Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិហេតុអ្វីបានជាតំបន់ WestBank និងជំរំ Jenin ក្លាយជា​សមរភូមិបង្ហូរឈាមរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ?

ហេតុអ្វីបានជាតំបន់ WestBank និងជំរំ Jenin ក្លាយជា​សមរភូមិបង្ហូរឈាមរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ?

កាលពីថ្ងៃអង្គារទី៤កក្កដាឆ្នាំ២០២៣កងទ័ពអ៊ីស្រាអែលបានបន្តការតាមប្រមាញ់ទៅលើពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអាវុធនៅក្នុងជំរំជនភៀសខ្លួន West Bank កាលពីថ្ងៃអង្គារ បន្ទាប់ពីគ្រឿងចក្រឈូសឆាយរបស់​យោ​ធា​បាន​ទម្លុះតាមច្រកផ្លូវនានាហើយប្រជាជនរាប់ពាន់នាក់បានភៀសខ្លួនទៅកាន់ទី សុវត្ថិភាព។ចំនួនអ្នកស្លាប់​របស់​ប៉ាឡេស្ទីនរយៈពេលពីរថ្ងៃបានកើនឡើងដល់១០នាក់និងជាង១០០ផ្សេងទៀតរងរបួស។ការវាយឆ្មក់ទ្រង់ទ្រាយធំនៃជំរំJenin ដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទគឺជាប្រតិបត្តិការយោធា​ដ៏ខ្លាំងក្លាបំផុត​មួយ​នៅក្នុងតំបន់ West Bank ដែលកាន់កាប់អ៊ីស្រាអ៊ែលក្នុងរយៈពេលជិតពីរទសវត្សរ៍។

អភិបាលក្រុង Jenin លោក Nidal Al-Obeidi បាននិយាយថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៤០០០នាក់​បានភៀស​ខ្លួនចេញពីជំរុំជនភៀសខ្លួន Jenin ស្វែងរកកន្លែងស្នាក់នៅក្នុងផ្ទះរបស់សាច់ញាតិ និងនៅក្នុងជម្រក។កងទ័ពបាននិយាយថា កាលពីថ្ងៃអង្គារ ទាហានអ៊ីស្រាអែលរាប់រយនាក់បានបន្តប្រតិបត្តិការនៅក្នុងជំរំដោយរឹប​អូស​អាវុធ និងគ្រឿងផ្ទុះ និងបំផ្លាញផ្លូវរូងក្រោមដី និងប៉ុស្តិ៍បញ្ជាការ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា កងទ័ពបានចាប់ខ្លួនជនសកម្មប្រយុទ្ធប៉ាឡេស្ទីន​យ៉ាងហោច​ណាស់ ១២០នាក់ចាប់តាំងពីថ្ងៃចន្ទ។ប្រជាជនប៉ាឡេស្ទីនជាង ១៤០ នាក់ត្រូវបានសម្លាប់នៅឆ្នាំនេះនៅតំបន់West Bank ។

ឈ្វេងយល់ដោយសង្ខេបពីតំបន់West BankនិងJenin Camp

តំបន់West Bankគឺជាទឹកដីនៅជិតឆ្នេរនៃសមុទ្រមេឌីទែរ៉ាណេ ក្នុងតំបន់Levant អាស៊ីខាងលិច ដែលបង្កើត​ដោយ​ភាគច្រើននៃទឹកដីប៉ាឡេស្ទីន ។វាមានព្រំប្រទល់ជាប់នឹងប្រទេសហ្ស៊កដានី និងសមុទ្រមរណៈ (Dead sea)នៅ​ភាគ​ខាងកើត និងប្រទេសអ៊ីស្រាអែលនៅភាគខាងត្បូង ខាងលិច និងខាងជើង។

តំបន់ West Bank ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ប៉ុន្តែការចរចាបិទ​ផ្លូវ​ដ៏លំបាកជាច្រើនទស្សវត្សរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលភាគីទាំងពីរបានអះអាងសិទ្ធិ​កាន់កាប់នៅទី​នោះ ហើយបានបន្សល់ទុកនូវស្ថានភាពចុងក្រោយរបស់ពួកគេដែលមិនអាចដោះស្រាយបាន។យោងតាមប្រភពខ្លះបាននិយាយថាជនជាតិអារ៉ាប់ប៉ាឡេស្ទីនចន្លោះពី ២,១ទៅ ៣ លាននាក់ រស់នៅក្នុងតំបន់ West Bank ក្រោមការគ្រប់គ្រងខ្លួនឯងមួយផ្នែកនិងការគ្រប់គ្រងដោយយោធារបស់អ៊ីស្រាអែល។តំបន់ West Bank មិនរាប់បញ្ចូលក្រុងយេរូសាឡឹមខាងកើត ដែលជាជម្រករបស់ជនជាតិជ្វីហ្វអ៊ីស្រាអែលប្រមាណ ៤៣ម៉ឺន​នាក់ដែលសាងសង់ក្រោមការកាន់កាប់របស់អ៊ីស្រាអែល។

អ៊ីស្រាអែលបានដណ្តើមយកតំបន់ West Bank ភាគខាងកើតក្រុងហ្សេរុយសាឡឹម និងតំបន់ Gaza Strip ក្នុង​សង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧។ ប៉ាឡេស្ទីនស្វែងរកទឹកដីទាំងនោះជាមួយនឹងក្តីសង្ឃឹបសម្រាប់រដ្ឋឯករាជ្យ ។

ជំរំជនភៀសខ្លួន Jenin

Jenin គឺជាជំរំជនភៀសខ្លួនប៉ាឡេស្ទីនដែលមានទីតាំងនៅទីក្រុង Jenin ភាគខាងជើងតំបន់ West Bankដែល​គ្រប់គ្រងដោយអ៊ីស្រាអ៊ែល ។ វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៣ ដើម្បីធ្វើផ្ទះសម្រាប់ប្រជាជន​ប៉ាឡេស្ទីន​ដែលបានភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេក្នុងអំឡុងពេល និងក្រោយសង្រ្គាមប៉ាឡេស្ទីនឆ្នាំ ១៩៤៨ ។ ចាប់តាំងពីពេលនោះមកជំរំនេះបានក្លាយជាបន្ទាយដ៏រឹងមាំរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយ​ត្រូវ​បានគេ​ស្គាល់ថាជា រដ្ឋធានីទុក្ករបុគ្គលដោយជនជាតិប៉ាឡេស្ទីន និង ក្លាយជាទីតាំងគ្រោះថ្នាក់សម្រាប់​កម្លាំង​ការពារអ៊ីស្រាអែល។

បន្ទាប់ពីការបរាជ័យរបស់កងទ័ពអារ៉ាប់នៅក្នុងសង្គ្រាមរយៈពេលប្រាំមួយថ្ងៃក្នុងឆ្នាំ ១៩៦៧ ទីក្រុង West Bank រួមទាំងជំរុំ Jenin បានស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល។ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិលោកUnrwaនិយាយថាបច្ចុប្បន្នវាជាជម្រក​សម្រាប់​​មនុស្សប្រហែល ១៤០០០នាក់ ដែលរស់នៅក្នុងផ្ទៃដីត្រឹមតែ០,៤២ គីឡូម៉ែត្រការ៉េ ៕

RELATED ARTICLES