ប្រទេសកូរ៉េខាងជើងបានព្រមានកាលពីថ្ងៃចន្ទថា ខ្លួននឹងបន្តអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន រួមទាំងតាម រយៈការបាញ់បង្ហោះផ្កាយរណប ខណៈពេលដែលកងទ័ពរបស់ខ្លួនកំពុងស្តារឡើងវិញនូវប៉ុស្តិ៍យាមដែលត្រូវ បានបំផ្លាញមួយចំនួននៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង។មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថាប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហាន និងឧបករណ៍ ទៅកាន់តំបន់គ្មានយោធា (DMZ) នៅក្នុងការផ្លាស់ប្តូរជាក់ស្តែងមួយដើម្បីស្តារប៉ុស្តិ៍យាមដែលត្រូវបានបំផ្លាញ បន្ទាប់ពីកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ។

យោធាកូរ៉េខាងត្បូងបានរកឃើញសកម្មភាពកើនឡើងនៅទូទាំងតំបន់ព្រំដែនបន្ទាប់ពីកូរ៉េខាងជើងបានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថានឹងបន្តវិធានការយោធាទាំងអស់ដែលត្រូវបានបញ្ឈប់ក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដើម្បីឆ្លើយតបទៅនឹងការផ្អាកដោយផ្នែកនៃកិច្ចព្រមព្រៀងរបស់ទីក្រុងសេអ៊ូលបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង។
ក្នុងឆ្នាំ ២០១៨ កូរ៉េទាំងពីរបានបំផ្ទុះប៉ុស្តិ៍យាមចំនួន ១០ក្នុងចំណោម១១ នៅតំបន់ DMZ ដែលជាផ្នែកមួយនៃ កិច្ចព្រមព្រៀងអន្តរកូរ៉េ ដើម្បីកាត់បន្ថយភាពតានតឹង និងការពារការប៉ះទង្គិចគ្នាដោយចៃដន្យ ដោយបន្សល់ទុក នូវប៉ុស្តិ៍យាមមួយ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។
មន្ត្រីយោធាបាននិយាយថា ទាហានកូរ៉េខាងជើងប្រដាប់ដោយអាវុធធុនធ្ងន់ ត្រូវបានគេប្រទះឃើញស្ដារ ប៉ុស្តិ៍យាមដែលរងការខូចខាតនៅក្នុងទីតាំងជាច្រើនចាប់តាំងពីថ្ងៃសុក្រ ដោយសំអាងលើរូបថតដែលថត ដោយកាមេរ៉ា និងឧបករណ៍អុបទិកកម្ដៅដែលបានដំឡើងនៅក្នុង DMZ ។មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានថា មានប៉ុស្តិ៍យាមតែមួយចំនួនប៉ុណ្ណោះ ដែលកំពុងដំណើរ ការជួសជុលប៉ុន្តែកូរ៉េខាងជើង ត្រូវបានរំពឹងថានឹងស្តារឡើងវិញទាំងអស់ ព្រោះវាជាកន្លែងចាំបាច់សម្រាប់ការ ឃ្លាំមើល ៕