ខេត្តកែប ៖ សាកសពជនរងគ្រោះ ៣នាក់ម្តាយកូន ដែលបាត់បង់ជីវិតិក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូក ដោយសារជួបគ្រោះខ្យល់សមុទ្របោកបក់ខ្លាំង ខណៈចេញទៅរកងាវសមុទ្រ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចមុខឃ្លងព្រែកសសៀរ ស្ថិតក្នុងភូមិសាស្ត្រក្រុងកែប ខេត្តកែប នោះ ត្រូវបានបូជាក្នុងថ្ងៃតែមួយ ក្រោមក្តីសោកសៅស្រណោះអាល័យពីសំណាក់បុរសជាប្តី និងឪពុកជនរងគ្រោះ។

លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា ដោយមើលឃើញពីស្ថានភាពជីវភាពលំបាករបស់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍លិចទូកស្មាច់នៅខេត្តកែប កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋ មន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប បានសម្រេចជួយសាងសង់ផ្ទះ មួយខ្នង ជូនគ្រួសារខាងលើ ដើម្បីមានទីជម្រកសមរម្យ និងអាចបន្តជីវភាពរស់នៅទៅមុខទៀត។

គួរបញ្ជាក់ថា ក្នុងឧបទ្ទវហេតុខាងលើ គ្រួសារនេះបានបាត់បង់ម្តាយ និងកូនប្រុស ២នាក់ ខណៈបច្ចុប្បន្ន នៅសល់តែឪពុក និងកូនស្រីតូចម្នាក់ទៀត ដែលត្រូវបន្តជីវិតរស់នៅ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ទេព ដូសំណាង មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប បានចាត់តាំងលោកវរសេនីយ៍ទោ សៅ សាវុធ មេបញ្ជាការរង និងមន្ត្រីក្រោមឱវាទ នាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យរបស់លោកឧត្តមសេ នីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស ជូនក្រុមគ្រួសារសព ក្នុងឧបទ្ទវហេតុលិចទូកស្មាច់ ក្នុងសមុទ្រខេត្តកែប នៅគេហដ្ឋានសព ស្ថិតនៅភូមិអូក្រ សារ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប ផងដែរ។

ដោយឡែក លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប កាលពីរសៀលថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពជនរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់លិចទូក បណ្តាលឱ្យបាត់បង់អាយុជីវិតម្តាយ និងកូនប្រុស ចំនួន២នាក់ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយលោកស្រីអនុប្រធានអចិន្ត្រៃ យ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងយុវជនកាកបាទ ក្រហមកម្ពុជា នាំយកថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគ បរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពប្រជានេសាទ ៣នាក់ ជាម្តាយនិងកូនប្រុស២នាក់ ដែលបានបាត់បង់អាយុជីវិត ក្នុងហេតុការណ៍លិចទូកស្មាច់ មួយគ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះផងដែរ។

គួររំលឹកថា កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់មួយបាន កើតឡើងនៅចំណុចមុខឃ្លងព្រែកសសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដោយក្រុមគ្រួសារមួយ មានសមាជិក ៤នាក់ (ប្តីប្រពន្ធ និងកូនតូច២នាក់) បានជិះទូកចេញទៅរកងាវសមុទ្រ ស្រាប់តែជួបគ្រោះខ្យល់សមុទ្របោកបក់ខ្លាំង បណ្តាលឱ្យលិចទូក ធ្វើឱ្យស្ត្រីជាប្រពន្ធ និងកូនប្រុសតូច ២នាក់ បានលិចចូលទឹកសមុទ្រ បាត់ខ្លួន ខណៈបុរសជាប្តី បានហែលឡើងគោក រួចរស់ជីវិតតែម្នាក់ឯង។ លុះព្រឹកស្អែកឡើង ទើបប្រទះឃើញសពប្រពន្ធនិងកូនតូច ២នាក់ អណ្តែតទឹក។

ជនរងគ្រោះ ទាំង៣នាក់ម្តាយកូន ដែលបាត់បង់ជីវិត រួមមាន ទី១-ស្ត្រីជាម្តាយ មានឈ្មោះណាំ ធារី អាយុ៣០ឆ្នាំ មុខរបរនេសាទ។ ទី២-កូនប្រុសឈ្មោះងាប មិនអាយុ១០ឆ្នាំ និងទី៣-កូនប្រុសឈ្មោះងាប រិន អាយុ៧ឆ្នាំ។ ដោយឡែក បុរសជាប្តី និងជាឪពុក មានឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ មុខរបរនេសាទ (រួចរស់ជីវិត)។

ជុំវិញហេតុការណ៍ខាងលើ លោកហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកែប បានដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះទាំង៣នាក់ ដែលបាត់ខ្លួន តាំងពីម៉ោង ១រសៀល រហូតដល់ម៉ោង ១១យប់ថ្ងៃ ដដែល នៅមិនទាន់រកឃើញអ្នកបាត់ខ្លួន។ រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៦ ទើបក្រុមការងារបានរកឃើញសាកសពដែលបាត់ ខ្លួន (ម្តាយនិងកូនតូច២នាក់) ដោយសពជនរងគ្រោះទាំង៣នាក់ បានអណ្តែតមកក្បែរឆ្នេរ ជិតកន្លែងដែលទូកលិចនោះ ហើយសមត្ថកិច្ច បានស្រង់សពឡើងមកលើគោក ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងត្រូវបានបូជាព្រមគ្នា ទាំង៣នាក់ ម្តាយកូន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦៕