Saturday, June 21, 2025
Homeព័ត៌មានជាតិតាំងទីស្នាក់ការលក់ផ្ទះល្វែង ទុស្សេខ្សែភ្លើង ឆេះផ្អើលទាំងយប់

តាំងទីស្នាក់ការលក់ផ្ទះល្វែង ទុស្សេខ្សែភ្លើង ឆេះផ្អើលទាំងយប់

ខេត្តព្រៃវែង ៖ ទីស្នាក់ការលក់ផ្ទះល្វែងមួយកន្លែង ត្រូវបានអគភ្គិ័យឆាបឆេះបណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង បន្ទាប់ពីមានការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចទីស្នាក់ការលក់ផ្ទះល្វែងតាមដងផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។

ស្នាក់ការលក់ផ្ទះល្វែងដែលទទួលរងការឆាបឆេះខាងលើនេះ សង់អំពីដែកស័ង្កសីទំហំ ៦ម៉ែត្រគុណនឹង៣,៥ម៉ែត្រ ខូចខាតស្ទើរទាំងស្រុង (ប្រហែល៨០ភាគរយ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលប្រជាពលរដ្ឋកំពុងចូលដំណេកលង់លក់អស់ទៅហើយ ស្រាប់តែលាន់លឺសម្រែកឆោឡោថា ភ្លើងឆេះៗ លុះនាំគ្នាចេញទៅមើល ក៏ប្រទះឃើញទីស្នាក់ការលក់ផ្ទះល្វែងខាងលើកំពុងមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ និងបានជួយគ្នាពន្លត់ភ្លាមៗដែរ តែមិនឈ្នះ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្តង។

ភ្លាមៗនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ បានមកដល់ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង មកជួយ បាញ់ទឹកពន្លត់រហូតដល់ភ្លើងបានរលត់ទៅវិញអស់ទាំងស្រុង។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ហេតុការណ៍អគ្គិភ័យនេះ បង្កឡើងដោយមូលហេតុ ការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ហើយករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសឬស្លាប់ឡើយ ប៉ុន្តែនៅមិនទាន់អាចបូកសរុបពីទំហំនៃការខូចខាតបាននៅឡើយ៕

RELATED ARTICLES