Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ប្រាប់ប្រធានាធិបតីពូទីន វាយយកបានទីក្រុងម៉ារីនកា របស់អ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ប្រាប់ប្រធានាធិបតីពូទីន វាយយកបានទីក្រុងម៉ារីនកា របស់អ៊ុយក្រែន

ប្រទេសរុស្ស៉ី ៖ លោកសឺរហ្គេ ស៊យហ្គូ (Sergei Shoigu) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានអះអាងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ថា ទាហានរុស្ស៊ី បានកាន់កាប់ទីក្រុងម៉ារីនកា (Marinka) ទីក្រុងដ៏សំខាន់មួយ នៅតំបន់ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយសារតែវាត្រូវបានចាត់ទុកជា ច្រកចេញចូលទៅកាន់តំបន់ដូនេតស្ក៍ (Donetsk) ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែន បានបដិសេធការអះអាងនេះ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍អំពីស្ថានភាពសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនកងទ័ពរុស្សី ចូលទៅក្នុងសង្រ្គាមពេញទំហឹង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២។

លោកសឺរហ្គេ ស៊យហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានប្រាប់លោកប្រធានាធិបតី ពូទីន ថាក្រុមវាយឆ្មក់រុស្ស៊ី ដណ្តើមយកបានតំបន់ដែលមានសក្តានុពលខ្លាំង នៅខាងក្រៅតំបន់ Donetsk ។

ទីក្រុងម៉ារីនកា ត្រូវបានគេចាត់ទុកជា “ច្រកចេញចូល” ទៅក្នុងតំបន់ Donetsk ដែលឥឡូវនេះត្រូវបានខូច ខាតស្ទើរតែទាំងស្រុង ពីការប៉ះទង្គិចគ្នា រវាងទាហានរុស្ស៊ី និងអ៊ុយក្រែន។

យ៉ាងណា រដ្ឋាភិបាលអ៊ុយក្រែន បានបដិសេធភ្លាមៗចំពោះការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដែលថា ទាហានរុស្ស៊ី បានដណ្តើមកាន់កាប់ទីក្រុងម៉ារីនកា នេះ ។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានប្រកាសដាក់បញ្ចូលតំបន់ខឺរសុន (Kherson) និងលូហានស្ក៍ (Luhansk)  ដូចគ្នានឹងដូនេតស្ក៍ (Donetsk) និងហ្សាប៉ូរីសៀ (Zaporichia) បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី ចាប់ តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈដែលប្រទេសជាច្រើនជុំវិញពិភពលោក មិនទទួលយកសកម្មភាពបែបនេះរបស់ រុស្ស៊ី ព្រោះចាត់ទុកថាខុសច្បាប់អន្តរជាតិ៕

RELATED ARTICLES