ប្រទេសតួកគី ៖ សមាជិកសភាតួកគី ម្នាក់ មកពីបក្សប្រឆាំង បានស្លាប់កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នា២០២៣ ពីរថ្ងៃ បន្ទាប់ពីគាំងបេះដូង និងដួលនៅក្នុងកិច្ចប្រជុំសភា ខណៈដែលគាត់បានឡើងថ្លែងបញ្ចេញយោបល់រិះគន់គោល នយោបាយរបស់រដ្ឋាភិបាល ចំពោះអ៊ីស្រាអែល។

រដ្ឋមន្ត្រីសុខាភិបាលតួកគី លោកហ្វាហ៍រេតទីន កូកា (Fahrettin Koca) បានប្រាប់អ្នកយកព័ត៌មានថា លោក ហាសាន ប៊ីតមេស (Hasan Bitmez) អាយុ ៥៤ឆ្នាំ សមាជិកសភា មកពីគណបក្សប្រឆាំង Felicity (Saadet) បានទទួលមរណភាពនៅមន្ទីរពេទ្យ ទីក្រុងអង់ការ៉ា (Ankara) ។
យោងតាមវីដេអូ បានបង្ហាញពីលោកហាសាន ប៊ីតមេស បានដួលទៅលើកម្រាលឥដ្ឋ ក្នុងអំឡុងពេលដែល លោកកំពុងឡើងមានមតិនៅក្នុងកិច្ចប្រជុំសភា ក្នុងទីក្រុងអង់ការ៉ា ហើយសមាជិកសភាផ្សេងទៀត បានរត់ទៅ ជួយលើកគាត់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

លោក ហាសាន ប៊ីតមេស បាននិយាយខ្លាំងៗនៅមុនពេលដួលថា «ប្រហែលជាយើងអាចលាក់ មនសិការ របស់យើង ប៉ុន្តែមិនមែនប្រវត្តិសាស្ត្រទេ ។ អ៊ីស្រាអែល នឹងទទួលរងនូវកំហឹងរបស់ព្រះអាឡោះ ដូចដែល បានរាយការណ៍ដោយ The Yeshiva World» ។ ភ្លាមៗនោះ គាត់បានដួលដាច់ផ្ងារទៅលើកម្រាលឥដ្ឋ សន្លប់ស្តូក។
ប្រព័ន្ធផ្សព្វផ្សាយតួកគី បានរាយការណ៍ថា ក្នុងពេលនោះ មានការជួយសង្គ្រោះបឋមពីសហការី ចាសមាជិក សភា ដោយការសង្កត់ដើមទ្រូង ធ្វើចលនាបេះដូង អស់រយៈពេលមួយសន្ទុះដែរ មុននឹងប្រញាប់បញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ទោះបីជាយ៉ាងណា ក្រោយទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បាន២ថ្ងៃ លោកហាសាន ប៊ីតមេស បានលាចាកលោកទៅ ដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតគាត់បានឡើយ ដោយសារតែគាំងបេះដូង៕