កិច្ចប្រជុំដែលបានគ្រោងទុកនៅថ្ងៃពុធទី២៨ខែមិថុនាឆ្នាំ ២០២៣ រវាងគណបក្សឆ្ពោះទៅមុខនិងគណបក្សភឿថៃ ដើម្បីពិភាក្សាថាតើអ្នកណានឹងទទួលបានតំណែងប្រធានសភាត្រូវបានពន្យារពេលដោយគ្មានកំណត់បន្ទាប់ពី គណបក្សភឿថៃប្រកាសថា ខ្លួននៅតែចង់បានតំណែងនេះនេះបើយោងតាមការចេញផ្សាយ របស់កាសែតថៃ បាងកកប៉ុស្តិ៍។

លោក Padipat បានរំឭកឡើងវិញថា គណបក្សឆ្ពោះទៅមុខនៅតែមានបំណងកាន់តំណែងទាំងនាយករដ្ឋមន្ត្រី និងប្រធានសភាដោយសារតែគណបក្សនេះទទួលបានអាសនៈសភាច្រើនជាងគេ។ចំណែកឯកិច្ចប្រជុំដែលបានគ្រោងទុករបស់មេដឹកនាំនៃក្រុមចម្រុះប្រាំបីនៅថ្ងៃព្រហស្បតិ៍នេះក៏នឹងត្រូវពន្យារពេលផងដែរ។
គណបក្សកំពូលទាំងពីរដែលមានអាសនៈច្រើនជាងគេនៅក្នុងសភាកាលពីមុនបានកំណត់បើកកិច្ចប្រជុំថ្ងៃពុធទី២៨ខែមិថុនា ដើម្បីសម្រេចលើបញ្ហាប្រធានសភាដែលកំពុងមានការចម្រូងចម្រាស់។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរងរបស់គណបក្សឆ្ពោះទៅមុខ លោក Pukkamon Nunarnan បានប្រាប់អ្នកសារ ព័ត៌មានកាលពីយប់ថ្ងៃអង្គារថា ជំនួបរវាងមេដឹកនាំនៃគណបក្សទាំងពីរនឹងត្រូវពន្យារពេលដោយគ្មានកំណត់។
សេចក្តីប្រកាសនេះបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សភឿថៃកាលពីថ្ងៃអង្គារបានទទូចថារូបមន្ត១៤+១ របស់គណបក្សក្នុងការតែងតាំងប្រធានសភាមួយរូបនិងមុខតំណែងក្រសួងចំនួន ១៤ ត្រូវបានប្រកាន់ខ្ជាប់ ដដែលខណៈគណបក្សឆ្ពោះទៅមុខ នឹងទទួលបានតំណែងរដ្ឋមន្ត្រីចំនួន ១៤និងនាយករដ្ឋមន្ត្រី។
គណបក្សឆ្ពោះទៅមុខបានឈ្នះអាសនៈសភាច្រើនជាងគេគឺ ១៥១នៅការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ហើយគណបក្សភឿថៃជាប់លេខ២ដោយមាន១៤១។
លោក Suchart Tancharoen អតីតសមាជិកបក្ស Palang Pracharath និងលោកChonlanan Srikaew អនុប្រ ធានបក្សភឿថៃត្រូវបានចាត់ទុកថាជាបេក្ខភាពដ៏មានសក្តានុពលពីររូបសម្រាប់តំណែងប្រធានសភា។
ដោយឡែកគណបក្សឆ្ពោះទៅមុខមានបំណងដាក់សមាជិកសភាអាណត្តិទី២ លោក Padipat Suntiphada ជាប្រធានសភា។
លោកPadipatដែលជាបេក្ខភាពប្រធានសភារបស់គណបក្សឆ្ពោះទៅ មុខបាននិយាយកាលពីថ្ងៃពុធថាលោក ជឿថាបញ្ហានៅតែអាចដោះស្រាយបានមុនពេលបើកសភាតំណាងរាស្រ្តនៅថ្ងៃចន្ទទី៣ខែកក្កដា។ លោកបាន និយាយថា គណបក្សទាំងពីរនឹងមិនអនុញ្ញាតឱ្យបញ្ហាតែមួយគត់បំបែកភាពជាដៃគូចម្រុះរបស់ពួកគេនោះទេ៕