Friday, June 20, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចចុះបិទភ្លាមៗ ក្រោយម្ចាស់ខារ៉ាអូខេមួយនេះ លួចលាក់ទទួលភ្ញៀវ

សមត្ថកិច្ចចុះបិទភ្លាមៗ ក្រោយម្ចាស់ខារ៉ាអូខេមួយនេះ លួចលាក់ទទួលភ្ញៀវ

ខេត្តកណ្តាល ៖ អាជ្ញាធរនិងសមត្ថកិច្ចស្រុកស្អាង ខេត្តកណ្តាល បានសម្រេចចុះបិទទីតាំងហាងខារ៉ាអូខេមួយកន្លែង ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំង បុគ្គលិក និងភ្ញៀវចូលច្រៀងសរុប៧នាក់ នាំយកទៅសាកសួរ ខណៈដែលហាងខារ៉ាអូខេនេះ បានលួចលាក់បើកទទួលភ្ញៀវ ចូលច្រៀងទាំងថ្ងៃ បំពាននឹងបម្រាមរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ហាងខារ៉ាអូខេ សំឡេងមាស ៩៩៩ ស្ថិតនៅភូមិស្អាងស្រែ ឃុំស្អាងភ្នំ ស្រុកស្អាង។

សូមបញ្ជាក់ថា ការចុះបង្ក្រាបទីតាំងខាងលើនេះ អាជ្ញាធរស្រុកស្អាង បានសម្រេចដកអាជ្ញាប័ណ្ណ និងបិទហាងខារ៉ាអូខេសំឡេងមាស ៩៩៩ នេះតែម្តង ខណៈដែលហ៊ានផ្គើនការណែនាំរបស់រាជរដ្ឋាភិបាល លួចបើកទាំងថ្ងៃ ទាំងយប់ ប្រមូលផ្តុំមនុស្សច្រើន ខណៈជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍ និងត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានទប់ស្កាត់នោះ។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ថា ហាងខារ៉ាអូខេ សំឡេងមាស ៩៩៩ ត្រូវបានបិទហើយ ដោយមានបទបញ្ជាពីលោកស្នងការ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បញ្ជាឱ្យដកអាជ្ញាប័ណ្ណ។

លោកអធិការ បន្តថា ថៅកែហាងខារ៉ាអូខេ យីហោ សំឡេងមាស ៩៩៩ មានឈ្មោះប៊ុន ធី ហៅតាប៊ុន ស្ថិតនៅភូមិស្អាងស្រែ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយបញ្ចប់ការសាកសួរ មនុស្សទាំង ៧នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ឲ្យអនុវត្តវិធានការច្បាប់បន្ថែម ចំពោះបុគ្គលនិងទីតាំងដែលមិនសហការអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។

វិធានការរឹតបន្ដឹងបន្ថែមទាំងនោះ រួមមាន ៖
១- ចំពោះជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលកម្ពុជា សាជាថ្មី។
២- ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។
៣-  ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង៕

RELATED ARTICLES