អ៊ីស្រាអែលនិងក្រុមហាម៉ាស់បានធ្វើកិច្ចព្រមព្រៀងចុងក្រោយមួយទៀតកាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ខែវិច្ឆិកា ដើម្បីបន្តបទឈប់បាញ់ពីរយៈពេល ៦ ទៅ៧ថ្ងៃ ដើម្បីដោះប្តូរចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សាជាមួយអ្នកទោសប៉ាឡេស្ទីននៅក្នុងដៃអ៊ីស្រាអែល។

ប្រទេសកាតាដែលសម្របសម្រួលកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថា បទឈប់បាញ់នឹងត្រូវបន្តមួយថ្ងៃទៀត ខណៈការផ្អាកមនុស្សធម៌រយៈពេលប្រាំមួយថ្ងៃនៅហ្គាហ្សាត្រូវបានកំណត់នឹងបញ្ចប់។ភាគីប៉ាឡេស្ទីននិងអ៊ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបសម្រាប់មួយថ្ងៃបន្ថែមក្រោមលក្ខខណ្ឌដូចមុនដដែល។ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ទោះជាមានការពន្យាពេលបទឈប់បាញ់អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ និង១៦នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហាររបស់ក្រុមភេរវកនៅទីក្រុងហ្សេរុយសាឡឹម។
ប៉ូលីសអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយ ភេរវករប្រដាប់អាវុធពីរនាក់បងប្អូនក្នុងវ័យ ៣០ ឆ្នាំកាលពីម៉ោង ៧និង៤០ នាទី(ម៉ោងក្នុងស្រុក)។ អ្នកនាំពាក្យរូបនេះបានបន្ថែមថាក្រុមមន្ត្រីកំពុងបើកការស៊ើបអង្កេតលើការវាយប្រហារនេះ។ក្រុមអ្នកវាយប្រហារ “បានបាញ់ទៅលើជនស៊ីវិលនៅស្ថានីយ៍រថយន្តក្រុង និងយានជំនិះ ដោយប្រើកាំភ្លើង M-16 និងកាំភ្លើងខ្លីមួយដើម” ៕