ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីកាលពីថ្ងៃព្រហស្បតិ៍ទី២៣ វិច្ឆិកា បាននិយាយថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលប្រទេសរបស់លោកបណ្តេញរុស្ស៊ីចេញពីលើមេឃ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅបណ្តាញសង្គមX (tweeter)លោកហ្សឡិនស្គីបាននិយាយថា ចាប់តាំងពីឆ្នាំ ២០២២អ៊ុយក្រែនបានរំដោះទឹកដីជាងពាក់កណ្តាលដែលរុស្ស៊ីបានកាន់កាប់។នៅឆ្នាំ២០២៣ អ៊ុយក្រែនបានបណ្តេញកងនាវារុស្ស៊ីចេញពីសមុទ្រខ្មៅភាគច្រើនហើយឆ្នាំ២០២៤ត្រូវតែជាឆ្នាំដែលអ៊ុយក្រែនបោសសម្អាតរុស្ស៊ីចេញពីផ្ទៃមេឃ។

លោកបានបង្ហាញហេតុផលចំនួន៥ ថាហេតុអ្វីបានជាការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែនគឺជាការវិនិយោគសន្តិសុខជាយុទ្ធសាស្រ្តដ៏ល្អបំផុត? ហេតុផលដំបូងបង្អស់លោកបាននិយាយថាវាអាចជួយសង្គ្រោះជីវិតមុនុស្ស ។
លោកបាននិយាយបន្ថែមទៀតថា ការផ្តល់ប្រព័ន្ធការពារដែនអាកាស និងការប្រើប្រាស់របស់ពួកគេនៅគ្រប់តំបន់ និងទីក្រុងសំខាន់ៗមានន័យថាមនុស្សកាន់តែច្រើនអាចត្រឡប់មកមកប្រទេសវិញ។ទី២វានឹងជំរុញសេដ្ឋកិច្ចអ៊ុយក្រែន កាត់បន្ថយគម្លាតថវិកានិងកាត់បន្ថយការពឹងផ្អែករបស់ទីក្រុងគៀវ លើជំនួយហិរញ្ញវត្ថុពីបរទេស។

លោកប្រធានាធិបតីបាននិយាយថា ហេតុផលទីបី ការការពារដែនអាកាសរបស់យើងកាន់តែខ្លាំង ភាពជោគជ័យរបស់អ៊ុយក្រែនកាន់តែច្រើននៅក្នុងសមុទ្រខ្មៅ ការនាំចេញតាមសមុទ្រកាន់តែច្រើន ការការពារសេរីភាពនៃការធ្វើនាវាចរណ៍កាន់តែប្រសើរ ធ្វើអោយវាមានស្ថេរភាពកាន់តែច្រើន ។លោកបាននិយាយថានេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនចែកចាយអាហាររាប់តោនបន្ថែមតាមរយៈច្រករបៀងនាំចេញតាមសមុទ្រដែលមានសុវត្ថិភាពជាងមុននិងទប់ទល់នឹងវិបត្តិស្បៀងអាហារពិភពលោក។លោកហ្សេឡិនស្គីក៏បាននិយាយផងដែរថា ប្រព័ន្ធការពារដែនអាកាស និងកាំជ្រួចបន្ថែមនីមួយៗ ជួយសន្សំសំចៃធនធានសម្រាប់អ៊ុយក្រែន ដែលនឹងត្រូវបានប្រើដើម្បីជួសជុលវត្ថុដែលត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រព័ន្ធថាមពល បណ្តាញអគ្គិសនី។
លោកបានបន្ថែមថាទីប្រាំ ការបដិសេធរុស្ស៊ីនូវសមត្ថភាពក្នុងការធ្វើភេរវកម្មមកលើអ៊ុយក្រែនដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នឹងបង្ខំឱ្យអ្នកឈ្លានពានបោះបង់យុទ្ធសាស្ត្រនេះ ដែលនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទាំងមូលដើម្បីនាំមកនូវជ័យជំនះកាន់តែខិតជិត។

លោកបានថ្លែងអំណរគុណចំពោះអ្នកដែលពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែនដោយនិយាយថា ដៃគូរបស់គៀវកំពុងបង្កើតការវិនិយោគសន្តិសុខជាយុទ្ធសាស្ត្រល្អបំផុតនិងកំពុងសន្សំធនធានយ៉ាងច្រើនក្នុងរយៈពេលវែងតាមរយៈការផ្តល់ជំនួយបែបនេះ ៕