ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ ល្បីឈ្មោះ លោកជួង ជី ហៅនាយកុយ បានធ្វើការសុំទោសជាសាធារណៈ ក្រោយបានពីបានសម្តែងនៅក្នុងបទចម្រៀងរបស់ផលិតកម្មមួយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាម។

តារាកំប្លែងល្បីឈ្មោះ នាយកុយ បានសុំទោសចំពោះការសម្តែងដែលខ្លួន និងលោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលបានស្លៀកពាក់បែបអ៊ិស្លាម ហើយរាំនិងសម្តែងបែបឌីជេ ដែលអ្នកដឹកនាំ តម្រូវឱ្យធ្វើ នាំឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនខ្មែរអ៊ិស្លាម។
នាយកុយ បានបញ្ជាក់ថា ខ្លួនមិនមានចេតនាមើលងាយ ឬប៉ះពាល់ណាមួយដល់បងប្អូនខ្មែរកាន់សាសនាអ៊ិស្លាម នោះឡើយ ប៉ុន្តែក្នុងនាមជាអ្នកសម្តែង គឺលោកស្លៀកពាក់និងសម្តែងអ្វីនោះ គឺលោកធ្វើតាមតែអ្នកដឹកនាំប៉ុណ្ណោះ ហើយលោកពិតជាសុំទោសដោយស្មោះអស់ពីចិត្ត និងសោកស្តាយជាពន់ពេក។ ជាមួយគ្នានេះដែរ នាយកុយ ក៏បានបន្ថែមថា ខាងផលិតកម្មបានកាត់ប្លង់ និងកែសម្រួលថ្មីរួចហើយ ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានការសម្តែងបែបនេះជាលើកទីពីរទៀតនោះឡើយ។

លោកជួង ជី ហៅនាយកុយ បានរៀបរាប់ថា “ជាដំបូង ខ្ញុំបាទសូមគោរពចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាពិសេសបងប្អូនសាសនិកខ្មែរអ៊ិស្លាម រយៈពេល ១ថ្ងៃ ២ថ្ងៃនេះ ហាក់មានការផ្ទុះ ដែលខ្ញុំបាទមានរឿងមួយ គឺផ្អែកខាងចម្រៀងកាយវិការ ក្រុមហ៊ុន១នោះ គាត់បានអញ្ជើញខ្ញុំ ហើយនិងនាយក្រឹម ទៅសម្តែង ជាចម្រៀងកាយវិការ គឺមានស្លៀកពាក់អ៊ិស្លាម អ៊ីចឹងក៏ផ្ទុះការរិះគន់ថា ខ្ញុំបានបំផ្លាញសាសនាគាត់។ សូមទោស ខ្ញុំគ្មានបំណងទេ កូនក្មួយ លោកពូ អ្នកមីង នេះជាការផលិតរបស់គេ គេឱ្យពួកខ្ញុំស្លៀកពាក់អ៊ីចឹង ពួកខ្ញុំតែទៅហើយ គេឱ្យស្លៀកពាក់ទៅ គឺខ្ញុំលេងហើយ ជាមួយនិងលោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម អ៊ីចឹងក៏ផ្ទុះមានការរិះគន់។ ការពិតត្រឹមត្រូវ គឺសាសនា មិនអាចយកមកលេងសើចទេ តែខ្ញុំអត់ដឹង ទៅដល់ គេឱ្យធ្វើម៉េច គឺធ្វើអ៊ីចឹងហើយ គេអ្នកហៅយើងទៅ អ៊ីចឹងគឺខ្ញុំសម្តែងពីចិត្តរបស់ខ្ញុំ ទៅកាន់បងប្អូនសាសនិកខ្មែរអ៊ិស្លាម ថាចំពោះរូបខ្ញុំ នាយកុយ មួយនេះ គឺអត់មានបំណង ចេតនា បង្អាប់បន្តុះសាសនាអ៊ិស្លាម នោះទេ គឺអត់ទេ ប៉ុន្តែនេះគឺជាឈុតសម្តែង ដែលមានការប៉ះពាល់»។
នាយកុយ បន្តថា «និយាយទៅ ខ្ញុំអត់ដឹង ទើបខ្ញុំ ២នាក់ ក៏សម្តែងទៅ រឿងនេះ ក្រៅពីផ្ទុះហើយ ខ្ញុំដឹងថា ផលិតកម្មនោះ គេអត់យកមកចាក់ផ្សាយទេ ប៉ុន្តែគេកាត់ចោលប្លង់ហ្នឹងហើយ ប៉ុន្តែអ្វីដែលហួសទៅហើយ ធ្វើម៉េច? ដំរីជើង៤ គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច អ៊ីចឹងគឺថាការខុសគឺតែងកើតមានអ៊ីចឹង ហើយខ្ញុំប្រាប់តាមត្រង់ថា ខ្ញុំស្តាយណាស់ មិនគួរណាពួកខ្ញុំទៅសម្តែងអ៊ីចឹង ប៉ុន្តែពួកខ្ញុំមិនដឹងថាសម្តែងទៅ វាខុសអ៊ីចឹង បើដឹងថាខុសអ៊ីចឹងពួកខ្ញុំមិនអាចទេ។ អ៊ីចឹងខ្ញុំសូមទោសអស់ពីចិត្តតែម្តង ចំពោះបងប្អូនខ្មែរអ៊ិស្លាមទាំងអស់ ទូទាំងប្រទេស និងទាំងក្រៅប្រទេស គឺអត់មានបំណងបន្តុះបង្អាប់ ជាន់ឈ្លីខាងផ្នែកអ៊ិស្លាមអ៊ីចឹងទេ គឺសុំទោស! អ៊ីចឹងរាល់កំហុសឆ្គងដែលពួកខ្ញុំទាំង២នាក់ សម្តែង រាំរបៀបរ៉េប គឺបទចម្រៀងទេ អ៊ីចឹងគេឱ្យធ្វើអ៊ីចឹង ក៏ធ្វើតាមអ៊ីចឹងទៅ។ ប៉ុន្តែឥឡូវនេះ ក្រោយពីផ្ទុះការរិះគន់អ៊ីចឹងហើយ គឺពួកគាត់កំពុងតែពិបាកចិត្តដែរ អ៊ីចឹងគាត់កាត់ចោលហើយ យកអីមកជំនួសផ្សេង ហើយក៏ខ្ញុំសូមជម្រាបតាមត្រង់ គឺខ្ញុំសូមទោសអស់ពីចិត្តតែម្តង ពីខ្ញុំនិងនាយក្រឹម គឺពួកខ្ញុំឃើញអ៊ីចឹង មិនសប្បាយចិត្តទាល់តែសោះ។ ខ្ញុំចង់បញ្ផាក់ថា សាសនាទាំងអស់ រស់នៅក្រោមពន្លឺនៃសន្តិភាព ដែលមានសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល គឺលោកគិតគូរណាស់ សាសនាទាំងអស់ មិនថា សាសនាព្រះពុទ្ធ សាសនាយេស៊ូ សាសនាអ៊ិស្លាម និយាយរួម មិនថាសាសនាអីទេ សំខាន់គឺទូទាំងស្រុកខ្មែរ គឺលោកគិតគូរដល់សាសនាទាំងអស់។ អ៊ីចឹងចំពោះខ្ញុំមួយ ជួង ជី ហៅនាយកុយ នេះ សូមទោសអស់ពីចិត្តតែម្តង គឺអត់មានបំណង ជាន់ពន្លិច ឈ្លីយកសាសនាគេមកលេងតែផ្តេសផ្តាស គឺខ្ញុំអត់ទេ តែចំពោះអ្នកសិល្បៈកាលណាគេហៅទៅ បងប្អូនដឹងស្រាប់ហើយ គេឱ្យសម្តែង ស្លៀកអីក៏ស្លៀកហ្នឹងទៅ តែមិននឹកឃើញថាដល់ប៉ុណ្ណឹង ដល់មានការផ្ទុះឡើងបែបនេះ គឺខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ដេកក៏មិនលក់ទេ យប់មិញ»។
លោកជួង ជី ហៅនាយកុយ បន្តទៀតថា «ខ្ញុំសម្តែង ៤០ជាងឆ្នាំហើយ ខ្ញុំមិនដែលមានខុសលើសលស់ទេ សូម្បីតែថតកម្មវិធីមួយៗ ខុសឆ្គងពាក្យសម្តីកាយវិការត្រង់ណាមិនសមរម្យ ក៏សូមអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ធ្វើម៉េច ចង់ឱ្យតែបងប្អូនសប្បាយ ចង់ឱ្យបងប្អូនមានអារម្មណ៍ថា ក្រោយពីការងារទៅ មកទស្សនាទៅ មានអារម្មណ៍សប្បាយប៉ុណ្ណឹងទេបាទ។ អ៊ីចឹងថ្ងៃនេះ ខ្ញុំសូមជម្រាបថា ខ្ញុំសូមទោសដោយអស់ពីចិត្តខ្ញុំបាទ ពីបងប្អូនសាសនិកអ៊ិស្លាម សូមទោសទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលខ្ញុំ២នាក់នាយក្រឹម បានសម្តែងទៅ មានការខុសឆ្គងលើសលស់ អ្នកសម្តែងដូចខ្ញុំនេះ គឺមិនចង់អ៊ីចឹងទេ មិនចង់ឱ្យខុសតែម្តង ប៉ុន្តែធ្វើម៉េចអ្វីដែលទៅហើយ គឺត្រូវសុំទោស តែក៏សូមអរគុណអ្នកផុសដែរ ដែលគាត់ផុសទៅ ដល់បងប្អូនផ្ទុះមក យើងឆាប់បានកែភ្លាម រិះគន់ដើម្បីស្ថាបនា។ ហេតុនេះ សូមបងប្អូន កូនក្មួយ សាសនិកអ៊ិស្លាម កុំចាប់ទោសអូសដំណើរអី ខ្ញុំនឹងកែប្រែ និងមិនឱ្យមានលើកទី២ទេ…”៕