Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល វាយប្រហារក្រុមហាម៉ាស់ ១ថ្ងៃ សម្លាប់២០១នាក់ ចាប់បានរាប់រយនាក់

អ៊ីស្រាអែល វាយប្រហារក្រុមហាម៉ាស់ ១ថ្ងៃ សម្លាប់២០១នាក់ ចាប់បានរាប់រយនាក់

អ៊ីស្រាអែល ៖ ទាហានអ៊ីស្រាអែល បានចាប់អ្នកប្រយុទ្ធប្រដាប់អាវុធប៉ាឡេស្ទីន រាប់រយនាក់ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។ ខណៈក្រុមហាម៉ាស់ អះអាង ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្ស ២០០នាក់ ស្លាប់នៅហ្គាហ្សា ក្នុងមួយថ្ងៃ។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយកា លពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ថា ពួកគេបានចាប់ខ្លួនអ្នកប្រយុទ្ធក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ិស្លាម ចំនួន ២០០នាក់ នៅក្នុងប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប ពេញមួយសប្តាហ៍កន្លងមក ហើយបាននាំមនុស្ស មួយក្រុមនេះ ទៅស្រុកអ៊ីស្រាអែល ដើម្បីសួរចម្លើយ។

សេចក្តីថ្លែងការណ៍យោធាអ៊ីស្រាអែល ក៏បានអះអាងថា ជនសង្ស័យមួយចំនួន កំពុងលាក់ខ្លួនក្នុងចំណោមជន ស៊ីវិល ហើយពួកគេខ្លះបានចុះចាញ់ដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងខែតុលា ឆ្នាំ២០២៣  មក កងទ័ពអ៊ីស្រាអែល ចាប់បានជនសកម្មប្រយុទ្ធប៉ាឡេស្ទីន ជាង ៧០០នាក់ ខណៈក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា ប្រជាជននៅតំបន់ហ្គាហ្សា ជាង ២០ ០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងអំឡុងពេលនោះ និងមិនតិចជាង ៥៣ ០០០នាក់ បានរងរបួស។ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បានធ្វើបច្ចុប្បន្នភាពបន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូឆ្នាំ២០២៣ ថា មនុស្ស ២០១នាក់ផ្សេងទៀត បានស្លាប់ និង ៣៦៨នាក់ បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។

ចំណែកភាគីអ៊ីស្រាអែល បញ្ជាក់ថា ទាហានរបស់ពួកគេ ចំនួន ៥នាក់ទៀត បានស្លាប់ក្នុងអំឡុងពេល ប្រយុទ្ធ គ្នានៅតំបន់ហ្គាហ្សា ដែលបង្កើនចំនួនអ្នកស្លាប់ជាបន្តបន្ទាប់ នៃទាហានអ៊ីស្រាអែល បានកើនឡើងដល់ ១៤៤ នាក់។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យោធាអ៊ីស្រាអែល បានឲ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួន បានសម្លាប់ លោកហាស់សាហ៍ អាត្រាសហ៍ (Hassah Atrash) ជាបុរសដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធអាវុធ ចូលទៅក្នុងតំបន់ហ្គាហ្សា សម្រាប់ក្រុមហាម៉ាស់។ ប៉ុន្តែក្រុមហាម៉ាស់មិនទាន់ចេញមុខធ្វើអត្ថាធិប្បាយ នៅឡើយទេ។

ចំពោះស្ថានភាពប្រយុទ្ធនៅហ្គាហ្សា យោធាអ៊ីស្រាអែល និយាយថា ខ្លួនគ្រប់គ្រងភាគច្រើននៃតំបន់ហ្គាហ្សា ភាគខាងជើង និងកំពុងបង្កើនប្រតិបត្តិការនៅភាគខាងត្បូង ការប្រកាសនេះ ត្រូវបានធ្វើឡើងចំពោះប្រជាជន នៅក្នុងជំរំជនភៀសខ្លួនប៊ូរេច (Burej) នៅកណ្តាលតំបន់ហ្គាហ្សា (Gaza) ។

អង្គការសហប្រជាជាតិ និយាយថា បទបញ្ជាជម្លៀសមនុស្សចុងក្រោយរបស់អ៊ីស្រាអែល ប៉ះពាល់ដល់មនុស្ស ១៥០ ០០០នាក់ នៅហ្គាហ្សា៕

RELATED ARTICLES