ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានសាកល្បងយន្តហោះគ្មានមនុស្សបើក(ដ្រូន)វាយប្រហារដែលមានសមត្ថភាពនុយក្លេអ៊ែរនៅក្រោមទឹកដែលត្រូវបានរចនាឡើងដើម្បីបញ្ចេញ វិទ្យុសកម្មរលកយក្សស៊ូណាមិដែលអាចបំផ្លាញនាវាកងទ័ពជើងទឹក និងកំពង់ផែរបស់សត្រូវ។
ក្នុងអំឡុងពេលសមយុទ្ធយោធាដែលបានធ្វើឡើងនៅសប្តាហ៍នេះ ក្រោមការដឹកនាំរបស់មេដឹកនាំប្រទេសគីម ជុងអ៊ុន យោធារបស់ប្រទេសកូរ៉េខាងជើងបានពង្រាយ និងបាញ់សាកល្បងប្រព័ន្ធអាវុធថ្មី ដែលបេសកកម្មនេះគឺដើម្បីសាកល្បងសមត្ថភាពដើម្បីដាក់ចេញនូវការបំផ្លិចបំផ្លាញខ្នាតធំ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់ប្រទេសនេះចេញផ្សាយ កាលពីថ្ងៃសុក្រ។

KCNA បាននិយាយថាយន្តហោះវាយប្រហារគ្មានមនុស្សបើក ក្រោមទឹកបំពាក់នុយក្លេអ៊ែរនេះអាចត្រូវបានដាក់ពង្រាយនៅឆ្នេរសមុទ្រនិងកំពង់ផែណាមួយឬអូសដោយកប៉ាល់លើផ្ទៃទឹកសម្រាប់ប្រតិបត្តិការ។
ក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ យន្តហោះគ្មានមនុស្សបើក ត្រូវបានគេដាក់នៅក្នុងទឹកនៃខេត្ត South Hamgyong កាលពីថ្ងៃអង្គារ ហើយបានបើកនៅក្រោមទឹករយៈពេល ៥៩ម៉ោង និង១២ នាទីក្នុងជម្រៅប្រហែល ៨០ទៅ១៥០ ម៉ែត្រ មុនពេលបំផ្ទុះនៅក្នុងដែនទឹកនៃឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។KCNA មិនបានបញ្ជាក់លម្អិតអំពីសមត្ថភាពនុយក្លេអ៊ែររបស់ដ្រូននោះទេ។
ប្រព័ន្ធយន្តហោះគ្មានមនុស្សបើកក្រោមទឹកមានគោលបំណងធ្វើការវាយប្រហារដោយសម្ងាត់នៅក្នុងដែនទឹករបស់សត្រូវ និងបំផ្លាញក្រុមទាហានជើងទឹក និងកំពង់ផែប្រតិបត្តិការសំខាន់ៗ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បាននិយាយថាចំណុចគោលដៅចុងក្រោយរបស់យន្តហោះគ្មានមនុស្សបើក គឺជាកំពង់ផែរបស់សត្រូវ ដែលបង្កើតឡើងនៅក្នុងដែនទឹកនៃឈូងសមុទ្រ Hongwon ។
សមយុទ្ធយន្តហោះគ្មានមនុស្សបើកដែលត្រូវបានរាយការណ៍មកនេះបានធ្វើឡើងនៅពេលដែលនាវាវាយប្រហារតាមអាកាសរបស់អាមេរិកបានមកដល់កូរ៉េខាងត្បូងសម្រាប់សមយុទ្ធយោធារួមគ្នាដែលមានរហស្សនាមថា Freedom Shield។ បន្ទាប់ពីឆ្នាំនៃការសាកល្បងអាវុធដែលមិនធ្លាប់មានពីមុនមករបស់ទីក្រុងព្យុងយ៉ាង និងការវាយលុកដោយអាវុធ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ហើយនៅថ្ងៃទី១៣ ខែមីនា បានបើកសម្ពោធនូវអ្វីដែលនឹងក្លាយជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំ៕