អូស្ត្រាលី ៖ ប្រជាជនអូស្ត្រាលី នៅរដ្ឋឃ្វីនស៍ឡែន (Queensland) ប្រឈមមុខនឹងជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង ដោយសារមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងកំណត់ត្រា ពីឥទ្ធិពលនៃព្យុះស៊ីក្លូន Jasper ធ្វើឲ្យបណ្តាញគមនាគមន៍នៅទីក្រុងជាច្រើនត្រូវបានកាត់ផ្តាច់ និងមនុស្សជាង ១៤ ០០០នាក់ ត្រូវបានជម្លៀសចេញទៅរកទីទួលសុវត្ថិភាព។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា មនុស្សជាង ១៤ ០០០នាក់ នៅក្នុងរដ្ឋឃ្វីនស៍ឡែន នៃតំបន់ភាគឦសានប្រទេសអូស្ត្រាលី ត្រូវជម្លៀសចេញពីផ្ទះដែលលិចទឹក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងកំណត់ត្រានៅរដ្ឋឃ្វីស៍ឡែន (Queensland) ដោយសារតែឥទ្ធិពលនៃព្យុះស៊ីក្លូន ចាស្ពើរ (Jasper) បណ្តាលឱ្យទីក្រុងជាច្រើន ទទួលរងនូវទឹកជំនន់ភ្លាមៗ បណ្តាញគមនាគមន៍ត្រូវបានកាត់ផ្តាច់ យានជំនិះមិនអាចធ្វើដំណើរបានទេ ។
មន្ត្រីអាជ្ញាធររដ្ឋឃ្វីនស៍ឡែន បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ ត្រូវប្រើឧទ្ធម្ភាគចក្រយោធា ដើម្បីជម្លៀសអ្នកស្រុកដែលរងគ្រោះដោយទឹកជំនន់ ជាង ៣០០នាក់ ខណៈដែលផ្លូវ ត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់ដែលពួកគេរស់នៅ។
ដោយឡែក ទីក្រុងខែនស៍ (Cairns) ដែលជាទីក្រុងទេសចរណ៍ដ៏ពេញនិយម ទេសចរនិយមមើលថ្មប៉ប្រះទឹកក្រោមបាតសមុទ្រដែលវែងជាងគេលើពិភពលោកនោះ ភាគច្រើនត្រូវបានជន់លិចនាំឱ្យមានការបារម្ភថា មនុស្ស ១៦០ ០០០នាក់ នៅទីក្រុង Cairns នឹងគ្មានទឹកស្អាតប្រើប្រាស់។

មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ទីក្រុង Cairns ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដោយបរិមាណទឹកភ្លៀង ៦០០០មិល្លីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេល ៤០ម៉ោង រហូតដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ លើសពីទឹកភ្លៀងជាមធ្យម រហូតដល់ ៣ដង។
សូម្បីយន្តហោះជាច្រើនគ្រឿង ដែលបានចតនៅអាកាសយានដ្ឋាន Cairns ក្នុងទីក្រុង Cairns ក៏ត្រូវលិចទឹក បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាមៗ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ពីឥទ្ធិពលព្យុះស៊ីក្លូន Jasper ។ស្ថានភាពទឹកជំនន់នៅទីក្រុង Cairns បានរំខានដល់ជើងហោះហើរទាំងក្នុងនិងក្រៅប្រទេសនៅអាកាសយានដ្ឋាន Cairns ដោយត្រូវបានលុបចោល ឬកាលបរិច្ឆេទធ្វើដំណើរត្រូវបានពន្យារពេល ខណៈដែលផ្លូវរត់នៅអាកាសយានដ្ឋាន Cairns ត្រូវបានជន់លិច។ ទន្ទឹមនឹងនេះ អគារជាង ១៤ ០០០ ត្រូវបានរាយការណ៍ថា គ្មានថាមពលអគ្គិសនីប្រើប្រាស់ ព្រោះអាជ្ញាធរអគ្គិសនីត្រូវកាត់ផ្តាច់ចរន្តអគ្គិសនី ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់។

អ្វីដែលធ្វើឲ្យមនុស្សម្នាតក់ស្លុតថែមទៀតនោះ គឺគេបានឃើញក្រពើ ហែលទឹក នៅតំបន់ដែលលិចលង់ដោយទឹកជំនន់ ដូចជាតាមតំបន់ជនបទ Vujal និង Ingham ជាដើម។ ទន្ទឹមនឹងនេះ ទីក្រុងជាច្រើន ក្នុងរដ្ឋ Queensland កំពុងជួបប្រទះទឹកជំនន់ដ៏ធំ។
ទីប្រជុំជន និងទីក្រុងវូចាល់ (Wujal) ដែលជាទីក្រុងជនបទមួយ មានកុលសម្ព័ន្ធអាប័រីជីន (Aborigin) រស់នៅ ក៏ទទួលរងនូវទឹកជំនន់ខ្លាំងផងដែរ។ ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្ស ៩នាក់ រួមទាំងក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ត្រូវបានជម្លៀសចេញពីទឹកជំនន់ និងឡើងទៅលើដំបូលមន្ទីរពេទ្យ។

លោកស្ទីវេន ម៉ែលស៍ (Steven Miles) ប្រធានរដ្ឋឃ្វីនស៍ឡែន (Queensland) បានថ្លែងថា លោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ស្ថានភាពទឹកជំនន់នៅឃ្វីនស៍ឡែន នេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតដែលគាត់មិនធ្លាប់បានឃើញពីមុនមក៕