Wednesday, May 1, 2024
Homeបរិយាយគ្រោះធម្មជាតិ គាបរដ្ឋាភិបាលថ្មី

គ្រោះធម្មជាតិ គាបរដ្ឋាភិបាលថ្មី

ដោយ អាចារ្យថាំ

គ្រាន់តែបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងមានគោលការណ៍ផ្ទេរតំណែងនាយករដ្ឋមន្ត្រី ក៏ដូចរៀបចំ សមាសភាពគណៈរដ្ឋមន្ត្រីក្មេងៗនោះ ក៏ស្រាប់តែធម្មជាតិមិនប្រណី បង្កើតជាព្យុះភ្លៀង ខ្យល់កន្ទ្រាក់ ទឹកជំនន់ បណ្តាលឱ្យ បាក់ដី ដាច់ផ្លូវ លិចផ្ទះសម្បែង និងបាក់រលំគេហដ្ឋានប្រជាពលរដ្ឋនៅតាមស្រុកខ្លះ។ ទោះបីវាជារឿងធម្មតា កើតឡើង ស្ទើរតែរាល់ឆ្នាំ ក៏រាជរដ្ឋាភិបាលចាស់ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែ សម្រាប់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយលោកហ៊ុន ម៉ាណែត ចាត់ទុកករណីនេះថា ជា “គ្រោះធម្មជាតិ គាបរាជរដ្ឋាភិបាល ថ្មី” ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

ថ្ងៃ ២២ សីហា ខាងមុខនេះ គណៈរដ្ឋមន្ត្រីថ្មី នឹងចាប់ផ្តើមដឹកនាំប្រទេស ដោយត្រូវប្រឈមមុខនឹងចំណាត់ការបន្ទាន់ មិនអាចបង្អែបង្អង់បានឡើយ។ ចំណាត់ការដែលសំខាន់បំផុត គឺដោះស្រាយផលប៉ះពាល់ បណ្តាលមកពី “គ្រោះធម្មជាតិវាយប្រហារ” ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាទឹកជំនន់ហូរដាច់ផ្លូវជាតិ ផ្លូវលំ ជាកង់ៗ រលួយស្រូវពង្រោះរបស់ ប្រជាកសិករ ខូចខាតផលដំណាំ ផ្សេងៗរបស់អ្នកចម្ការ៘

គ្រោះធម្មជាតិ ប្រចាំឆ្នាំ២០២៣នេះ វាកើតឡើងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយសារព្យុះភ្លៀង ខ្យល់កន្ត្រាក់ មានចរន្តទឹកបុកពីលើភ្នំកំចាយ ភ្នំឪម៉ាល់ ធ្លាក់ទៅតាមល្បាក់ទឹកនានា ដូចជាជ្រោះឪម៉ាល់ នៅ ខេត្តកំពត ជាដើម កម្លាំងទឹកហូរបុកពីលើភ្នំកំចាយបូកគោ បានកួចនាំយកអាយុសង្ខារយុវវ័យដែលនាំគ្នាទៅបោះតង់ រហូតដល់បាត់បង់ជីវិត គួរឱ្យស្រណោះសង្វេគជាពន់ពេក។

ជំនន់ទឹកភ្លៀង វាយប្រហារខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តភាគឦសាន ក៏រងគ្រោះយ៉ាងដំណំ បាក់ដាច់ផ្លូវជាតិលេខ៧៦ នៅខេត្តមណ្ឌលគិរី ត្រូវបង្ខំបិទចរាចរណ៍។

ដោយឡែក នៅខេត្តកំពត និងខេត្តកែប ដែលរាជរដ្ឋាភិបាល ទម្លាក់ថវិកាជាតិ ជួសជុលផ្លូវជាតិលេខ៣១ លេខ៣៣ និងប្រែក្លាយផ្លូវលំក្រាលក្រួសក្រហម ជាច្រើនខ្សែ ឱ្យទៅជាផ្លូវកៅស៊ូនោះ ត្រូវជំនន់ទឹកភ្លៀង វាយប្រហារដែរ។ កំណាត់ផ្លូវ ជាតិលេខ៣ ពីត្រពាំងរពៅ ទៅផ្សារវាលរេញ ចម្ងាយជាង២០គីឡូម៉ែត្រ កំពុងក្រហេងក្រហូងស្រាប់នោះ ក៏កាន់តែវេទនា ទ្វេឡើងដូចឋាននរក ដោយសារភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃ។ ទន្លេមេគង្គ ក៏មានធារទឹកហក់ឡើងខ្ពស់ លិចលង់ផលដំណាំ ប្រជាពលរដ្ឋ នៅតំបន់ឆ្នេរ ជាបន្តបន្ទាប់ ចាត់ទុកជា “វិញ្ញាសាសម្រាប់រាជរដ្ឋាភិបាលថ្មី” ដោះស្រាយបន្ទាន់។

វិញ្ញាសានេះ ធ្ងន់បន្តិច ដោយមិនអាចទុកការកសាងផ្លូវលំមិនទាន់រួចរាល់ ឱ្យទៅជាផ្លូវកៅស៊ូនោះ “ត្រូវនៅមេម៉ាយ” ដោយងាកមកជួសជុលផ្លូវដាច់ជាកង់ៗបានឡើយ។ ដូច្នេះការចំណាយថវិកាជាតិ កាន់តែច្រើនជាងមុន។ “គ្រោះធម្មជាតិ គាបរាជរដ្ឋាភិបាលថ្មី” ចាប់ពីថ្ងៃ២២ សីហា តទៅហើយ សំខាន់បំផុត “រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន” គ្មាន ពេលឯណា ទៅសម្រាន្តជួបជុំគ្រួសារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតទេ ចាំបាច់ត្រូវតែលាត់ជើងខោ មូរដៃអាវ ចុះដល់ការដ្ឋាន ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារគ្រោះធម្មជាតិ។

ចំណែករដ្ឋមន្ត្រីក្រសួងដទៃទៀត ត្រូវទទួលភារកិច្ចតាមជំនាញ ដូចជា “ទប់អតិផរណាប្រាក់រៀល, តម្លៃប្រេងសាំង, ទប់ទំនិញរត់ពន្ធ៘” ធម្មតាទំនិញសារពើ គេលក់យកចំណេញតៗគ្នា បើមន្ត្រីជំនាញខ្វះការត្រួតពិនិត្យ ជួនកាលដូចឆ្នាំ ២០០៨ ដែលកាហ្វេខ្មៅ ១ពែង ថ្លៃ៥០០រៀល ស្រាប់តែហក់ឡើងដល់ ១៥០០រៀល។ បបរគ្រឿងតាមចិញ្ចើមដងវិថី ១ចាន ១០០០រៀល ស្រាប់តែលោតដល់ ៣០០០រៀល យ៉ាងគំហុក ដែលកាលនោះគេបន្ទោស “វិបត្តិសេដ្ឋកិច្ចពិភពលោក”។

ឥឡូវបើសិនជាមន្ត្រីជំនាញ ទប់ថ្លៃទំនិញមិនជាប់ “តើបន្ទោសអ្វី?” អាចថា ត្រូវបន្ទោស “សង្គ្រាមនៅអ៊ុយក្រែន” ចៀសមិនរួចទេ ប៉ុន្តែបើរដ្ឋមន្ត្រីជំនាញពាណិជ្ជកម្ម មានកណ្តាប់ដៃដែក អត់បន្ទោសសង្គ្រាមនោះទេ ច្បាស់ជាមានវិធានការ “ទប់ថ្លៃទំនិញមិនឱ្យងើបរួច”។

ថវិកាជាតិ ត្រូវចំណាយទៅតាមស្ថានភាព និងកាលៈទេសៈ មិនអាចតម្រឹមឱ្យនៅចំខ្ទង់ជារៀងរហូតបានឡើយ ឬថា ជួនកាលចំណាយតិច ជួនកាលចំណាយច្រើន។ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលថ្មី ត្រូវចំណាយច្រើន នៅត្រង់ជួសជុលហេដ្ឋារចនាសម្ព័ន្ធហ្នឹងឯង។ ការតម្រឹមថវិកាជាតិ សម្រាប់បើកបៀវត្សជូនមន្ត្រីរាជការ កងប្រដាប់អាវុធ មិនមានបញ្ហាចោទ នោះទេ ព្រោះមានការប្រែប្រួលតិចតួច តែគេមិនអាចប៉ាន់ប្រមាណបានភ្លាមៗ ពីខ្ទង់ចំណាយទៅលើការជួសជុលផ្លូវ គនាគមន៍បានឡើយ។

ក្នុងបទពិសោធន៍រាប់សិបឆ្នាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រឡូកឆ្អែតឆ្អន់ ក្នុងការទប់ទល់នឹងគ្រោះធម្មជាតិ ដែលជួនកាលឃើញសម្តេច ជិះកន្ទុំរុយយន្ត ទៅចុះនៅទីទួលខ្ពស់ ដែលអាជ្ញាធរខេត្តខ្លះជម្លៀសប្រជារាស្ត្រដែលលិចលង់ ផ្ទះសម្បែងឱ្យបានទៅស្នាក់បណ្តោះអាសន្ន នៅកន្លែងមានសុវត្ថិភាព។ សម្តេច មូរជើងខោ ដើរលុយទឹក បង់ក្រមា ចុះចែក អំណោយជាស្បៀងអាហារ ថ្នាំកែរោគផ្សេងៗ បានទាន់សភាពការណ៍ មិនទុកឱ្យរាស្ត្រណាម្នាក់ដាច់បាយបានឡើយ។

គួរយល់ថា ប្រទេសណាក៏មានគ្រោះមហន្តរាយដោយសារធម្មជាតិដែរ ប៉ុន្តែប្រទេសអ្នកមាន ដូចជាអាមេរិក ជប៉ុន ជាដើម គេជួសជុលការខូចខាតបានល្បឿន ខុសពីកម្ពុជា ថវិកាជាតិនៅមានកម្រិត ធ្វើមិនបានលឿនដូចគេទេ។ សម្រាប់ឆ្នាំ២០២៣ នេះ យើងពិបាកខ្ចីលុយគេបន្តិច ដោយហេតុថា សូម្បីប្រទេសមហាអំណាចចិន ក៏រងគ្រោះដោយសារ “វិបត្តិសេដ្ឋកិច្ច” មាន ក្រុមហ៊ុនធំៗ ក្ស័យធន ក៏ដូចវៀតណាម គ្រាន់តែសណ្ឋាគារធំៗ បិទទ្វារអស់រាប់រយកន្លែង។ បើប្រទេសធ្លាប់ឱ្យលុយយើង ខ្ចី រងគ្រោះដែរនោះ យើងពិបាកខ្ចីគេណាស់ ទាល់តែ “ខ្លួនទីពឹងខ្លួន” ដូចកាលចំណាត់ការ “វិបត្តិកូវីដ១៩” ដែលកាលនោះ កម្ពុជា ជាប់លេខ១ នៅអាស៊ាន ខាងដោះស្រាយបានល្អជាងគេ ទាំងថវិកា និងធ្វើឱ្យអត្រាមរណៈទាបបំផុត។

សម្រាប់រដ្ឋមន្ត្រីចាស់ទុំ ដែលធ្លាប់កាន់តំណែងក្រសួងកសិកម្ម ពាណិជ្ជកម្ម សាធារណការ ជាដើម ធ្លាប់ជួបផលវិបាក ដោយគ្រោះធម្មជាតិឆ្អែតឆ្អន់ អត់បញ្ហាទេ ប៉ុន្តែរដ្ឋមន្ត្រីក្មេងៗ ឡើងបន្តវេន “អាចគ្រវីក្បាល ថ្ងូរដូចព្រាប” នៅពេលចុះដោះស្រាយផលវិបាកដ៏ស្មុគស្មាញចំពោះមុខ។

ដូច្នេះនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ដែលដុះដាលពុទ្ធិនិងបទពិសោធន៍ពីឪពុក នឹងមិនធ្វើឱ្យប្រជារាស្ត្រម្ចាស់ឆ្នោត ខកចិត្តបានឡើយ។ នាយករដ្ឋមន្ត្រី នឹងបញ្ជាទៅរដ្ឋមន្ត្រីក្រោមឱវាទ ឱ្យ “ដើរជើងបី ជើងបួន” មិនអាចដើរជើងពីរបាន ឡើយ ក្នុងពេលចុះទៅស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយគ្រោះធម្មជាតិនោះ។ តំណក់ភ្លៀងរលឹម និងកម្តៅថ្ងៃ ក៏ មិនមែនជាឧបសគ្គសម្រាប់អស់លោករដ្ឋមន្ត្រី ដែលចុះត្រួតពិនិត្យការងារស្នូលនោះដែរ ក៏ដូចការហូបបាយកញ្ចប់ ប្រហុក ដុត ក្បង់ទឹកត្រពាំងលាងដៃ ជាកាតព្វកិច្ចសម្រាប់រដ្ឋមន្ត្រីគំរូ។

“គ្រោះធម្មជាតិ គាបរាជរដ្ឋាភិបាលថ្មី” នៅមានវិញ្ញាសាច្រើនទៀត មិនមែនត្រឹមតែដោះស្រាយការជួសជុលផ្លូវ នោះទេ បើរដ្ឋមន្ត្រី ចាំតែបញ្ជាតាមទូរស័ព្ទ អត់ចុះទៅដល់មូលដ្ឋាន ក៏មិនសមដែរ។ ឧបមាថា ប្រទេសឡាវ និងវៀតណាម បើកទ្វារទំនប់វារីអគ្គិសនី បន្ថែមពីលើជំនន់ទឹកភ្លៀងទៀតនោះ ភារកិច្ចរដ្ឋមន្ត្រីពាក់ព័ន្ធ ក៏ដូចនាយករដ្ឋមន្ត្រីស្នងតំណែង កាន់តែមមាញឹក សឹងថាគ្មានពេលតម្រង់ខ្នងឱ្យស្រួលផង។ ការរៀបចំពិធីបុណ្យអុំទូក ក៏កាន់តែកៀកណាស់ហើយ ចាត់ទុក ជាវិញ្ញាសាមួយទៀត សម្រាប់រាជរដ្ឋាភិបាលថ្មី ព្រោះអ្វីៗវាទាក់ទងនឹងផ្លូវទឹក។

សរុបទៅ “គ្រោះធម្មជាតិ គាបរាជរដ្ឋាភិបាលថ្មី” ជាក្តីបារម្ភរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូច “នគរធំ” ផងដែរ ជួយផ្តល់ ទស្សនៈ ដើម្បីរកការរីកចម្រើនជូនជាតិមាតុភូមិ។ ដូចយើងបង្ហាញហេតុផលរួចហើយថា រដ្ឋមន្ត្រីចាស់ទុំ ថ្នឹកអស់ទៅហើយ អត់បញ្ហា ប៉ុន្តែរដ្ឋមន្ត្រីក្មេងៗ មិនធ្លាប់ចុះស្នាម ជួនកាលត្អូញ “ឈឺក្បាល វិលមុខ” ព្រោះការងាររដ្ឋមន្ត្រី ដែលអ្នកមិនដឹង ស្មានថាស្រួលនោះ មិនស្រួលប៉ុន្មានទេទាន!…’

RELATED ARTICLES