ភ្នំពេញ ៖ អតីតមេឈ្មួញឈើដ៏ល្បីឈ្មោះ នៅស្រុកស្នួល ខេត្តក្រចេះ គឺឧកញ៉ា គង់ ក្រឹង ត្រូវបានតុលាការខេត្តក្រចេះ សម្រេចដោះលែងឱ្យមានសេរីភាពវិញហើយ តាំងពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

សូមបញ្ជាក់ថា លោកឧកញ៉ា គង់ ក្រឹង និងកូនប្រសា ឈ្មោះម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសាកសួរពាក់ព័ន្ធនិងបទល្មើសព្រៃឈើ នៅបញ្ជាការ ដ្ឋានអាវុធហត្ថខេត្តក្រចេះ។

លុះដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោកម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា គង់ ក្រឹង ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទ “ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងនាំចេញផលអនុផលព្រៃឈើ ដោយគ្មានអាជ្ញាប័ណ្ណ ប្រព្រឹត្តទៅនៅភូមិច្រាបថ្មី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៩៨ កថាខណ្ឌ២ ចំណុច១ និងចំណុច៧ ច្បាប់ស្តីពីព្រៃឈើ»។
ការឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសា នៅពេលនោះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីនីតិវិធីពីតំណាងអយ្យការ នៃសាលាដំបូងខេត្ត ជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នគរបាលជាតិ ជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថាន។

ទោះជាយ៉ាងណា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់តែឧកញ៉ា គង់ ក្រឹង ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជននិងមជ្ឈដ្ឋានទូទៅលើកឡើងថា អតីតមេឈ្មួញឈើដុះស្លែរូបនេះ ជាប់ឃុំរយៈពេលខ្លីពេក។

ជុំវិញករណីខាងលើនេះ “នគរធំ» មិនទាន់អាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ បានទេកាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕