ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធទី៨វិច្ឆិកា បាននិយាយថា អង្គការណាតូកំពុងព្យាយាម ពង្រីកព្រំដែនភូមិសាស្ត្ររបស់ខ្លួន ជាពិសេសគឺក្នុងទិសដៅមកទ្វីបអាស៊ី។
មុនជួបជាមួយលោក Zhang Youxia អនុប្រធានគណៈកម្មាការយោធាមជ្ឈិមប្រទេសចិន ក្នុងទីក្រុងម៉ូស្គូលោក ពូទីនបាននិយាយថាយើងឃើញការប៉ុនប៉ងដោយប្រទេសមួយចំនួនដើម្បីពង្រីកតំបន់ឥទ្ធិពលរបស់ពួកគេ ហើយសម្ព័ន្ធអាត្លង់ទិកខាងជើង បានធ្វើរឿងចម្លែកគ្រប់គ្រាន់ ក្នុងការរំលោភលើឯកសារគោលលទ្ធិរបស់ខ្លួន ដោយការប៉ុនប៉ងហួសពីព្រំដែនភូមិសាស្រ្តនៃសកម្មភាពរបស់ខ្លួន។

លោក ពូទីន បាននិយាយបន្ថែមទៀតថា សហរដ្ឋអាមេរិកកំពុងអូសទាញប្រទេសណាតូកាន់តែច្រើនឡើង ដើម្បីបង្កើតស្ថានការណ៍តានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈពេលដែលកំពុងព្យាយាមបង្កើតសម្ព័ន្ធ ភាពយោធា និងនយោបាយថ្មីជាមួយបណ្តាប្រទេសក្នុងតំបន់។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកគិតតែផលប្រយោជន៍អាត្មានិយមរបស់ខ្លួន ខណៈប្រទេសរបស់លោក និងប្រទេសចិនបានប្រតិកម្មចំពោះចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើតសម្ព័ន្ធមិត្តថ្មីនៅក្នុងតំបន់ក្នុងលក្ខណៈស្ងប់ស្ងាត់និងមានតុល្យភាព”ដោយការពង្រឹងសមត្ថភាពការពាររបស់ពួកគេ រួមទាំងតាមរយៈសមយុទ្ធ ទ័ពជើងទឹក និងអាកាសរួមគ្នា។
ហ្វាំងឡង់ និងស៊ុយអែត បន្ត គាំទ្រអ៊ុយក្រែន ចូលEU
ប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសហ្វាំងឡង់និងស៊ុយអែតបានអះអាងឡើង វិញនូវការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ុយក្រែនក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុប។បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការពារជាតិ លោក Antti Hakkanen និងរដ្ឋមន្ត្រីការបរទេសលោកស្រី Elina Valtonen របស់ ហ្វាំងឡង់ និងសមភាគីស៊ុយអែត លោក Pal Jonson និង Tobias Tobias Billstrom រៀងៗខ្លួន ភាគីទាំងពីរបានសង្កត់ធ្ងន់ក្នុងសន្និសីទសារព័ត៌មានថា ដំណើរការសមាជិកភាពរបស់អ៊ុយក្រែន ត្រូវតែដំណើរការដោយសមស្របនិងយកចិត្តទុកដាក់ជាពិសេសចំពោះការលុបបាត់ អំពើពុករលួយក្នុង ប្រទេសអ៊ុយក្រែន៕