Thursday, June 26, 2025
Homeព័ត៌មានជាតិប្រកាសស៊ីឈ្នួលសម្លាប់មនុស្ស បាញ់លេង ងាប់មែន

ប្រកាសស៊ីឈ្នួលសម្លាប់មនុស្ស បាញ់លេង ងាប់មែន

ភ្នំពេញ ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈការបង្ហោះហ្វេសប៊ុក ដោយផ្តល់សេវាកម្មទទួលស៊ីឈ្នួលសម្លាប់មនុស្ស។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវុធ សុម៉ាណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ។ ការឃាត់ខ្លួនជននេះ បានធ្វើឡើងបន្ទាប់ពីរូបគេបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ឈ្មោះ ម៉ាណា ប្រទេពស៊ីន បានដាក់ Intro ថា “មានទទួលកុម្មង់សម្លាប់មនុស្ស the wing of a devil” និងបានបង្ហោះខ្លឹមសារថា “បាញ់លេងសោះងាប់មែនទែន” និងបង្ហោះលក់ប៊ិកកាំភ្លើងទៀតផង។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការអនុញ្ញាតពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញបានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះវុធ សុម៉ាណា នាំយកមកសាកសួរ និងចាត់ការតាមច្បាប់។

ជនជាប់ចោទ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕

RELATED ARTICLES