អ៊ុយក្រែន ៖ កាំជ្រួចមីសស៊ីល Storm Shadow របស់អ៊ុយក្រែន បាញ់ចំកប៉ាល់របស់រុស្ស៊ី នៅតំបន់គ្រីមៀរ ខណៈអ៊ុយក្រែន ផ្ញើសារជូនលោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ក្នុងថ្ងៃបុណ្យគ្រិស្តម៉ាស់ (ណូអែល)។យោងតាមវីដេអូដែលថតដោយប្រជាជនដែលរស់នៅក្បែរកំពង់ផែ Feodosia បង្ហាញពីដុំភ្លើងដ៏ធំមួយ ដែលហក់ឡើងលើមេឃ បន្ទាប់ពីមានការសង្ស័យថា មានការវាយប្រហារដោយមីសស៊ីល របស់អ៊ុយក្រែន កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ការវាយប្រហារនៅថ្ងៃបុណ្យណូអែល ដែលទីក្រុងគីវ (Kyiv) បានទទួលខុសត្រូវនេះ ត្រូវបានរាយការណ៍ថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ ហើយនាវា Novercherkassk ត្រូវបានខូចខាតយ៉ាងធ្ងន់។អភិបាលនៃដែនដី បាននិយាយនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ហើយអគារចំនួន៦ ត្រូវបានបង្ខំឱ្យជម្លៀសមនុស្សចេញ។

នេះគឺជាការវាយប្រហារចុងក្រោយបំផុត ក្នុងការវាយប្រហារជាបន្តបន្ទាប់ សំដៅទៅលើនាវាចម្បាំងរុស្ស៊ី នៅក្នុងសមុទ្រខ្មៅ ខណៈដែលអ៊ុយក្រែន នៅតែបន្តការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងកងទ័ពរបស់លោកវ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីការលុកលុយខុសច្បាប់របស់គាត់ ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
