Thursday, June 26, 2025
Homeព័ត៌មានជាតិទុកសំបុត្រផ្តាំលាប្រពន្ធ លោតទឹកសម្លាប់ខ្លួន

ទុកសំបុត្រផ្តាំលាប្រពន្ធ លោតទឹកសម្លាប់ខ្លួន

ខេត្តកំពង់ចាម ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធ្ងន់ធ្ងរ ដោះស្រាយមិនចេញ ជ្រើសយកវិធីបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹកស្ពានគីហ្សូណា សម្លាប់ខ្លួន ដោយបន្សល់ទុកលិខិតបណ្តាំខ្លីមួយ ផ្តាំលាឪពុកម្តាយ និងប្រពន្ធកូន។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ពានគីហ្សូណា ត្រង់ចន្លោះបង្គោលទី១០ និងទី១១ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

បុរសដែលលោតទឹកសម្លាប់ខ្លួននោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែបើយោងតាមកាតវ៉ាក់សាំងដែលបន្សល់ទុកនៅទីតាំងកើតហេតុ មានឈ្មោះ ខន ធារៈ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីសង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅចំណុចចន្លោះបង្គោលទី១០ និងទី១១។

ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយកម្លាំងនគរបាលគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ពិតជាករណីបន្សល់ទុកមធ្យោបាយម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ពណ៌ទឹក្រូចលាយស ពាក់ស្លាកលេខ កំពង់ចាម 1AA-7187 ដោយមានកូនសោរជាប់នឹងម៉ូតូ និងមួកសុវត្ថិភាព ពណ៌ក្រហម ចំនួន​១ទៀតផង។

ជាមួយនេះ ក៏មានវត្ថុតាងបន្សល់ទុកផងដែរ រួមមាន កាបូបលុយពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០រៀល ប័ណ្ណចាក់វាក់សាំងកូវីដ-១៩ ចំនួន ១សន្លឹក មានឈ្មោះ ខន ធារៈ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ (ជាប់លេខកូដ) ចិញ្ចៀន ១វង់ ខ្សែក ១ខ្សែ ព្រមទាំងលិខិតបណ្តាំ ១សន្លឹកផងដែរ។

យោងតាមសំណេរនៅក្នុងលិខិតដែលបន្សល់ទុកខាងលើ មានខ្លឹមសារទាំងស្រុងថា “ខ្ញុំសុំទោសម៉ែប៉ា ចេញទៅមិនបានលា ខ្ញុំសុំទោសប្រពន្ធកូន ចេញទៅមិនបានលា បញ្ហាគ្រួសារ ធ្វើឱ្យខ្ញុំបាក់ទឹកចិត្ត នឹកប្រពន្ធ នឹកកូន នឹកម៉ែប៉ា…”។

បច្ចុប្បន្នសម្ភារៈខាងលើ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកម្លាំងសមត្ថកិច្ច កំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងកើតហេតុបន្ត ដើម្បីស្វែងរកសពជនរងគ្រោះ៕

RELATED ARTICLES