Saturday, January 31, 2026
Homeព័ត៌មានជាតិកម្ពុជា ត្រៀមវិធានការបង្ការ ទប់ស្កាត់ជំងឺនីប៉ាស៍

កម្ពុជា ត្រៀមវិធានការបង្ការ ទប់ស្កាត់ជំងឺនីប៉ាស៍

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី ឯ.ក (CAIC) និងមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ ទទួលបន្ទុកជំងឺឆ្លង វិទ្យាស្ថានជាតិសុខាភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រ អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្ត្រីចត្តាឡីស័ក កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការអនុវត្តការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការនិងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អា ស៊ី។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន កម្ពុជា មិនទាន់មានករណីជំងឺនីប៉ាស៍ នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាល មានភារកិច្ចក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យលើអ្នកដំណើរ ត្រូវអនុវត្តតាមនីតិវិធីស្តង់ដារ ក្នុងការ ឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈ នៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនហោះហើរ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ។

ជាជំហានបន្ទាប់ ត្រូវមានលំហាត់សមយុទ្ធត្រៀម ករណីមានសង្ស័យមកដល់ គិតតាំងការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ដែលបានចូលរួម និងត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព “ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក”៕

RELATED ARTICLES