ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមួយក្រុម បាននាំគ្នាធ្វើសកម្មភាពព័ទ្ធបាំងស័ង្កសី ដើម្បីជីកកំណប់នៅចំណុចដើមពោធិ៍កន្លែង ជាប់ផ្លូវជាតិលេខ៥៦ និងសាលាបឋមសិក្សាកកោះ ភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ទីបំផុតត្រូវសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាប និងឃាត់ឱ្យបញ្ឈប់សកម្មភាព។

លោកស៊ុត ង៉ុយ អភិបាលរងស្រុកស្វាយចេក បានឱ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ថា បន្ទាប់ពីទទួលព័ត៌មានពីសកម្មភាពលួចជីកកំណប់នៅត្រង់ចំណុចខាងលើ និងបានបទបញ្ជាពីលោកអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការ កងឯកភាពស្រុក និងបញ្ជាលោកអ៊ុំ រាត្រី ប្រធានគណៈបញ្ជាការកងឯកភាពខេត្ត និងជាអភិបាលខេត្តបន្ទាយមានជ័យ ផងនោះ នៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងពាក់ព័ន្ធ បានចុះទៅពិនិត្យទីតាំងការធ្វើរបងព័ទ្ធនៅក្នុងព្រំដីបរិវេណសាលាបឋមសិក្សាកកោះ ត្រង់ដើមពោធិ៍ ក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក។

លោកបានបន្តថា ការពិនិត្យជាក់ស្តែង ឃើញថា ត្រង់ចំណុចដីនោះមាន ១- តូបលក់កាហ្វេ១ខ្នង បានរុះរើ មានជីករណ្តៅដី ទំហំ ១,៥ម៉ែត្រគុណនឹង២ម៉ែត្រ។ ២- ធ្វើរបងស័ង្កសី ប្រវែង៣,៦ម៉ែត្រគុណនឹង៦៥ម៉ែត្រ និង៣- តាមការបំភ្លឺរបស់ឈ្មោះ ព សុផល ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម តំណាងឱ្យក្រុមជាងដែលទទួលការសាងសង់របងខាងលើ បាននិយាយថា គាត់ជាជាងស៊ីឈ្នួលមកធ្វើការឱ្យគេ ក្នុងម្នាក់ទទួលកម្រៃ៤ម៉ឺនរៀល ក្នុង១ថ្ងៃ។

ចំណែកការបំភ្លឺរបស់ឈ្មោះ វ៉ាន់ធី សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់តូប បានឱ្យដឹងថា រណ្តៅដីបាតតូបកាហ្វេ ទំហំ១,៥ម៉ែត្រគុណនឹង២ម៉ែត្រ គាត់ជាអ្នកជីកខ្លួនឯងទេ មិនមែនក្រុមជាងឡើយ គឺជីករកកំណប់ តាមការចង្អុលបង្ហាញរបស់គ្រូទាយ ដោយគ្មានអ្នកណាបញ្ជាទេ។

លោកស៊ុត ង៉ុយ បានបន្តថា ក្រុមការងារ បានចុះធ្វើការហាមឃាត់ និងបញ្ឈប់រាល់សកម្មភាពដែលធ្វើនៅកន្លែងនោះ ក៏ដូចជារុះរើរបងចេញឱ្យអស់ និងផ្តិតមេដៃលើកំណត់ហេតុសាកសួរបំភ្លឺ។

ប៉ុន្តែបើយោងតាមប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់ថា ការជីកកំណប់នេះ បើយោងការស្រាវជ្រាវឃើញកំណប់មាស និងរបស់មានតម្លៃ បានកប់ កាលពីសម័យប៉ុល ពត ដោយមានអតីតប្រធានសហករណ៍ស្លក្រាម ស្រុកថ្មពួក តំបន់៣ ភូមិភាគពាយ័ព្យ ដែលលោកបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ឥឡូវចូលនិវត្តន៍ បានវិលមករស់នៅឯខេត្តប៉ៃលិន។

អតីតប្រធានសហករណ៍នោះ បានទាក់ទងនឹងអភិបាលរងខេត្តបន្ទាយមានជ័យ ម្នាក់ ដើម្បីបានស្គាល់ទីតាំង ហើយសម្រួលជាមួយម្ចាស់ដីតូបកាហ្វេ ជាប់សាលារៀនខាងលើ ដើម្បីរៀបចំវិធីសាស្ត្រ ដូចខាងលើ រួចជីករកកំណប់។ ទោះយ៉ាងណា ក្តីស្រមៃនោះ មិនទាន់បានផលអ្វីនៅឡើយ៕