Saturday, June 21, 2025
Homeព័ត៌មានជាតិផ្អាកបានផ្អាកសិនទៅ... អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យរោងការ ខណៈភ្ញៀវមកចួលរួមបណ្តើរៗ

ផ្អាកបានផ្អាកសិនទៅ… អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យរោងការ ខណៈភ្ញៀវមកចួលរួមបណ្តើរៗ

ខេត្តកណ្តាល ៖ ម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយអាជ្ញាធរឃុំ និងប្រធានមណ្ឌលសុខភាពឃុំ ឈើទាល បានចុះដល់រោងការមួយកន្លែង កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពិនិត្យ និងណែនាំឱ្យ មានការការពារ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩។

អាជ្ញាធរសមត្ថកិច្ចឃុំឈើទាល បានធ្វើការផ្សព្វផ្សាយ និងណែនាំដល់បងប្អូន ជាម្ចាស់កម្មវិធី ឱ្យយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធបញ្ហាជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាល ពិសេសក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ នៅភ្នំពេញ ខេត្តកណ្តាល និងនៅខេត្តព្រះសីហនុ នាពេលនេះ។

អាជ្ញាធរសមត្ថកិច្ចឃុំឈើទាល ស្រុកកៀនស្វាយ បានស្នើឱ្យពន្យារពេលកម្មវិធីជួបជុំ រៀបការ ឬពិធីបុណ្យផ្សេងៗ មួយរយៈសិន ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមបង្ការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ បើមិនអាចផ្អាក ឬពន្យារពេលបាន ក៏សូមឱ្យមានអ្នកចូលរួមតិច និងអនុវត្តវិធានសុខាភិបាលឱ្យបានហ្មត់ចត់ ដើម្បីការពារកុំឱ្យឆ្លងកូវីដ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចេញលិខិត ស្តីពី ការពន្យារពេល ឬកាត់បន្ថយអ្នកចូលរួមឱ្យមានចំនួនតិច ចំពោះការរៀបចំពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗ ក្នុងភុមិសាស្ត្រខេត្តកណ្តាល។

ក្នុងលិខិតជូនអភិបាលក្រុងស្រុក ក្នុងទឹកដីខេត្តកណ្តាល ត្រូវបានលោកអភិបាលខេត្ត គង់ សោភ័ណ្ឌ លើកឡើងថា យោងស្ថានភាព ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានការឆ្លងរីករាលដាលខ្លាំង ដែលចាំបាច់ក្នុងការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ចំពោះ ការរៀបចំ និងការចូលរួមកម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន រដ្ឋបាលខេត្ត សូមស្នើរដ្ឋបាលក្រុង ស្រុកគ្រប់ស្រុក អនុវត្តនូវការងារចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ដូចខាងក្រោម ៖ ១-សម្របសម្រួលពន្យារពេលការរៀបចំពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន។ ២-កាត់បន្ថយអ្នកចូលរួមកម្មវិធីឱ្យនៅចំនួនតិច និងត្រូវអនុវត្តតាមវិធានការណ៍ណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕

RELATED ARTICLES