Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិអនុប្រធានសភា ព្យាករថាលោកភីតា អាចក្លាយជា​នាយក​រដ្ឋមន្ត្រីនៅថ្ងៃទី ២០កក្កដា

អនុប្រធានសភា ព្យាករថាលោកភីតា អាចក្លាយជា​នាយក​រដ្ឋមន្ត្រីនៅថ្ងៃទី ២០កក្កដា

អនុប្រធានសភា លោក Pichet Chuamuangphan មកពីគណបក្សភឿថៃព្យាករណ៍ថា មេដឹកនាំគណបក្ស​ឆ្ពោះទៅមុខលោកភីតា លីមចារឿនរ៉ាត់ Pita Limjaroenrat នឹងត្រូវការការបោះឆ្នោតរហូតដល់បីជុំ ដើម្បី​ប្រមូលសំឡេងគាំទ្របានចំនួន ៣៧៦ ពីសភាដែលចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃThe Nation កាលពីថ្ងៃព្រហស្បតិ៍ទី ៦កក្កដា ឆ្នាំ ២០២៣។លោក Pichet ដែលជាសមាជិកសភាបក្សភឿថៃប្រចាំខេត្តឈៀងរ៉ៃបានប្រាប់អ្នកសារព័ត៌​មានកាលពីថ្ងៃព្រ​ហស្បតិ៍ថា លោកបានកំណត់ពេលបោះឆ្នោតលើកដំបូងសម្រាប់នាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី ១៣ ខែកក្កដា។

លោកបានបន្តថា ប្រសិនបើលោកភីតា មិនទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ក្នុងការបោះឆ្នោតជុំទី១ ការបោះ​ឆ្នោតជុំទីពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកក្កដា ហើយបើមិនគ្រប់ទៀតត្រូវបោះឆ្នោតជុំទី ៣ នៅថ្ងៃទី ២០ ខែកក្កដា​។រដ្ឋធម្មនុញ្ញមិនបានកំណត់ចំនួនដងក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ។

លោកPrapan Koonmee សមាជិកព្រឹទ្ធសភាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា​លោកនិង​សមា​ជិកព្រឹទ្ធសភាផ្សេងទៀតនឹងមិនបោះឆ្នោតឱ្យលោកភីតាទេពីព្រោះជំហរនយោបាយនិងមហិច្ឆតាគណបក្សរបស់គាត់ក្នុងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រគំរាមកំហែងដល់រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។

ក្រៅពីនេះលោកភីតាក៏ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន មុននឹងក្លាយជាមេដឹកនាំបន្ទាប់របស់ប្រទេសនេះ។នៅពេលសួរថាតើគណបក្សភឿថៃនឹងដឹកនាំក្រុមចម្រុះប្រសិនបើសម័យប្រជុំទាំងបីមិនបានធ្វើឱ្យលោក ភីតា​ក្លាយ​ជានាយករដ្ឋមន្ត្រីនោះ លោក Pichet បាននិយាយថា វានឹងអាស្រ័យលើសភា និងគណបក្ស​ចម្រុះចំនួន​ប្រាំបី។

លោក Pichet បាននិយាយថា ភាគីចម្រុះទាំងប្រាំបីនឹងគោរពតាមអនុស្សរណៈនៃការយោគយល់គ្នា(MoU) របស់ពួកគេដោយបន្តនៅជាប់គ្នា។ លោកបន្តថាវានឹងមានការពិភាក្សាផ្ទៃក្នុង ហើយមិនគួរមានបញ្ហាអ្វីនោះទេ។គួររំឭកថាដើម្បីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី លោកភីតាត្រូវការសំឡេងភាគច្រើនយ៉ាងហោចណាស់ ៣៧៦ ពីការបោះឆ្នោតរួមគ្នាដោយសមាជិកព្រឹទ្ធសភា ២៥០ រូប និងសភាដែលមានសមាជិក ៥០០ រូប ៕

RELATED ARTICLES