Friday, June 20, 2025
Homeព័ត៌មានជាតិបំភ្លៃព័ត៌មានលើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ តុលាការឃុំខ្លួនមនុស្ស២នាក់

បំភ្លៃព័ត៌មានលើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ តុលាការឃុំខ្លួនមនុស្ស២នាក់

ភ្នំពេញ ៖ លោកធ្វាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យប្រុសស្រីចំនួននាក់ ដែលបានសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងបង្កចលាចលដល់សន្តិសុខសង្គម ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ-១៩។

ការសម្រេចឃុំខ្លួនជនទាំងពីរនាក់នេះ ធ្វើឡើងក្រោមចោទប្រកាន់ពីបទ “ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

យោងតាមដីការបស់ចៅក្រម ធ្វាំ ប៊ុណ្ណា លេខ១៨១៣ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចបង្គាប់ឱ្យឃុំឈ្មោះធន ច័ន្ទថា មានខ្លឹមសារដូចខាងក្រោម ៖

១-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ធន ច័ន្ទថា ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

២-ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣-ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្ត ឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

ដោយឡែកដីការបស់ចៅក្រម ធ្វាំ ប៊ុណ្ណា លេខ១៨១៤ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចបង្គាប់ឱ្យឃុំឈ្មោះម៉ី សុផន មានខ្លឹមសារដូចខាងក្រោម ៖

១-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះម៉ី សុផន ទៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

២-ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣-ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្ត ឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា ការសម្រេចឃុំខ្លួនជនទាំងពីរខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាន នៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួន មនុស្សពីរនាក់ក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈ កម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះធន ចន្ទ័ថា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី២-ឈ្មោះម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ នាំមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើការសាកសួរតាមនីតិវិធី់។

ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាននូវខ្លឹមសារមានជាអាទិ៍ ទី១-បំភ្លៃព័ត៌មាន ពាក់ពន្ធ័នឹងវ៉ាក់សាំង កូវីដ-១៩ ដែលកាលៈទេសៈកម្ពុជា កំពុងរីករាលដាលជម្ងឺកូវីដ។ ទី២-ធ្វើការញុះញង់ ប្រមូលផ្តុំប្រជាពលរដ្ឋមកធ្វើការតវ៉ាទាមទារ ជ្រកក្រោមលេសសិទ្ធិសេរីភាព ប៉ុន្តែបង្កប់នូវឧបាយកលទុច្ចរិត ដើម្បីបង្កចលាចលដល់សន្តិសុខសង្គម។

ជាក់ស្តែងនៅវេលាម៉ោង២និង៥៣នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះធន ច័ន្ទថា បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឈ្មោះធន ច័ន្ទថា តំណភ្ជាប់លេខ 100045088244399 បានធ្វើការបង្ហោះអត្ថបទមានខ្លឹមសារថា “បើនិយាយឱ្យចំទៅ បើវាកើតមែន ងាប់រាលដាលពេញប្រទេស ហើយមិនចាំបាច់ទៅឆ្ងល់ឡើយ ឥឡូវនេះបែបទប់លែងជាប់អត់មានប្រាក់ខែបើកមន្ត្រីរាជការក៏មិនដឹងផង រកល្បិចគ្រប់វិធី ដើម្បីរកជំនួយពីបរទេសហើយទើបទប់ជាប់”។ ដែលមានអ្នកចូលមើលចំនួន១៧៨ដង។

ដោយឡែក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះម៉ី សុផន បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បង្ហោះជាសាធារណៈ មានខ្លឹមសារថា “កម្ពុជាជាប្រទេសមួយដែលមិនមានការឆ្លងជម្ងឺរលាកផ្លូវដង្ហើម (កូវីដ-១៩) ឬស្លាប់ដោយជម្ងឺនេះគួរឱ្យព្រួយបារម្ភឡើយ។ ហេតុអ្វី បានជារដ្ឋាភិបាលឯកបក្សប្រញាប់ប្រញាល់អំពាវនាវឱ្យប្រជារាស្ត្រខ្មែរ ចាក់វ៉ាក់សាំងរបស់ចិន ដែលមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) យ៉ាងតក់ក្រហល់បែបនេះ?

ក្នុងនាមប្រជាពលរដ្ឋខ្មែរសាមញ្ញម្នាក់ នាងខ្ញុំយល់ឃើញថា ជាហេតុផលនយោបាយច្រើនជាង ក្នុងចេតនាចង់ការពារជម្ងឺឆ្លងនេះជូនប្រជាពលរដ្ឋ។ ដោយហេតុថា ចង់ផ្គាប់ចិត្តចិន ជួយការពារអំណាច និងជួយជ្រោមជ្រែងឱ្យលោកហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីលោកទី១។ ទី២ បង្វែរការចាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិ ចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ នៅ កម្ពុជានាពេលបច្ចុប្បន្ន…”៕

RELATED ARTICLES