ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ រួមជំនាន់ជាមួយអ្នកនាងឱក សុគន្ធកញ្ញា គឺអ្នកនាងយក់ ថិតរដ្ឋា បានឲ្យដឹងថា ឈឺច្រើនពេក គ្រូទាយឲ្យដូរឈ្មោះថ្មី ពីឈ្មោះហៅក្រៅថា «ស្រីស្រស់ ឬអាស្រស់» ទៅជា «ស្រីនីន ឬអានីន» វិញ។

អ្នកនាងយក់ ថិតរដ្ឋា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ថា «សូមអធ្យាស្រ័យផង ពីពុកម៉ែបងប្អូនទាំងអស់ដែលបានស្គាល់ឈ្មោះនាងខ្ញុំ ហៅក្រៅថា អាស្រស់ ឥឡូវនាងខ្ញុំបានដូរមកឈ្មោះថា អានីន វិញ ដោយសារតែឈ្មោះ ស្រស់ នេះ ធ្វើឲ្យនាងខ្ញុំឈឺច្រើន ហើយមានរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយ អ៊ីចឹងសូមដូរមកប្រើឈ្មោះ អានីន នេះវិញណាបងប្អូនអ៊ំពូមីង»។
ចំណែកលោកឃុំ ប៉ុណ្ណាដែត ជាស្វាមីរបស់យក់ ថិតរដ្ឋា ហៅស្រីនីន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «សូមជម្រាបជូនពុកម៉ែ បងប្អូន និងមិត្តភក្រ្តទាំងអស់ដែលស្រលាញ់ភរិយាខ្ញុំ យក់ ថិតរដ្ឋា ឈ្មោះក្រៅហៅស្រស់ សូមហៅគាត់ថា នីន វិញ ព្រោះឈ្មោះក្រៅរបស់គាត់ ស្រស់ គឺឈឺពេក ខ្ញុំនិងក្រុមគ្រួសារ សូមប្តូរឈ្មោះគាត់ថា នីន ចាប់ពីពេលនេះតទៅ! អរគុណសម្រាប់ការស្រលាញ់និងគាំទ្រ! យក់ ថិតរដ្ឋា ហៅស្រីនីន»។
ជុំវិញការប្រកាសប្តូរឈ្មោះ ខាងលើនេះ «នគរធំ» មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាងយក់ ថិតរដ្ឋា និងស្វាមីបានទេ កាលពីម្សិលមិញ។
ប៉ុន្តែ តាមប្រភពអ្នកសិល្ប:ជិតដិតនឹងយក់ថិត រដ្ឋា បានឲ្យដឹងដោយសុំមិនបញ្ចេញឈ្មោះថា ថា មូលហេតុដែលយក់ ថិតរដ្ឋា បានប្តូរឈ្មោះហៅក្រៅរបស់នាង ពី «ស្រីស្រស់» មក «ស្រីនីន» បែបនេះ គឺដោយសារតែមួយរយ:កន្លងទៅ នាងចេះតែឈឺច្រើន និងមានបញ្ហាផ្សេងៗច្រើន ទើបនាងទៅរកគ្រូហោទស្សន៍ទាយ ហើយគ្រូទាយបានប្រាប់ឲ្យនាងប្តូរឈ្មោះ «ស្រីស្រស់ ឬអាស្រស់» នោះចេញ មកហៅថា «ស្រីនីន ឬអានីន» វិញ ទើបនាងបានសម្រេចប្តូរឈ្មោះបែបនេះ ដើម្បីឲ្យខ្សែជីវិតនាង ផ្លាស់ប្តូរជាថ្មី ទៅរកភាពរីកចម្រើន និងសុភមង្គល។

គួរបញ្ជាក់ថា អ្នកនាងយក់ ថិតរដ្ឋា ហៅស្រីនីន និងលោកឃុំ ប៉ុណ្ណាដែត ជាអតីតតារាចម្រៀង និងតារាសម្តែងល្បីឈ្មោះ រួមជំនាន់ជាមួយអ្នកនាងឱក សុគន្ធកញ្ញា ផងដែរ តែមួយរយ:មុននេះ អ្នកទាំងពីរបានងាកចេញពីវិថីសិល្ប: ទៅចាប់ការងារជំនួញអចលនទ្រព្យ លេចមុខលេចមាត់ខ្លាំងគួរសម ស្រាប់តែថ្មីៗកន្លងទៅនេះ ពួកគេបានបានជួបបញ្ហាមួយចំនួន ពាក់ព័ន្ធបញ្ហាដីធ្លីរហូតមានអន្តរាគមន៍ពីអ្នកធំទៀតផង។
សព្វថ្ងៃ ក្រៅពីការងារជំនួញផ្នែកអចលនទ្រព្យ ជាមួយលោកឃុំ ប៉ុណ្ណាដែត ជាស្វាមី អ្នកនាងយក់ ថិត រដ្ឋា បានងាកមកបន្តអាជីពចាស់ ជាអ្នកចម្រៀងផងដែរ ដោយស្វាមីមិនបានរារាំងទេ។
គួរកត់សម្គាល់ដែរថា តាំងពីបានរៀបការ ចាប់ដៃគ្នាសាងជីវិតគ្រួសារមក គូស្វាមីភរិយាតារាចម្រៀងមួយគូនេះ មិនដែលមានទំនាស់រកាំរកូសអ្វីនឹងគ្នាទេ រហូតត្រូវបានអ្នករួមអាជីព និងអ្នកគាំទ្រ ចាត់ទុកពួកគេជាគូស្វាមីភរិយាគំរូទៀតផង។ អាពាហ៍ពិពាហ៍របស់ពួកគេ សព្វថ្ងៃទទួលបានចំណងដៃ កូនប្រុស២នាក់ និងកូនស្រីម្នាក់៕ ខៀវទុំ