រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បាននិយាយថាយ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើក្រុង Kryvyi Rih។លោកបាននិយាយតាមទូរទស្សន៍ថា៖ «មនុស្សពីរនាក់បានស្លាប់ ហើយមនុស្សប្រហែលប្រាំពីរនាក់ស្ថិតនៅក្រោមគំនរបាក់បែក។លោកបន្ថែមថា មនុស្ស២៥នាក់បានរងរបួសក្នុងនោះមានកុមារ៤នាក់។ក្រសួងមហាផ្ទៃបាននិយាយថា មីស៊ីលមួយបានវាយប្រហារលើអគារលំនៅឋាន៩ជាន់ ហើយមួយទៀតបានវាយប្រហារអគារ៤ជាន់ដែលជាផ្នែកនៃគ្រឹះស្ថានអប់រំមួយ។

ជាមួយគ្នានេះដែរលោក Denis Pushilin ប្រមុខស្តីទីនៃសាធារណរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Donetsk ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram លោក Pushilin បាននិយាយថា ស្រុកសរុបចំនួនពីរនៅកណ្តាលទីក្រុងបានទទួលរងការទម្លាក់គ្រាប់បែក។ លោកបានកត់សម្គាល់ថា ការវាយប្រហារនេះក៏បានបំផ្លាញរថយន្តក្រុងមួយផងដែរ ។
ប្រមុខ DPR ក៏បាននិយាយផងដែរថា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានបំផ្លាញរោងចក្រប្រព្រឹត្តិកម្មទឹកនៅទីក្រុង Yasinovataya ក្នុងតំបន់ Donetsk ។
លោក Medvedev ៖រុស្ស៊ីអាចប្រើនុយក្លេអ៊ែរ បើចាញ់សង្គ្រាម អ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់រុស្ស៊ីលោកឌីមីទ្រី មេដវេដេវ(Dmitry Medvedev) បាននិយាយសាជាថ្មីកាលពីថ្ងៃអាទិត្យថា រុស្ស៊ីអាចនឹងបង្ខំឱ្យប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយលុករបស់អ៊ុយក្រែនទទួលបានជោគជ័យ។
លោក Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយនៅក្នុងសារ Telegram ថាគ្រាន់តែស្រមៃថា ការវាយលុក… រួមជាមួយនឹងអង្គការណាតូ បានទទួលជោគជ័យនិងបញ្ចប់ដោយផ្នែកមួយនៃទឹកដីរបស់យើងត្រូវបានដកហូតមែននោះ យើងនឹងត្រូវប្រើអាវុធនុយក្លេអ៊ែរដោយអនុលោមតាមលក្ខខណ្ឌនៃក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី។ វានឹងមិនមានដំណោះស្រាយអ្វីផ្សេងទៀតនោះទេ។អតីតប្រធានាធិបតីរុស្ស៊ីបានបន្ថែម។សត្រូវរបស់យើងគួរតែបួងសួងដល់យុទ្ធជនរបស់យើង កុំឲ្យពិភពលោកឆេះក្នុងអណ្តាតភ្លើងនុយក្លេអ៊ែរ។
មេដឹកនាំអាហ្វ្រិកគាបសង្កត់លោក ពូទីន ឱ្យបញ្ចប់សង្រ្គាម

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ចេញផ្សាយកាលពីថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ បានឲ្យដឹងថាក្រសួងការបរទេសរុស្ស៊ីបាននិយាយថាទីក្រុងម៉ូស្គូនឹងបន្តកិច្ចពិភាក្សាស្តីពីការរំពឹងទុកសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃវិបត្តិអ៊ុយក្រែនជាមួយប្រទេសចិន ប្រេស៊ីល និងដៃគូអាហ្វ្រិក។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកកាលពីសប្តាហ៍មុនដែលក្នុងឱកាសនោះមេដឹកនាំអាហ្វ្រិកមួយចំនួនបានគាបសង្កត់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕