Tuesday, August 19, 2025
Homeសន្ដិសុខសង្គមផឹកស៊ីក្លែមសម្តី ដេញកាប់ដល់ក្នុងផ្ទះ

ផឹកស៊ីក្លែមសម្តី ដេញកាប់ដល់ក្នុងផ្ទះ

ខេត្តពោធិ៍សាត់ ៖ បុរស ២នាក់ បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតឈានដល់ផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាងទាញកាំបិតដេញកាប់គូទំនាស់រហូតដល់ក្នុងផ្ទះផែបណ្តែតទឹក

បណ្តាលឱ្យរងរបួសជាច្រើនកាំបិត ស្ទើរស្លាប់ស្ទើររស់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅផ្ទះផែបណ្តែតទឹក បឹងទន្លេសាប ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង។

ជនរងគ្រោះដែលត្រូវគូទំនាស់ដេញកាប់ដល់ក្នុងផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះង្វៀន យ៉ាំងនី អាយុ៣២ឆ្នាំ មុខរបរនេសាទ។ ចំណែកជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ យឿង យ៉ាំងដាម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនេសាទ។ ទាំង២នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្តៀង បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតមានអំពើហិង្សាខាងលើ គេឃើញជនរងគ្រោះ និងជនសង្ស័យ បាននាំគ្នាផឹកស៊ីរហូតស្រវឹងរៀងៗខ្លួន ហើយក៏កើតចេញជាទំនាស់ឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកតែម្តង ហើយក្រោយមក ជនដៃដល់ក៏បានទាញកាំបិតកាប់ទៅលើភាគីទំនាស់ ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។

ចំណែកជនដៃដល់ ក្រោយពេលកើតហេតុភ្លាម ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលរាំងទិល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES