Friday, June 27, 2025
Homeព័ត៌មានជាតិបង្ក្រាបសង្វៀនមាន់ ចាប់បានមាន់ងាប់៣ក្បាល

បង្ក្រាបសង្វៀនមាន់ ចាប់បានមាន់ងាប់៣ក្បាល

ខេត្តត្បូងឃ្មុំ ៖ ក្រុមអ្នកមាន់ល្បែងបញ្ជល់មាន់ ១ក្រុម កំពុងជួបជុំគ្នាជល់មាន់ នៅក្នុងព្រៃ សើចហ៊ោសប្បាយ ក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាប ធ្វើឱ្យម្នាក់ៗភ័យស្លន់ស្លោ ឱបមាន់រត់ចោលម៉ូតូអស់ បន្សល់ទុកមាន់ងាប់ចំនួន ៣ក្បាល ឱ្យសមត្ថកិច្ច។

ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិសាស្ត្រចំណុចព្រៃវាលស្រែ ខាងកើតដីឡូតិ៍ចក្រភពត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ។

លោកវរសេនីយ៍ឯកសាម ហេង អធិការនគរបាលស្រុកត្បូងឃ្មុំប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រោយពីទទួល ដំណឹងថា នៅចំណុចក្នុងព្រៃមួយកន្លែង ក្នុងភូមិសាស្ត្រឃុំជីរោទ៍ទី២ មានក្រុមញៀនល្បែងកំពុងពពាក់ពពូនជល់មាន់ ទើបលោកបានដឹកនាំកម្លាំង សហការជាមួយផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបភ្លាមៗតែម្តង។

លោកអធិការ បន្តថា ពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ក្រុមអ្នកលេងបាននាំគ្នារត់គេចខ្លួនបាត់អស់បន្សល់ទុកនៅវត្ថុតាងរួមមាន ម៉ូតូ ១១គ្រឿង (ចាស់ៗ) មាន់គក ៣ក្បាល (ងាប់) ជញ្ជីងថ្លឹងមាន់១ កន្ត្រកដាក់មាន់៤ ស្បែកជើងមួយចំនួន។ វត្ថុតាងខាងលើ រក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី។

លោកអធិការបញ្ជាក់ថា នៅក្នុងភូមិសាស្ត្ររបស់លោក ក្រុមអ្នកញៀនល្បែង តែងតែណាត់គ្នាលេង ដោយលួចលាក់ ម្តងនៅទីនេះ ម្តងនៅទីនោះ តែពុំមានលក្ខណៈទ្រង់ទ្រាយធំនោះឡើយ៕

RELATED ARTICLES