ខេត្តកណ្តាល ៖ បុរសម្នាក់នៅសុខៗក៏បានដើរសំដៅទៅផ្ទះម្តាយក្មេក រួចក៏បានឡើងទៅរើកកាយរបស់របរពេញផ្ទះ ព្រមទាំងបានយកញញួរទៅវាយបំបែកសោហិបដែករបស់ម្តាយក្មេកបំណងរកលុយ បណ្តាលឱ្យខូចខាតអស់ចំនួន២ទៀតផង លុះម្តាយក្មេកទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រសានាំយកទៅចាត់ការតាមច្បាប់។
ករណីធ្វើឱ្យខូចខាតដោយចេតនា (វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក។

ជនរងគ្រោះមានឈ្មោះបេ រី ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ មានលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ត្រូវជាម្តាយក្មេក។ ចំណែកសម្ភារៈខូចខាត រួមមាន ហឹបដែក២។ រីឯវត្ថុតាងចាប់យក មានញញួរផ្លែដែកនិងដងដែក ចំនួន១ ហិបដែកចំនួន២ និងមេសោរចំនួន២។
ដោយឡែក ជនសង្ស័យជាកូនប្រសាដែលត្រូវសមត្ថកច្ចិចាប់ឃាត់ខ្លួន មានឈ្មោះស៊ាង វ៉ាននី ហៅតូច ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះស៊ាង វ៉ាននី បានដើរ មកផ្ទះឈ្មោះបេ រី ត្រូវជាម្តាយក្មេក ហើយជនសង្ស័យបានរុករើរបស់របរនៅលើផ្ទះជនរងគ្រោះ ហើយបន្ទាប់បានចុះពីលើផ្ទះ ហើយបានយកញញួរមកវាយហិបដែកដែលចាក់សោរ ធ្វើឱ្យខូចខាតហិបអស់ចំនួន២ ក្រោយពីវាយហើយ ឈ្មោះស៊ាង វ៉ាននី បានដើរចេញពីផ្ទះរបស់ជនរងគ្រោះទៅផ្ទះរបស់ខ្លួនវិញ។

បន្ទាប់មកជនរងគ្រោះបានតេទូរស័ព្ទប្តឹងមកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុក ហើយ ក្រុមការងារបានរាយការណ៍បន្តជូនលោកវរសេនីឯក អាំ ធូ អធិការនគរបាលស្រុក។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក អាំ ធូ បានបញ្ជាដល់កម្លាំងប៉ុស្តិ៍កំពង់ភ្នំ ឱ្យចុះទៅដល់ទីតាំងកើតហេតុ ខាងលើក៏បានឃើញជនសង្ស័យ ឈ្មោះស៊ាង វ៉ាននី នៅលើផ្ទះរបស់ខ្លួន ក៏បានហៅចុះពីលើផ្ទះ ហើយបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមក កាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕