម៉ារស្ហាល (Marshall) នៅម៉ោងប្រហែល 3:30នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ហើយបានបង្ខំឲ្យកប៉ាល់ ធ្វើដំណើរទៅកាន់កំពង់ផែអ៊ីរ៉ង់។
ប្រភពដដែល បន្តថា ករណីនេះបានកើតឡើងខណៈពេលដែលកប៉ាល់ St. Nicholas កំពុងធ្វើដំណើរនៅជិតទី ក្រុងកំពង់ផែ សូហារ (Sohar) នៃប្រទេសអូម៉ង់ គោលបំណងទៅកាន់ប្រទេសតួកគី។ក្រុមការងារពាណិជ្ជកម្មដែនសមុទ្រ របស់ចក្រភពអង់គ្លេស (UKMTO) បាននិយាយថា បន្ទាប់ពីខ្មាន់កាំភ្លើង បានសម្រុកចូលកប៉ាល់នោះ ការប្រាស្រ័យទាក់ទងជាមួយ St. Nicholas ត្រូវបានកាត់ផ្តាច់ ហើយមន្ត្រីកំពុង ស៊ើបអង្កេតរឿងនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់អ៊ីរ៉ង់ បានផ្សាយថា របាយការណ៍នេះ បានដកស្រង់ពីការផ្សាយ របស់ កងទ័ពជើងទឹក របស់ពួកគេ ថាការរឹបអូសនាវា St. Nicholas គឺជាការសងសឹកចំពោះសហរដ្ឋអាមេរិក ដែលរឹបអូសយកកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង កាលពីឆ្នាំមុន។
គួររំលឹកថា កប៉ាល់ St. Nicholas ដែលពីមុនត្រូវបានគេស្គាល់ថាឈ្មោះ Suez Rajan ត្រូវបានរឹបអូសដោយ សហរដ្ឋអាមេរិក ក្នុងខែមេសា ឆ្នាំ២០២៣ ក្រោមទណ្ឌកម្មដែលអាមេរិក បានដាក់លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីក្រុម ហ៊ុន Suez Rajan Company Limited នៃកោះម៉ារស្ហាល រងការចោទប្រកាន់ ពីបទសម គំនិតដើម្បីគេចផុត ពីការដាក់ទណ្ឌកម្ម ដោយការលក់និងដឹកជញ្ជូនប្រេងដោយសម្ងាត់ ទៅបរទេស ក្នុងនាមអ៊ីរ៉ង់។

ក្រុមហ៊ុនក្រិក Empire Navigation ដែលបច្ចុប្បន្នប្រតិបត្តិការនៅ St. Nicholas បាននិយាយថា កប៉ាល់នេះ បានដឹកប្រេងឆៅ ចំនួន ១៤៥ ០០០តោន ដោយមាននាវិកហ្វីលីពីន ១៨នាក់ និងជនជាតិក្រិក ម្នាក់ នៅលើ នាវា៕