Monday, April 29, 2024
Homeនយោបាយបន្តវ៉ៃសម្តេចហ៊ុន ម៉ាណែត សម រង្ស៊ី សង្ស័យសញ្ញា បត្របណ្ឌិតសេដ្ឋកិច្ចក្លែងក្លាយ

បន្តវ៉ៃសម្តេចហ៊ុន ម៉ាណែត សម រង្ស៊ី សង្ស័យសញ្ញា បត្របណ្ឌិតសេដ្ឋកិច្ចក្លែងក្លាយ

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាប និកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅទីក្រុងប៉ារីស ប្រទេសបារាំង បានបន្តវ៉ៃប្រហារសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងសញ្ញាបត្រ បណ្ឌិតសេដ្ឋកិច្ច ដែលសម្ដេចហ៊ុន ម៉ាណែត ទទួលបានពីសាកលវិទ្យាល័យប៊្រីស្តូល (Bristol) ប្រទេស អង់គ្លេស ដោយអតីតមេបក្សប្រឆាំងនេះ សង្ស័យថា សញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច របស់សម្តេចហ៊ុន ម៉ាណែត ជាសញ្ញា បត្រក្លែងក្លាយ ដោយជួលជនបរទេស ឲ្យសរសេរនិក្ខេបបទថ្នាក់បណ្ឌិតនេះឲ្យ ។

លោកសម រង្ស៊ី បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ថា “មានការមន្ទិលសង្ស័យអំពីសញ្ញាបត្រ “បណ្ឌិត” ដែលលោក ហ៊ុន ម៉ាណែត បានទទួល កាលពីឆ្នាំ២០០៩ ពីសាកលវិទ្យាល័យមួយដ៏ចម្លែក នៃប្រទេសអង់គ្លេស។ ប្រហែលជាលោក ហ៊ុន ម៉ាណែត បានជួលជនបរទេស ឲ្យសរសេរនិក្ខេបបទ (thesis) ដ៏ចម្លែកមួយ ដែលគ្មានពាក់ព័ន្ធអ្វីពីប្រទេសកម្ពុជា ទាល់តែសោះ“ ។  

ជាមួយគ្នានេះ លោកសម រង្ស៊ី បានលើកយកអត្ថបទដែលនិពន្ធដោយលោកដេវីដ វ៉ៃត៍ហៅស៍ ( David Whitehouse) អ្នកសារព័ត៌មានជនជាតិអង់គ្លេស មានជំនាញខាងការស្រាវជ្រាវពីប្រព័ន្ធអប់រំ នៅប្រទេស អង់គ្លេស  ដែលបានចុះផ្សាយនៅសារព័ត៌មានអន្តរជាតិ ឌឹ ឌីផ្លូម៉ាត (The Diplomat) ថា និក្ខេបបទថ្នាក់បណ្ឌិត ដែលមានចំណងជើងថា “តើអ្វីកំណត់ការចែកចាយទំហំរឹងមាំ និងការរួមបញ្ចូលរចនាសម្ព័ន្ធ?” ដែលសរសេរដោយសម្ដេចហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា តពីឪពុក សម្ដេចហ៊ុន សែន កាលពីខែមុននោះ ពិបាកទទួលយកបានជាងអ្វីដែលអ្នកគិតទៅទៀត

 អ្នកសារព័ត៌មានជនជាតិអង់គ្លេស ដែលលោកសម រង្ស៊ី យកមកបង្ហាញ តាមរយៈការចុះផ្សាយនៅ សារព័ត៌ មានអន្តរជាតិ ឌឹ ឌីផ្លូម៉ាត (The Diplomat) នោះ បានបញ្ជាក់បន្តថា “ ខ្ញុំបានស្នើសុំទៅសាកលវិទ្យាល័យ Bristol ក្រោមច្បាប់សេរីភាពព័ត៌មានរបស់ចក្រភពអង់គ្លេស ដើម្បីសុំឱ្យនិក្ខេបបទនេះចេញផ្សាយ និងសុំការអនុញ្ញាតសម្រាប់ការថតចម្លងដែលត្រូវធ្វើ មិនថានៅក្នុង Bristol ឬនៅបណ្ណាល័យអង់គ្លេស…” ។

 លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ សហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ថា អត្ថបទចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដែលលោកសម រង្ស៊ី យកមកធ្វើសំអាងថា សម្ដេចហ៊ុន ម៉ាណែត ជួលជនបរទេសសរសេរនិក្ខេបបទ ខាងលើនេះ លោកមានការចាប់អារម្មណ៍ដែរ ប៉ុន្តែលោកសុំមិនបញ្ចេញមតិ យោបល់ ឬទស្សនៈទេ ព្រោះនៅក្នុងអត្ថបទនោះរាងស្មុគស្មាញបន្តិច ។  

 ពាក់ព័ន្ធការលើកឡើងរបស់លោកសម រង្ស៉ី ខាងលើនេះ “នគរធំ” បានព្យាយាមទាក់ទងអ្នកនាំពាក្យទាំង៣រូប របស់គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) គឺលោកសុខ ឥសាន លោកបណ្ឌិត ឈឹម ផលវរុណ និងលោកសួស យ៉ារ៉ា ដើម្បីសុំយោបល់ឆ្លើយតប ឬប្រតិកម្ម ប៉ុន្តែមិនសម្រេចទេ កាលពីម្សិលមិញ។

 ដោយឡែក លោកប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ បាល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ពាក់ព័ន្ធនឹងការលើកឡើងរបស់អតីតមេបក្សប្រឆាំង លោកសម រង្ស៊ី ខាងលើនេះ មិនមែនទាក់ទងនឹងការងាររបស់រាជរដ្ឋាភិបាល ដែលត្រូវលោកជាអ្នកនាំពាក្យ បកស្រាយទេ គឺរឿងនេះទាក់ទងនឹងរឿងឯកជនរបស់នាយករដ្ឋមន្រ្តី ត្រូវទុកតួនាទីឲ្យអ្នកនាំពាក្យនាយករដ្ឋមន្រ្តី ជាអ្នកបកស្រាយ ឬមានប្រតិកម្មឆ្លើយតប ។ ដូច្នេះលោកបង្វែររឿងនេះ ឲ្យទៅសាកសួរលោកមាស សុភ័ណ្ឌ ប្រធានអ្នកនាំពាក្យនាយករដ្ឋមន្រ្តី ។ ប៉ុន្តែលេខទូរស័ព្ទរបស់លោកមាស សុភ័ណ្ឌ មិនអាចទាក់ទងបានទេ នៅថ្ងៃដដែលនោះ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលអតីតមេបក្សប្រឆាំង លោកសម រង្ស៉ី វាយប្រហារពីរឿងសញ្ញា បត្ររបស់សម្តេចហ៊ុន ម៉ាណែត គឺកន្លងទៅនេះ លោកសម រង្ស៉ី តែងវាយប្រហារទៅលើសញ្ញាបត្របណ្ឌិត សភាយោធាអាមេរិក West Point របស់សម្តេចហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិតពីរ ក្នុងគោលបំណងវាយ ប្រហារលើសមត្ថភាពរបស់សម្តេចហ៊ុន ម៉ាណែត ហើយពាក់ព័ន្ធករណីនេះ សម្តេចហ៊ុន ម៉ាណែត ធ្លាប់បាន ប្រតិកម្មឆ្លើយតបពីរបីដងរួចមកហើយ ដោយសម្តេច បានបញ្ជាក់ថា សម្តេច បានបបួលលោកសម រង្ស៉ី ភ្នាល់ ដាក់ជីវិតនយោបាយ បើជាការពិតដូចគាត់និយាយមែន បែរជាលោកសម រង្ស៉ី មិនហ៊ានអើតក្បាលមកតទល់ ព្រោះដឹងថាគាត់នឹងចាញ់៕ កុលបុត្រ

RELATED ARTICLES