មន្ត្រីអាមេរិកពីររូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោកបៃដិនគ្រោងនឹងប្រកាសកញ្ចប់ជំនួយ យោធាចំនួន៤២៥លានដុល្លារសម្រាប់អ៊ុយក្រែននៅថ្ងៃសុក្រថ្ងៃទី៣ ខែវិច្ឆិកា (ត្រូវនឹងថ្ងៃសៅរ៍នៅកម្ពុជា) រួមទាំងគ្រាប់រ៉ុក្កែតប្រឆាំងយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែក។
កញ្ចប់នេះមិនត្រូវបានគេរំពឹងថានឹងរួមបញ្ចូលមីស៊ីល ATACMSបន្ថែមទេ។សមាជិកសភាជាន់ខ្ពស់មក ពីគណបក្សសាធារណរដ្ឋបានជំរុញឱ្យប្រធានាធិបតី ចូ បៃដិន បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ អ៊ុយក្រែន បើទោះបីជាមានសមាជិកសភាអភិរក្សនិយមមួយចំនួនប្រឆាំងនឹងជំនួយបន្ថែមទៀតក៏ដោយ។
កញ្ចប់ជំនួយដែលបានគ្រោងទុកសម្រាប់អ៊ុយក្រែន រួមមានគ្រាប់រំសេវបំពាក់ឡាស៊ែរមានតម្លៃប្រហែល៣០០ លានដុល្លារអាមេរិកដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ។នេះបើយោងតាមឯកសារដែលឃើញដោយរ៉យទ័រ និងមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី។

ការសន្យាអាវុធដែលនៅសេសសល់ចំនួន១២៥ លានដុល្លារអាមេរិករួមមានគ្រាប់បែកបន្ថែមសម្រាប់ប្រព័ន្ធការ ពារដែនអាកាសកម្រិតខ្ពស់បាញ់លើដីទៅអាកាស (NASAMS) គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័ត ខ្ពស់ (HIMARS) កាំភ្លើងធំ១០៥និង១៥៥ មិល្លីម៉ែត្រ អាវុធប្រឆាំង អាវុធរថក្រោះ មីនប្រឆាំងមនុស្ស Claymore អាវុធធុនតូច និងរថយន្តរាប់សិបគ្រឿង។ នេះបើយោងតាមមន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ។
ជាមួយគ្នានេះដែរសភាតំណាងរាស្រ្តអាមេរិកបានអនុម័តវិក័យប័ត្រជំនួយ១៤,៣ពាន់លានដល់អ៊ីស្រាអែល។ ទោះបីជាគណបក្សប្រជាធិបតេយ្យបានព្រមានថា វានឹងត្រូវបានច្រានចោលនៅពេលមកដល់ដៃព្រឹទ្ធសភា។វិធានការរបស់សាធារណរដ្ឋត្រូវបានអនុម័តដោយសម្លេង២២៦-១៩៦ ដោយមានជំនួយពីអ្នកប្រជាធិបតេយ្យ ចំនួន១២។ គណបក្សសាធារណរដ្ឋចំនួនពីរបានបោះឆ្នោតប្រឆាំងនឹងវា។
មេដឹកនាំប្រជាធិបតេយ្យចង់បានច្បាប់មួយដែលរួមបញ្ចូលការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន ប៉ុន្តែសមាជិក សភាគណបក្សសាធារណរដ្ឋបានប្រឆាំងនឹងការផ្តល់ជំនួយអ៊ុយក្រែន និងអ៊ីស្រាអែលជាកញ្ចប់ក្នុងវិធានការ មួយ៕