ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយកាលពីថ្ងៃសុក្រទី ៣ខែវិច្ឆិកាថាប្រទេសកូរ៉េខាងជើងបានប្តេជ្ញាបន្តសកម្មភាពយោធានិងបានធ្វើការរិះគន់ធ្ងន់ៗទៅលើសហរដ្ឋអាមេរិក ជុំវិញការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កាលពីពេលថ្មីៗនេះ។
នៅក្នុងអត្ថបទមួយដែលអ្នកអត្ថាធិប្បាយយោធាធ្វើឡើង ដោយមិនបានបញ្ជាក់ឈ្មោះអ្នកនិពន្ធបានប្រាប់KCNA ថា កូរ៉េខាងជើងនឹងបន្តសកម្មភាពយោធារបស់ខ្លួនដើម្បីពង្រឹងការរារាំង និងធានាសន្តិសុខជាយុទ្ធសាស្រ្តនៅក្នុងឧបទ្វីបកូរ៉េ និងក្នុងតំបន់។
របាយការណ៍ក៏បានរិះគន់អាមេរិកជុំវិញការបាញ់សាកល្បងមីស៊ីល Minuteman III ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅឯមូលដ្ឋានទ័ពអវកាសVandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ ដែលកងទ័ពអាកាសអាមេរិកបាននិយាយថា ត្រូវបានបំផ្ទុះឡើងបន្ទាប់ពីមានភាពមិនប្រក្រតីត្រូវបានរកឃើញ។
យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឱ្យដឹងថា គណៈប្រតិភូកូរ៉េខាងត្បូងមួយក្រុមបានទៅទស្សនាមូលដ្ឋាន និងសង្កេតមើលការបាញ់បង្ហោះ ICBM នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។

អត្ថបទនេះក៏បានរិះគន់ចលនាយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងរួមទាំងការដាក់ពង្រាយនូវអ្វីដែលខ្លួនបានពិពណ៌នាថាជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។កូរ៉េខាងត្បូងបានធ្វើសមយុទ្ធលើអាកាសរួមគ្នាជាមួយអាមេរិក និងជប៉ុន នៅជិតឧបទ្វីបកូរ៉េកាលពីខែមុន ដោយមានការចូលរួមក្នុងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិក ក៏ដូចជាយន្តហោះចម្បាំងរបស់ប្រទេសទាំងបី។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏បានធ្វើសមយុទ្ធដែនអាកាសដ៏ធំដែលមានយន្តហោះចម្បាំងចំនួន១៣០គ្រឿងមកពីប្រទេសទាំងពីរ ដើម្បីក្លែងធ្វើប្រតិបត្តិការសង្គ្រាមរយៈពេល ២៤ ម៉ោងកាលពីខែមុន។ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សមយុទ្ធទាំងនេះ គឺសំដៅរក្សាការត្រៀមខ្លួនប្រយុទ្ធ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង ៕