ភាពចលាចលនៅតែបន្តទូទាំងប្រទេសបារាំងឈានចូលដល់យប់ទីពីរខណៈដែលកងកម្លាំងសន្តិសុខបានដាក់ពង្រាយរាប់ពាន់នាក់ដើម្បីបង្ក្រាបការតវ៉ាជុំវិញការបាញ់សម្លាប់ក្មេងប្រុសអាយុ ១៧ ឆ្នាំដោយប៉ូលីសដែលប្រធានា ធិបតីបារាំង លោកអ៊ីម៉ានូអ៊ែលម៉ាក្រុងបានពណ៌នាថាជាមិនអាចលើកលែង បានហើយលោកក៏បានអង្វរសុំឱ្យ មានភាពស្ងប់ស្ងាត់ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌ មាន AFP កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ប៉ូលិសកុបកម្មប្រមាណ ២០០០នាក់ ត្រូវបានដាក់ពង្រាយនៅជាយក្រុងជុំវិញទីក្រុងប៉ារីស កាលពីយប់ថ្ងៃពុធ បន្ទាប់ពីមានការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃកាលពីព្រឹកថ្ងៃអង្គារទៅលើក្មេងប្រុសជំទង់ក្នុងអំឡុងពេលត្រួតពិនិត្យចរាចរណ៍នៅជាយក្រុងប៉ារីសនៃទីក្រុង Nanterre ។
អ្នកនាំពាក្យបាននិយាយថា ប៉ូលីសបានចាប់ខ្លួនមនុស្ស១៥០ នាក់នៅទូទាំងប្រទេសហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្តាលគឹជាអ្នករស់នៅក្នុងតំបន់ប៉ារីស។ចំនួនអ្នករងរបួសមិនត្រូវបានគេចេញផ្សាយភ្លាមៗទេ។ក្រុមអ្នកតវ៉ាបានដុតធុងសំរាម ហើយកាំជ្រួចភ្លើង នៅទីក្រុង Nanterre កាលពីយប់ថ្ងៃពុធក៏ដូចជានៅក្នុងឃុំ ផ្សេងទៀតនៃតំបន់ Hauts-de-Seine ភាគខាងលិចទីក្រុងប៉ារីស និងនៅក្នុងទីក្រុង Dijon ភាគខាងកើត។ ប៉ូលីសបាននិយាយថា នៅក្នុងតំបន់ Essonne នៅភាគខាងត្បូងនៃរដ្ឋធានីមនុស្សមួយក្រុមបានដុតឡានក្រុង មួយ បន្ទាប់ពីអ្នកដំណើរទាំងអស់ចុះអស់ពីលើ។

ប្រភពប៉ូលិសមួយបាននិយាយថា នៅក្នុងទីក្រុង Toulouse ភាគខាងត្បូង រថយន្តជាច្រើនគ្រឿងត្រូវបានគេដុត ហើយប៉ូលិស និងអ្នកពន្លត់អគ្គិភ័យត្រូវបានបាញ់ដោយគ្រាប់ផ្លោង ខណៈផ្សែងខ្មៅយ៉ាងក្រាស់បានហក់ឡើង លើមេឃ។

គួររំឭកថា អំពើហិង្សាបានកើតមាន បន្ទាប់ពីសាធារណជនបានផ្ទុះកំហឹងជុំវិញ ហេតុការណ៍ដែលយុវជនម្នាក់ អាយុ១៧ឆ្នាំ ត្រូវបានប៉ូលិសបាញ់សម្លាប់នៅឯតំបន់Nanterre ស្ថិតនៅជាយទីក្រុងប៉ារីស កាលពីថ្ងៃអង្គារដោយ សារតែមិនព្រមអនុវត្តតាមបទបញ្ជារបស់ប៉ូលិស ដែលឱ្យរូបគេឈប់រថយន្តជាបន្ទាន់។កាលពីឆ្នាំ២០២២មនុស្ស១៣នាក់ត្រូវបានសម្លាប់ដោយប៉ូលីសបារាំង ។ក្រុមសិទ្ធិមនុស្សនិយាយថា ចំនួននៃការ បាញ់ប្រហាររបស់ប៉ូលិសបានកើនឡើងចាប់តាំងពីការផ្លាស់ប្តូរច្បាប់ឆ្នាំ២០១៧ដែលបានពង្រីកក្របខ័ណ្ឌសម្រាប់មន្រ្តីអាចប្រើអាវុធក្នុងការអនុវត្តច្បាប់៕