ញូវដេលី (ឥណ្ឌា) ៖ សេវាកម្មផ្លូវអាកាស និងរថភ្លើងក្នុងរដ្ឋធានីញូវដេលី (New Delhi) របស់ឥណ្ឌា ត្រូវ បានរំខាន បន្ទាប់ពីអ័ព្ទដ៏ក្រាស់នៃការបំពុល បានគ្របដណ្តប់តំបន់ទាំងមូល ធ្វើឲ្យការមើលឃើញ មិនដល់៥០ម៉ែត្រ និងនាំឱ្យមានគ្រោះថ្នាក់ជាច្រើននៅលើដងផ្លូវ ដោយសារអាកាសធាតុត្រជាក់ ហើយចុះអ័ព្ទក្រាស់។ផលប៉ះពាល់នៃអាកាសធាតុចុះអ័ព្ទនេះ ធ្វើឲ្យការធ្វើដំណើរក្នុងទីក្រុងញូវដេលី និងផ្នែកខ្លះនៃភាគខាងជើង ប្រទេសឥណ្ឌា ត្រូវបានរំខាន។ ជើងហោះហើរ ជាង ១០០ និងរថភ្លើង ២៥ខ្សែ ត្រូវបានពន្យារពេលធ្វើដំណើរ។

នៅរដ្ឋឧត្តរប្រទេស (Uttar Pradesh) មានសេចក្តីរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត ជាច្រើនគ្រឿង នៅលើផ្លូវល្បឿនលឿន បន្ទាប់ពីមានអ័ព្ទនៅតំបន់នោះ ធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួស ប៉ុន្តែមិន មានអ្នកស្លាប់ទេ។

ការិយាល័យឧតុនិយមឥណ្ឌា បានប្រកាសថា ទីក្រុងញូវដេលី បានគ្របដណ្តប់ដោយអ័ព្ទយ៉ាងក្រាស់ ដែល រួមមានធូលី ផ្សែងពុល និងសារធាតុបំពុលផ្សេងៗ ប៉ះពាល់ដល់សុខភាពមនុស្ស ប្រហែល ២០លាននាក់ ដែលរស់នៅក្នុងរដ្ឋធានីនេះ។ សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុងញូវដេលីគឺ ៣៧៦ ដែលអន់ណាស់។ ការិយាល័យឧតុនិយម បានព្យាករថា អាកាសធាតុចុះអ័ព្ទខ្លាំងនេះ អាចបន្តរយៈពេល ៥ថ្ងៃទៀត ដោយ មានការព្រមានដល់សាធារណជន ឱ្យបើកបរដោយប្រុងប្រយ័ត្ន ដោយប្រើភ្លើងអ័ព្ទ។ លើសពីនេះគួរចៀស វាងការធ្វើដំណើរដែលមិនចាំបាច់៕
