ភ្នំពេញៈ បុរសម្នាក់បានជិះម៉ូតូ ទាក់ដៃចង្កូតជាមួយនឹងរ៉ឺម៉កកង់បី១គ្រឿង រួចក៏ដួលខ្ទាតចូលក្រោមកង់រថយន្តក្រុង១គ្រឿង កិនបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅក្បែរនឹងទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតតាមបណ្តោយមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនរងគ្រោះដែលត្រូវរថយន្តក្រុងកិនស្លាប់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ ជាង៤០ឆ្នាំ។ ជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AG-8087។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាម បណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ

ស្រាប់តែទាក់ដៃចង្កូតជាមួយកង់បី១គ្រឿង បណ្តាលឱ្យ ដួលទៅនឹងថ្នល់ ហើយភ្លាមនោះ រថយន្តក្រុងមួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ៣៧-៣-០១២៩ ធ្វើដំណើរមកពីក្រោយ កិនចំក្បាល ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែងតែម្តង។

ភ្លាមៗ តៃកុងរថយន្តបង្ក បានបើកទៅមុខបានបន្តិច ក៏បានអែបរថយន្តឈប់ រួចចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងនគរបាលជំនាញ បានចុះអន្តរាគមន៍ ធ្វើការវាស់វែង អូសយកទាំងរថយន្តក្រុងរបស់ សាលារាជធានីភ្នំពេញ និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាល
ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយ។

ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចកំពុងព្យាយាមស្វែងរកទំនាក់ទំនងសាច់ញាតិ ដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យតាម ប្រពៃណី។/
a