ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់មួយក្រុម កំពុងតែសប្បាយស្រែកហ៊ោ ភ្លេចខ្លួន ត្រូវសមត្ថកិច្ចចូលដល់ ក្របួចជាប់ ៤នាក់ ក្រៅពីនោះរត់បាតជើងសព្រាតអស់។
ករណីបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងបរិវេណផ្ទះរបស់ឈ្មោះវ៉ែន ថុនា ស្ថិតនៅចំណុចភូមិស្រែថ្នល់ សង្កាត់ច្បារមន ក្រុងច្បារមន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលសេចក្តីរាយការណ៍ថា មានមនុស្សជួបជុំគ្នា លេងល្បែងជល់មាន់ ទើបកម្លាំងជំនាញយុត្តិធម៌ក្រុងច្បារមន រួមជាមួយកម្លាំងប៉ុស្តិ៍កណ្តោលដុំ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបង្ក្រាបទីតាំងល្បែង ស៊ីសងមាន់ជល់មួយកន្លែង នៅក្នុងបរិវេណផ្ទះរបស់ឈ្មោះវ៉ែន ថុនា ស្ថិតនៅចំណុចខាងលើ។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ រួមមាន ៖ ទី១-ឈ្មោះវ៉ែន ថុនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន (ជាម្ចាស់ទីតាំង)។ ទី២-ឈ្មោះរិន សារ៉ុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន។ ទី៣-ឈ្មោះទី ណារ៉ុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន និងទី៤-ឈ្មោះយ៉យ យ៉ាងទីវ ភេទប្រុស អាយុ ៦៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច ដកហូតវត្ថុតាង ម៉ូតូ ចំនួន ១គ្រឿង មាន់ឈ្មោល ចំនួន ៥ក្បាល ជាលក្រុងមាន់ ចំនួន៥ ជញ្ជីង ចំនួន១ និងកន្ត្រកដាក់មាន់ ចំនួន៣។
ករណីខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចាត់ការតាមនីតិវិធី៕
