អតីតប្រធានាធិបតីនិងអនុលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់វិមានក្រឹមឡាំងលោក ឌីមីទ្រី មេដវេដេវ បានព្រមានថាការបង្កើនជំនួយសម្រាប់អ៊ុយក្រែនពីសមាជិកណាតូនាំមកនូវការគំរាមកំហែងនៃជម្លោះពិភពលោកទីបីកាន់តែខិតជិតមក។
លោក មេដវេដេវ បាននិយាយថា ការសន្យាផ្តល់ជំនួយយោធាពីសម្ព័ន្ធមិត្តការពារជាតិលោកខាងលិចដល់ទីក្រុងគៀវនឹងមិនរារាំងរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះទេ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចេញការព្រមានស្រដៀងគ្នានេះថា ទីក្រុងម៉ូស្គូគ្មានចេតនាបញ្ចប់សង្រ្គាមរបស់ខ្លួនទេ។
លោកបានសរសេរសានៅលើតេឡេក្រាមថាលោកខាងលិចដែលឆ្កួតទាំងស្រុងមិនអាចបង្កើតអ្វីផ្សេងទៀតបានទេ… តាមពិតទៅ វាគឺជាទីបញ្ចប់ហើយ។ សង្គ្រាមលោកលើកទី៣កាន់តែខិតជិតហើយ។
ណាតួ រួមកម្លាំងគ្នាជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី តែមិនកំណត់ពេលចូលសមាជិក
មេដឹកនាំអង្គការណាតូបានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធដើម្បីបើកវេទិកាថ្មី សម្រាប់ទំនាក់ទំនងជាមួយអ៊ុយក្រែន និងបានប្តេជ្ញាផ្តល់ជំនួយយោធាបន្ថែមទៀតសម្រាប់ការប្រយុទ្ធជាមួយរុស្ស៊ីប៉ុន្តែមានភាពមិនច្បាស់លាស់នៃសមាជិកភាពរបស់អ៊ុយក្រែននាពេលអនាគត។ប្រទេសអាល្លឺម៉ង់និងអូស្ត្រាលីបានសន្យាផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។

ប្រធានាធិបតីអាមេរិកលោកចូបៃដិននិងសមភាគីណាតូនឹងអង្គុយជាមួយប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីនៅក្នុងក្រុមប្រឹក្សាថ្មីរបស់ NATO-Ukraine ដែលជាស្ថាប័នអចិន្ត្រៃយ៍ដែលសម្ព័ន្ធមិត្តទាំង ៣១ និងអ៊ុយក្រែនអាចធ្វើការពិគ្រោះយោបល់និងអំពាវនាវឱ្យមានកិច្ចប្រជុំក្នុងស្ថានភាពអាសន្ន។
លោកហ្សេឡិនស្គីបាននិយាយកាលពីថ្ងៃពុធថាលោកកំពុងជំរុញដើម្បីធានាថាអ៊ុយក្រែននឹងមានការអញ្ជើញចូលជាសមាជិករបស់ប្លុកនេះនៅពេលដែលវិធានការសន្តិសុខនឹងអនុញ្ញាត” ។លោកបានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូលថា យើងចង់នៅលើទំព័រតែមួយជាមួយមនុស្សគ្រប់គ្នា ។
ប្រធានអង្គការណាតូ លោក Jens Stoltenberg ប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសលីទុយអានីថា អ៊ុយក្រែនឥឡូវនេះកាន់តែជិតស្និទ្ធជាមួយអង្គការណាតូជាងពេលមុនៗ។នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពយោធា បាននិយាយថាខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលយើងជួបគ្នាក្នុងនាមជាសម្ព័ន្ធមិត្ត។
លោក Lavrov ៖ សង្គ្រាមអ៊ុយក្រែនមិនចប់ទេ ដរាបណាលោកខាងលិច ព្យាយាមកម្ចាត់រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីកាលពីថ្ងៃពុធថាសង្រ្គាមនៅអ៊ុយក្រែននឹងមិនបញ្ចប់ទេរហូតទាល់តែលោកខាងលិចឈប់ព្យាយាមកម្ចាត់ទីក្រុងម៉ូស្គូ។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើងនៅមុនការចរចា របស់មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គីជាមួយមេដឹកនាំណាតូនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងប្រទេសលីទុយអានី។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតឥណ្ឌូណេស៊ី Kompas មុនពេលកិច្ចប្រជុំជាមួយសមភាគីអាស៊ីអាគ្នេយ៍របស់លោកនៅទីក្រុងហ្សាកាតាសប្តាហ៍នេះ លោក Lavrov បានស្តីបន្ទោសសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះការគាំទ្រអ៊ុយក្រែន។
លោកបាននិយាយអំពីជម្លោះអ៊ុយក្រែនថា វានឹងបន្តរហូតដល់លោកខាងលិចបោះបង់ផែនការរបស់ខ្លួនដើម្បីរក្សាការត្រួតត្រានិងការឈ្លក់វង្វេងរបស់ខ្លួនក្នុងការធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្រ្តលើប្រទេសរុស្ស៊ីតាមរយៈដៃរបស់អាយ៉ងរបស់ខ្លួនគឺទីក្រុងគៀវ៕