ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅលើផ្ទះសុខៗ ស្រាប់តែត្រូវបុរសជាប្តីកំណាច មិនដឹងជាចងកំហឹងមកពីណា បានធ្វើសកម្មភាពសើយមុង ចូលទៅកាប់ប្រហារប្រពន្ធរបស់ខ្លួន ចំនួន៤ពូថៅ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ ចំណែកបុរសជាប្តី បានបោះពូថៅចោល រួចរត់គេចខ្លួនបាត់ភ្លាមៗ។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីកាប់ប្រពន្ធ ៤ពូថៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ។

បុរសជាប្តីកំណាចដែលកាប់ប្រហារប្រពន្ធរបស់ខ្លួនដោយគ្មានញញើតដៃនោះ មានឈ្មោះសោម ផេន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះតង់ សុខ អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធកំពុង ដេកលង់លក់នៅក្នុងមុងលើផ្ទះរបស់ខ្លួនដូចសព្វដង ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ លេចមុខបុរសជាប្តី មិនដឹងជាមានកំហឹងអ្វីមកពីណា ស្រាប់តែកាន់ពូថៅជាប់ដៃ រួចឡើង ទៅសើយមុង ចូលទៅកាប់ប្រហារប្រពន្ធរបស់ខ្លួនទាំងកំរោល ចំនួន៤ពូថៅ ក្នុងនោះ ចំមាត់ខាងស្តាំ ១ពូថៅ ចំដៃខាងឆ្វេង ២ពូថៅ និងកខាងស្តាំ ១ពូថៅ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។
ប្រភពដដែល បន្តថា ក្រោយពីកាប់ប្រហារប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់រួចមក ជនដៃដល់ជាប្តី បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាង (ពូថៅ) នៅលើកាំជណ្តើរផ្ទះ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសាច់ញាតិ កូនចៅ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ពាក់ព័ន្ធទៅនឹងមូលហេតុដែលនាំឱ្យឈានដល់ការកាប់ប្រហារប្រពន្ធ ស្ទើរស្លាប់ស្ទើររស់បែបនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ព្រោះស្ត្រីរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ មិនទាន់អាចនិយាយបាន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនដៃដល់ ដើម្បីឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕