តំបន់មួយនៅជិតសភាត្រូវបានរៀបចំរួចរាល់ហើយសម្រាប់បាតុករនៅពេលដែលសភានិងព្រឹទ្ធសភាជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ទី១៣ កក្កដា ឆ្នាំ ២០២៣ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដែលសមាជិកព្រឹទ្ធសភាមួយចំនួនព្រមានថាអាចមានបញ្ហា។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

ប្រធានសភាលោកWan Muhamad Noor Matha បាននិយាយកាលពីថ្ងៃចន្ទថាដីទំនេរដែលគ្រប់គ្រងដោយរដ្ឋបាលក្រុងបាងកក ទល់មុខផ្លូវថាហានត្រូវបានត្រៀមទុកសម្រាប់បាតុករ នៅពេលដែលសភាប្រជុំរួមគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍វេលាម៉ោង៩និង៣០នាទី។
លោក Wan បាននិយាយថា ក្រុមបាតុករមិនគួរប្រមូលផ្តុំនៅមុខសភាទេ ពីព្រោះមានការងារសំណង់កំពុងបន្តដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ។ លោកបានសម្របសម្រួលជាមួយសាលារាជធានីក្នុងការរៀបចំតំបន់ដែលនៅជិតនោះដោយមានតង់ និងបង្គន់សម្រាប់ប្រជាជននៅទីនោះ។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយកាលពីថ្ងៃចន្ទថាផ្ទៃដីទំហំ៥រ៉ៃស្មើនឹងជាង៨០០០ម៉ែត្រការ៉េស្ថិតនៅក្នុងបរិវេណសាលាក្រុងហើយអាចផ្ទុកមនុស្សបានប្រហែល៦០០នាក់។
UTNP មិនដាក់លោកប្រាយុទ្ធ ប្រជែងកៅអីនាយករដ្ឋមន្ត្រីទេ
មេដឹកនាំគណបក្ស United Thai Nation Party (UTNP) លោកPirapan Salirathavibhaga បានប្រកាសកាលពីថ្ងៃចន្ទថា នឹងមិនតែងតាំងឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចាសម្រាប់ប្រជែងអាសនៈនាយករដ្ឋមន្ត្រីទេ។លោកបាននិយាយថា UTNP កំពុងស្ថិតនៅក្រៅការប្រកួតប្រជែងសម្រាប់តំណែងកំពូលព្រោះវាមិនគាំទ្រគំនិតរបស់រដ្ឋាភិបាលភាគតិចដែលនឹងធ្វើឱ្យខូចដល់ប្រយោជន៍របស់ប្រទេស។ រដ្ឋាភិបាលដែលមានការគាំទ្រពីក្រុមភាគតិចក្នុងសភានឹងមិនអាចអនុម័តច្បាប់ថ្មីបានទេ៕