Saturday, June 21, 2025
Homeព័ត៌មានជាតិពេលសមត្ថកិច្ចឃាត់ខ្លួន គាត់សើចមិនសមសោះ... មិនគួរធ្វើបែបនេះឡើយ

ពេលសមត្ថកិច្ចឃាត់ខ្លួន គាត់សើចមិនសមសោះ… មិនគួរធ្វើបែបនេះឡើយ

ខេត្តកណ្តាល ៖ បុរសជើងខ្លាំងម្នាក់ ក្រោយពេលផឹកស្រវឹងជោក ស្រាប់តែកាន់ដាវចូលទៅស្រែកឡូឡា រករឿងទាំងភ្ញៀវនិងម្ចាស់ហាងកាហ្វេមួយកន្លែង ព្រមទាំងទាញដាវកាប់បំផ្លាញរបស់របរនៅក្នុងហាង បណ្តាលឱ្យខូចខាតអស់មួយចំនួន ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រលប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចហាងកាហ្វេ ភូមិព្រែករាំង១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ បន្ទាប់ពីធ្វើសកម្មភាពរួច។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះហេង វុត្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ មានលំនៅក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ចំណែកឯជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកែវ សិរីបុត្ររតនៈ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។

របាយការណ៍បន្តថា ការធ្វើសកម្មភាពកាប់ដ៏សាហាវឃោឃៅនេះ បណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន រួមមាន កុំព្យូទ័រ១គ្រឿង និងកែវមួយចំនួន។

សមត្ថកិច្ច បានបន្តថា នៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះ កំពុងតែឈរឆុងកាហ្វេឱ្យភ្ញៀវ ពេលនោះស្រាប់តែជនសង្ស័យក្នុងស្ថានភាពស្រវឹងស្រា បានជិះម៉ូតូមកឈប់មុខហាង រួចដើរចូលទៅក្នុងហាងកាហ្វេ ដោយកាន់ដាវ១ដើម ស្រែកឡូឡាដាក់ភ្ញៀវ និងម្ចាស់ហាង (ជនរងគ្រោះ) ហើយក៏បានយកដាវកាប់កែវ និងកុំព្យូទ័រ បណ្តាលឱ្យខូចខាត រួចហើយជិះម៉ូតូគេចខ្លួនបាត់ទៅ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។

ក្នុងសកម្មភាពនៃបទល្មើសនេះដែរ គឺមានបុរសម្នាក់ទៀត ជាអ្នកផ្តើមគំនិតឱ្យប្រព្រឹត្តបទល្មើសនេះ ប៉ុន្តែរូបគេមិនបានធ្វីសកម្មភាពជាមួយជនសង្ស័យទេ ហើយសមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជននោះបាននៅឡើយ៕

RELATED ARTICLES