ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា កូនស្រីរបស់ខ្លួនជិះម៉ូតូទៅតាមផ្លូវ នៅពេលព្រឹកព្រលឹម ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម តាមធាក់ប្លន់នៅចំណុចផ្លូវ៤៣០ ក្រោយសាលាពេទ្យ ក្បែរមន្ទីពេទ្យរុស្សី បណ្តាលឱ្យដួលម៉ូតូរងរបួសយ៉ាងធ្ងន់ ប៉ុន្តែត្រូវបានសមត្ថកិច្ចបដិសេធថា ករណីនេះ មិនមែនជាករណីប្លន់នោះទេ ព្រោះតាមការចុះស្រាវជ្រាវរបស់សមត្ថកិច្ច ដល់ទីតាំងកើតហេតុ និងតាមរយៈកាមេរ៉ាសុវត្ថិភាព ទើបដឹងថា តាមពិតជាករណីដួលម៉ូតូដោយខ្លួនឯង ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុក ឈ្មោះ Mak Mak David បានបង្ហោះរូបថតចំនួន ៣សន្លឹក បង្ហាញពីស្ថានភាពនារីវ័យក្មេងម្នាក់ ស្ថិតក្នុងសភាពរងរបួសធ្ងន់ត្រង់បំពង់ក និងមានឈាមប្រឡាក់ពេញខ្លួន ព្រមទាំងភ្ជាប់ជាមួយសំណេររៀបរាប់ថា “បងប្អូនសូមប្រយ័ត្នទាំងអស់គ្នា ផ្លូវ៤៣០ ម្តុំក្រោយពេទ្យរុស្ស៉ី មានក្មេងមួយក្រុម វ៉ៃប្លន់គ្រប់ពេលវេលា ព្រឹកមិញកូនស្រីខ្ញុំ ជិះម៉ូតូទៅបង្រៀនសិស្ស ដូចរាល់ដង ស្រាប់តែមានក្រុមក្មេងមួយក្រុម ជិះម៉ូតូ ២គ្រឿង មិនចាំម៉ាក មិនចាំស្លាកលេខ វាគាបប្លន់កូនស្រីខ្ញុំ វ៉ៃក ធាក់ឱ្យដួល ដើម្បីប្លន់ម៉ូតូ តែមិនបានសម្រេច ម៉ោង ៧ព្រឹកមិញនេះ ជូនពរកូនស្រីម៉ាក់ឆាប់ជា…”។
បន្ទាប់ពីទទួលបានករណីខាងលើនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបបំភ្លឺជុំវិញការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសប៊ុក ឈ្មោះ Mak Mak David សរសេរបង្ហោះព័ត៌មានមិនពិតក្នុងបណ្តាញសង្គម ហ្វេសប៊ុក ថាមានករណីប្លន់ម៉ូតូ នៅចំណុចផ្លូវ៤៣០ ក្រោយសាលាពេទ្យ ក្បែរមន្ទីពេទ្យរុស្សី ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។

បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកខាងលើ ចុះផ្សាយ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធថា មិនមែនជាករណីប្លន់នោះទេ ជាក់ស្តែងជាករណីជិះម៉ូតូដួលដោយខ្លួនឯង។

នៅវេលាម៉ោង ៣រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះស្រាវជ្រាវដល់ទីកន្លែង មើលកាមេរ៉ាសុវត្ថិភាព និងការឆ្លើយបំភ្លឺពីសាក្សីនៅកន្លែងកើតចំនួន ២នាក់ ជាអ្នកលក់ដូរតាមបណ្តោយផ្លូវ៤៣០ គឺពុំមែនជាករណីប្លន់នោះទេ គ្រាន់តែជិះម៉ូតូដួលដោយខ្លួនឯងតែប៉ុណ្ណោះ ហើយពួកគាត់ក៏បានជួយលើក និងបានជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសថែមទៀតផង។

ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កំពុងធ្វើការស្រាវជ្រាវដើម្បីកោះហៅអ្នកសារព័ត៌មាន ក៏ដូចជាបុគ្គលមួយចំនួនដែលបានបំផុសព័ត៌មានមិនពិត បង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ…៕