Sunday, April 28, 2024
Homeនយោបាយ អ្នកនយោបាយក្បត់ជាតិ បក្សកាន់អំណាចថា កឹម សុខា មិនអាចរួចខ្លួនងាយៗទេ

 អ្នកនយោបាយក្បត់ជាតិ បក្សកាន់អំណាចថា កឹម សុខា មិនអាចរួចខ្លួនងាយៗទេ

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា លោកកឹម សុខា អតីតមេ​បក្សប្រ​ឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាអ្នកនយោបាយក្បត់ជាតិ គប់គិតជាមួយរដ្ឋបរទេស ប៉ុនប៉ងផ្ដួលរំលំរាជ​រដ្ឋាភិបាល មិនអាចរួចខ្លួនងាយៗបានទេ គឺត្រូវតែបន្តជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ តាមសាលក្រមតុលាការ ដោយ​គ្មានការសម្របសម្រួលនយោបាយណាមួយ ដើម្បីឲ្យមានការដោះលែងនោះទេ ។ ចំណែកលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលជាដៃគូលោកកឹម សុខា និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និទេសនៅក្រៅប្រទេស គេចពីគុកនោះ ទោះបីជាគេលើកតម្កើងយ៉ាងណា ក៏នៅតែជា​ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ គ្មានឱកាសបានវិលត្រឡប់ចូលស្រុកវិញបានឡើយ ដោយសារប្រឈមនឹង​ទោស​ជាប់គុក ដល់ទៅ១៦០ឆ្នាំ។

  លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមទំព័របណ្តាញសង្គម «យុវជន៧​មករា​» ថា កឹម សុខា ជាអ្នកនយោបាយ តែបានគប់គិតជាមួយរដ្ឋបរទេសប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាលស្រប​ច្បាប់ នឹងមិនអាចរួចខ្លួនងាយៗទេ? ចំណែកទណ្ឌិតមេឧទ្ទាម សម រង្ស៉ី ទោះបីអ្នក​វិភាគលម្អៀងនយោបាយ និងវិទ្យុប្រតិកិរិយា ខិតខំលើកតម្កើង ហៅជាឯកឧត្តមយ៉ាងណា ក៏ទណ្ឌិតក្បត់ជាតិ នៅតែក្បត់ជាតិ ៣ជំនាន់​ដែរ ។

 បន្ថែមលើការលើកឡើងតាមបណ្តាញសង្គម ខាងលើ លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ថា “ពិតហើយ! ផ្សាយតាមទូរទស្សន៍អូស្រ្ដាលីហ្នឹង គឺកឹម សុខា គាត់ថាខ្លួនឯង ។ ដូច្នេះហើយ តុលាការ គេផ្អែកទៅលើមូលដ្ឋានហ្នឹងហើយ គេបានឃើញ គេយកជាភ័ស្តុតាង ។ ដូច្នេះហើយគឺថាវានៅតែប្រឈមមុខចំពោះព្រហ្មទណ្ឌ មាត្រា៤៤៨ ហ្នឹងឯង វាពាក់ព័ន្ធសន្ទិដ្ឋភាពជា​មួយបរ​ទេសហ្នឹង ។ ដូច្នេះទាក់ទងនឹងសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងក្បត់ជាតិ កឹម សុខា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខ្ញុំគ្រាន់តែបញ្ជាក់ថា អាហ្នឹងអង្គហេតុ អង្គសេចក្ដីហើយ ច្បាប់ ក៏វាមានតែ​មួយដែរ អ៊ីចឹងទេ វាត្រូវតែប្រឈមមុខចំពោះមុខច្បាប់ហ្នឹងហើយ អត់គេចទៅណារួចទេ។ អាហ្នឹងសំណុំរឿងវាមានហ្នឹងហើយ ជាពិសេសតុលាការ ផ្ដោតទៅលើហេតុផលដែលមានជាក់ស្ដែងហ្នឹងហើយ អាហ្នឹងមិនអាចគេចរួចទេ គេកាត់អ៊ីចឹងហើយ ។ យើងមិនអាចធ្វើអត្ថាធិប្បាយអ្វីក្រៅពីសាច់រឿងហ្នឹងទេ“ ។

 លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “សរុបទៅ រឿងទណ្ឌិតសម រង្ស៊ី ដែលគ្នាគាត់ រួមទាំងបណ្ឌិត​ម្នាក់នោះផងនោះ បានលើកតម្កើងគាត់ ហៅសុទ្ធតែឯកឧត្ដម សុទ្ធស្ថាបនិកប្រជាធិបតេយ្យ ប៉ះរលត់ ប៉ះរ​លាយ​អីនោះ គឺមានចេតនាចង់យកប្រៀបស្មើជាមួយថ្នាក់ដឹកនាំគណបក្សកាន់អំណាច។ ប៉ុន្តែខ្ញុំសុំបញ្ជាក់ថា អាហ្នឹងវាទៅមិនរួចទេ គ្នាគាត់គឺសំឡេងភាគតិច អ៊ីចឹងទេ មិនអាចមានឧត្តមភាពមកលើសំឡេងភាគច្រើន​បានទេ ។ ម្យ៉ាងទៀត ក្បត់ជាតិ ៣ជំនាន់ សម្រាប់ទណ្ឌិតរូបនេះ ការពិតជាក់ស្ដែងបង្ហាញអ៊ីចឹងហើយ យើង​ចាំបាច់ទៅបកស្រាយស្អីទៀត? គឺទទួលយកការពិតទៅ!“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់សុខ ឥសាន ខាងលើនេះ លោកលិម គិមយ៉ា អតីតតំណាង​រាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ថា បើសិនតុលាការរកការពិត ការដោះលែងកឹម សុខា អាចនឹង​ធ្វើបានយ៉ាងងាយ ដោយគ្មានទោសអ្វីទាំងអស់ ក៏ប៉ុន្តែតុលាការ អត់រកការពិតទេ ។

 លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “បាទ! ខ្ញុំសុំឆ្លើយថា ទី១ យើងមើលបុគ្គលិកលក្ខណៈលោកសុខ ឥសាន ។ លោកសុខ ឥសាន និយាយនេះ ដូចលោកសុខ ឥសាន វិកលចរិត អត់ដឹងរឿងពិត ឬមួយដឹង​រឿងពិតដែរ លោកសុខ ឥសាន មិនធ្វើរឿងពិត បិទភ្នែក ជឿការចោទប្រកាន់របស់លោកហ៊ុន សែន ។ លោកហ៊ុន សែន ប្រើភ័ស្តុតាងឯកសារដែលចុះផ្សាយតាមបណ្ដាញសង្គមអនាមិក (ហ្វេសប៊ុក) ។ ក្រោយពីលោកហ៊ុន សែន ចោទហើយ ហ្វេសប៊ុកអនាមិកហ្នឹង ក៏បានបាត់ទៅវិញ ទី១ ។ ទី២ តាមធម្មតា កាលណាតុលាការ គេយកភ័ស្តុតាងមួយ គេត្រូវសួរប្រភពភ័ស្តុតាងនេះ ប៉ុន្តែតុលាការសាលាដំបូងភ្នំពេញ អត់កោះសួរអ្នកផ្សាយភ័ស្តុតាងនេះទេ គឺភ័ស្តុតាងនេះកាត់តក្លែងក្លាយបំផុត ។ ហេតុដូច្នេះហើយការដែលចោទប្រកាន់របស់លោកហ៊ុន សែន គឺជាការចោទប្រកាន់លើកភ័ស្តុតាងក្លែងក្លាយ ហើយគ្មានសួរពីប្រភពភ័ស្តុតាងនេះទៅទៀត ។ បានសេចក្ដីថា ព្រះរាជអាជ្ញា និងសាលាដំបូងភ្នំពេញ គឺរំលោភ​សិទ្ធិលោកកឹម សុខា គ្រប់បែបយ៉ាង ។ ហេតុដូច្នេះ ខ្ញុំផ្ដាំផ្ញើទៅលោកសុខ ឥសាន វិញ លោកសុខ ឥសាន ប្រៀបដូចជាមនុស្សម្នាក់វិកលចរិត មិនព្រមធ្វើការនិយាយការពិតសោះឡើយ“ ។

លោកលិម គិមយ៉ា បន្តថា “បើសិនតុលាការ រកការពិត ការដោះលែងកឹម សុខា គ្មានទោសអ្វីទាំងអស់ ក៏ប៉ុន្តែតុលាការភ្នំពេញ សាលាដំបូងភ្នំពេញ អត់រកការពិតនោះទេ ។ តាមធម្មតា ភារកិច្ចរបស់តុលាការ គឺរកការពិត ប៉ុន្តែតុលាការភ្នំពេញ មិនរកការពិត មិនរកភ័ស្តុតាងពិតប្រាកដទេ គឺកាត់សេចក្ដីទៅតាមអំពើ​ដែលចង់បាន ។ ក្នុងន័យនេះ រឿងហេតុផលនយោបាយ ក៏ជារឿងហេតុផលនយោបាយ ក៏ប៉ុន្តែតាមខ្ញុំយល់ តុលាការភ្នំពេញ បម្រើផលប្រយោជន៍របស់លោកហ៊ុន សែន គឺជាតុលាការរបស់ហ៊ុន សែន ។ ដូច្នេះខ្ញុំជឿថា ការដែលសាលាឧទ្ធរណ៍ បើកសវនាការនៅថ្ងៃ៣០ មករា ខាងមុខនេះ គឺជារឿងនយោបាយសុទ្ធសាធ កិច្ចកលរបស់គណបក្សកាន់អំណាច ពីព្រោះថ្ងៃ១៨-១៩ មករា លោកហ៊ុន ម៉ាណែត នឹងមកប្រទេសបារាំង ។ ម៉្លោះហើយគេខ្លាចលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីប្រទេសបារាំង លើកសួរបញ្ហាលោកកឹម សុខា នេះ ។ ហេតុដូច្នេះហើយ បានឲ្យសាលាឧទ្ធរណ៍នេះកោះហៅលោកកឹម សុខា មុនមកដល់ស្រុកបារាំង ដើម្បីឆ្លើយដោះសាគេថា ឥឡូវនេះតុលាការ កំពុងតែមានវិធានការ ។ បានន័យថា ខ្ញុំមិនជឿថា ពួកនេះដោះលែងលោកកឹម សុខា ទេ គឺទុកលោកកឹម សុខា តទៅទៀត ពីព្រោះគេខ្លាចលោកកឹម សុខា ធ្វើនយោបាយរំខានដល់ពួកគេ“ ។

 ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ថា ការដែលហៅ​ថា លោកសម រង្ស៊ី ជាជនក្បត់ជាតិតពូជ ៣ជំនាន់នេះ គឺជារឿងអយុត្តិធម៌នៅក្នុងសង្គមខ្មែរ សម្រាប់អ្នក​សេ្នហា​ជាតិ ដែលហ៊ានតស៊ូតាមផ្លូវច្បាប់ ជាមួយនឹងជនផ្ដាច់ការនៅកម្ពុជា ។ ដូច្នេះការនិយាយរបស់លោកសុខ ឥសាន គ្រាន់តែជាសេក សូត្រតាមមេដឹកនាំរបស់គាត់តែប៉ុណ្ណោះឯង ឯការពិត លោកសម រង្ស៊ី មិនបានក្បត់​ជាតិ ដូចការចោទប្រកាន់របស់តុលាការនោះទេ ។

  លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ខ្ញុំថា អ្នកដែលកាត់ដីឲ្យយួន អាហ្នឹងបានជនក្បត់ជាតិ ។ លោកសម រង្ស៊ី មិនដែលកាត់ដីឲ្យយួន ផងហ្នឹង គាត់ដែលមានអំណាចពីណាកាត់ដីឲ្យយួន? អ៊ីចឹងធ្វើយ៉ាងម៉េចគាត់ក្លាយទៅជាជនក្បត់ជាតិកើត? មានតែលោកហ៊ុន សែន ទេ ដែលកាត់ដីឲ្យយួន ។ អ្នកដែលកាត់ឲ្យយួន គឺជនក្បត់ជាតិហើយ ដូច្នេះលោកហ៊ុន សែន ជាជនក្បត់ជាតិតើ! ដូច្នេះអាពាក្យក្បត់​ជាតិហ្នឹង គឺដូចសុភាសិតខ្មែរយើងថា «ស្វាស៊ីបាយ លាបមាត់ពពែ» ដូច្នេះការដែលថា ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ហ្នឹង មិនមែនជាការពិតនោះទេ ដោយសារតែតុលាការតេឡេហ្នឹង ចេះតែកាត់ក្ដីទៅតាម​បញ្ជាលោក​ហ៊ុន សែន ដែលជាជនក្បត់ជាតិ កាត់ដីឲ្យយួន នោះទេ ។ ដូច្នេះអ្នកដែលក្បត់ជាតិពិតប្រាកដ គឺលោកហ៊ុន សែន ទេ ដែលកាត់ដីឲ្យយួននោះ មិនមែនលោកសម រង្ស៊ី ទេ ព្រោះលោកសម រង្ស៊ី មិនដែលកាត់ដីឲ្យយួន នោះទេ ហើយថាក្បត់ជាតិ ៣ជំនាន់ គ្មានឱកាសវិលត្រលប់ចូលស្រុកវិញហ្នឹង ដោយសារតែលោកហ៊ុន សែន ខ្លាចលោកសម រង្ស៊ី ចូលទៅក្នុងស្រុកទៅ បោះឆ្នោតទៅចាញ់លោកសម រង្ស៊ី ។ អ៊ីចឹងលោកហ៊ុន សែន គឺជាជនកំសាកណាស់ គាត់អត់ហ៊ានប្រកួតប្រជែងតាមការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ គាត់ជាមាន់សម្ល ជាមនុស្សកំសាកញី ។ អ៊ីចឹងគាត់បោះឆ្នោតក្លែងក្លាយ បោះឆ្នោតបង្គ្រប់កិច្ចហ្នឹង ដើម្បីអាចផ្ទេរអំណាចតពូជ ទៅដល់កូនរបស់គាត់»។

លោកអ៊ុំ សំអាន បន្តថា «ដូច្នេះការដែលលោកសម រង្ស៊ី មិនបានចូលស្រុកហ្នឹង ដោយសារតែលោកហ៊ុន សែន គាត់ខ្លាចប្រជាប្រិយភាពលោកសម រង្ស៊ី លោកកឹម សុខា រួមដៃគ្នាទៅ បោះឆ្នោតដោយសេរីនិងយុត្តិធម៌ទៅ ចាញ់គណបក្សសង្រ្គោះជាតិ ។ អ៊ីចឹងហើយបានជាឲ្យតុលាការគាត់ហ្នឹង កាត់ទោសលោកសម រង្ស៊ី លោកកឹម សុខា ពីរឿងក្បត់ជាតិអ៊ីចឹងទៅ ហើយរំលាយគណបក្សសង្រ្គោះជាតិ ដែលអាចឈ្នះការបោះឆ្នោត កាលពីឆ្នាំ​២០១៧ ហើយបើសិនជាបោះឆ្នោតឆ្នាំ២០១៨ មានគណបក្សសង្រ្គោះជាតិ គឺប្រាកដជាចាញ់គណបក្សសង្រ្គោះ​ជាតិហើយ ។ ដូច្នេះការដែលហៅថា លោកសម រង្ស៊ី ជាជនក្បត់ជាតិហ្នឹង គឺជារឿងអយុត្តិធម៌នៅក្នុង​សង្គមខ្មែរ​នោះទេ ដែលសម្រាប់អ្នកសេ្នហាជាតិ ដែលហ៊ានតស៊ូតាមផ្លូវច្បាប់ ជាមួយនឹងជនផ្ដាច់ការនៅកម្ពុជា ។ ដូច្នេះការនិយាយរបស់លោកសុខ ឥសាន ហ្នឹង គ្រាន់តែជាសេក សូត្រតាមមេដឹកនាំរបស់គាត់តែប៉ុណ្ណោះឯង“ ៕

RELATED ARTICLES