Saturday, August 16, 2025
Homeសន្ដិសុខសង្គមឪបង្កើតចាប់រំលោភជាង២ឆ្នាំ ទើបកូនស្រីទម្លាយប្រាប់ម៉ែ

ឪបង្កើតចាប់រំលោភជាង២ឆ្នាំ ទើបកូនស្រីទម្លាយប្រាប់ម៉ែ

ខេត្តឧត្តរមានជ័យ ៖ បុរសល្មោភកាមម្នាក់ ហេតុតែបណ្តោយឱ្យតណ្ហាដឹកមុខ ធ្វើឱ្យបាត់បង់គុណធម៌ ព្រហ្មវិហារធម៌ក្នុងនាមជាឪពុក រហូតដល់បែកគំនិតចាប់រំលោភកូនស្រីបង្កើតខ្លួនឯងដែលទើបនឹងមានអាយុ១០ឆ្នាំ បានសម្រេចជាបន្តបន្ទាប់ អស់រយៈពេល ២ឆ្នាំមកហើយ រហូតដល់កូនស្រីទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងប្រាប់ម្តាយ ប្តឹងសមត្ថកិច្ចឱ្យចាប់អូសកឪពុកល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើកូនស្រីបង្កើតនេះ បានកើតឡើងអស់រយៈពេលជាង ២ឆ្នាំមកហើយ ពោលគឺតាំងពីកូនស្រីទើបនឹងមានវ័យប្រមាណ៨ឆ្នាំមកម៉្លេះ រហូតដល់បច្ចុប្បន្ន ក្មេងស្រីរងគ្រោះ មានអាយុ១០ឆ្នាំ ទើបបែកធ្លាយរឿងរ៉ាវ និងឈានដល់ការចាប់ខ្លួនជនល្មោភ កាមជាឪពុកបង្កើត កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើតខ្លួនង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផល ភា អាយុ៣៣ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ភ.ប.ញ អាយុ១០ឆ្នាំ មុខរបរសិស្ស។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងស្រុកត្រពាំងប្រាសាទ។

លោកហួត សុធី ស្នងការខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ បានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះ វ.ស.វ អាយុ៣៥ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវជាម្តាយជនរងគ្រោះ ដោយប្តឹងថា មានកើតករណី រំលោភសេពសន្ថវៈមកលើកូនស្រីរបស់ខ្លួន ដែលទើបនឹងមានអាយុ ១០ឆ្នាំ តាំងពីអំឡុងឆ្នាំ២០២១ និងអំឡុងខែមីនា ឆ្នាំ២០២២ បានសម្រេចជាច្រើនលើក។

លោកស្នងការ បន្តថា ក្រោយពីទទួលព័ត៌មាន លោកបានចាត់កម្លាំងការិយាល័យជំនាញ សហការជាមួយនគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះផល ភា នាំយកមកសាកសួរភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកូនស្រី បានសម្រេចជាច្រើនដងប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តុលាការបានសម្រេចឃុំខ្លួនជនសង្ស័យខាងលើ  ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជន៕

RELATED ARTICLES