Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិឯកសាសម្ងាត់៖ ឧត្តមសេនីយ៍ Sergey Surovikin ជាសមាជិករបស់ទាហានស៊ីឈ្នួល ខណៈវិមានក្រឹម​ឡាំង បដិសេធ​ព័ត៌មានចាប់ខ្លួន

ឯកសាសម្ងាត់៖ ឧត្តមសេនីយ៍ Sergey Surovikin ជាសមាជិករបស់ទាហានស៊ីឈ្នួល ខណៈវិមានក្រឹម​ឡាំង បដិសេធ​ព័ត៌មានចាប់ខ្លួន

បើយោងតាមឯកសារមួយចំនួនដែលត្រូវបានបណ្តាញសារព័ត៌មានCNNដកស្រង់យកមកចុះផ្សាយកាល​ពីថ្ងៃសុក្រទី៣០មិថុនា ២០២៣ បានឲ្យដឹងថា ឧត្តមសេនីយ៍រុស្ស៊ីលោក Sergey Surovikin គឺជាសមាជិក VIP សម្ងាត់របស់ Wagner។

ឯកសារដែលទទួលបានដោយមជ្ឈមណ្ឌល Dossier ស៊ើបអង្កេតរបស់រុស្ស៊ី បានបង្ហាញថាលោក Surovikin មានលេខចុះឈ្មោះផ្ទាល់ខ្លួនជាមួយ Wagner ។ លោកSurovikin ត្រូវបានរាយបញ្ជីជាមួយនឹងមន្ត្រីយោធា និងចារកម្មជាន់ខ្ពស់របស់រុស្ស៊ីយ៉ាងហោចណាស់៣០ នាក់ផ្សេងទៀត ដែលមជ្ឈមណ្ឌល Dossier បាននិយាយថា ក៏ជាសមាជិក VIP Wagner ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍កាសែត Moscow Times និងអ្នកសរសេរប្លុកយោធា បានឲ្យដឹងថាអាជ្ញាធររុស្ស៊ី បានឃុំខ្លួន​ឧត្តម​សេនីយ៍ Sergei Surovikin អគ្គមេបញ្ជាការរងនៃប្រតិបត្តិការយោធារុស្ស៊ី។

លោក Surovikin ដែលមានឈ្មោះហៅក្រៅថា Armageddonដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីសម្រាប់​ភាពសាហាវ​ឃោរ​ឃៅដ៏ល្បីល្បាញរបស់គាត់ គឺជាអតីតយុទ្ធជននៃសង្គ្រាមរបស់រុស្ស៊ីនៅឆេកឆិន(Chechnya )និងស៊ីរី ដែល​ត្រូវ​បានតែងតាំងដោយប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀពូទីន។

កាសែតដដែលនោះបានរាយការណ៍ថាលោក Surovikin ត្រូវបានចាប់ខ្លួនពីបទចូលដៃជាមួយក្រុមទាហានស៊ី​ឈ្នួលWagner ដឹកនាំដោយលោក Yevgeny Prigozhin ក្នុងអំឡុងពេលបះបោរ។

លោកSurovikinមិនត្រូវបានគេឃើញជាសាធារណៈទេចាប់តាំងពីថ្ងៃសៅរ៍​មុននៅពេលដែលគាត់បានចេញ​វីដេអូអង្វរឱ្យចៅហ្វាយ Wagner លោក Yevgeny Prigozhin បញ្ឈប់ការបះបោរ។

វិមានក្រឹមឡាំងបដិសេធព័ត៌មានចាប់ខ្លួនឧត្តមសេនីយ៍ជាន់ខ្ពស់

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រទី៣០ខែមិថុនាថា លោកមិនអាច​ធ្វើ​អត្ថាធិប្បាយលើរបាយការណ៍ដែលថា មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួនជុំវិញ​ការប៉ុនប៉ង​បះបោរប្រដាប់អាវុធកាលពីដើមខែនេះដោយក្រុមទាហានស៊ីឈ្នួលWagner Group ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូលោក Peskov បានបង្វែរសំណួរទៅក្រសួងការពារជាតិរុស្ស៊ីអំពី​ជោគវាសនារបស់លោក Sergey Surovikin ដែលជាមេបញ្ជាការកងកម្លាំងរុស្ស៊ីទាំងអស់​នៅក្នុងប្រតិ​បត្តិការ​សង្គ្រាម​អ៊ុយក្រែន។

លោកក៏បាននិយាយផងដែរថាមិនមានគម្រោងបង្កើតក្រុមប្រឹក្សាយោធារួមនៃប្រទេសរុស្ស៊ី និងបេឡារុសបន្ទាប់​ពីការបះបោរដែលត្រូវបានដោះស្រាយហើយលោកក៏បានអរគុណដល់ការសម្របសម្រួលរបស់ប្រធានាធិបតីបេឡារុសលោក Aleksandr Lukashenko ។

ជាមួយគ្នានេះដែរលោកPeskovក៏បាននិយាយថាលោកមិនដឹងអំពីទីតាំងបច្ចុប្បន្នរបស់ប្រធានទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយលោក Yevgeny Prigozhin ហើយបានបដិសេធមិននិយាយអំពី​ការលាលែងពី​តំ​ណែង​​ដែលអាចកើតមានរបស់មន្រ្តីដែលមានទំនាក់ទំនងជាមួយគាត់៕

RELATED ARTICLES